វឌ្ឍនៈ រៀបចំ​ព្រឹត្តិការណ៍ កីឡា​វាយកូនហ្គោល​អន្តរជាតិធំ​លើក​ដំបូង​ ​ប្រជុំ​ដោយ​កីឡាករ​ឆ្នើម​ៗ​ក្នុង​លោក ផ្សាយ​ទូទាំង​ពិភពលោក

វឌ្ឍនៈ ហ្គោល រីហ្សត ដែល​ជា​​ទី​លាន​កីឡាវាយកូន​ហ្គោល​ស្តង់ដា​អន្តរជាតិធំ​បំផុត​នៅ​កម្ពុជា​ នឹង​រៀបចំ​ព្រឹត្តិការណ៍​ប្រកួតកីឡា​វាយកូន​ហ្គោល​អន្តរជាតិ«ជើង​ឯក​វឌ្ឍនៈឡេជិន»​ដែល​ប្រជុំ​ដោយ​​វីរបុរស​​កីឡាករ​វាយ​កូន​ហ្គោល​ លំដាប់​ពិភព​លោក​ឆ្នើម​ៗ​មក​ចូល​រួម​ប្រកួត​នៅ​ប្រទេស​កម្ពុជា និង​មាន​ការ​ផ្សាយ​​តាមប្រព័ន្ធ​ផ្សព្វផ្សាយ​កីឡា​​ល្បី​ៗ​ទូទាំងពិភព​លោក។

កាល​ពី​​​រសៀល​ថ្ងៃ​សុក្រ ទី១៧ ខែ​តុលា ឆ្នាំ ២០២៥ អ្នក​ឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយក​ក្រុម​ហ៊ុន វឌ្ឍនៈ និង​ក្រុម​ការងារ​បាន​ធ្វើ​បទ​បង្ហាញ​ពី​គម្រោង​រៀប​ចំ​ព្រឹត្តិការណ៍​ប្រកួត​ដ៏​អស្ចារ្យ​មិន​ធ្លាប់​មាន​នៅ​ប្រទេស​កម្ពុជា​ដែល​រួម​ចំណែក​ដ៏​សំខាន់​​ក្នុង​ការ​ជំរុញ​កីឡា​វាយកូន​ហ្គោល​កម្ពុជា និង​សក្កានុពល​នៃ​ទី​ប្រទេស​កម្ពុជា ជា​ពិសេស​វិស័យ​ទេសចរណ៍​ទៅ​កាន់​ពិភព​លោក។

អ្នក​ឧកញ៉ា សំអាង វឌ្ឍនៈ មាន​ប្រសាសន៍​ថា ៖«កម្ពុជា​គឺ​ជា​បរទេស​ដែល​​ឲ្យ​តម្លៃ​ទៅ​លើ​សន្តិភាព និង​មិត្តភាព។ យើង​ស្វាគមន៍​អ្នក​រាល់​គ្នា​ដោយ​ក្តី​សោមនស្ស​រីក​រាយ​បំផុត ហើយ​កម្ពុជា​មិន​មែន​ត្រឹម​តែ​ជា​គោល​ដៅ​សម្រាប់​កីឡា និង​ទេសចរណ៍​​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​កម្ពុជា​ជា​ទី​កន្លែង​​ដែល​ត​ភ្ជាប់​វប្បធម៌ រួប​រួម​សហគមន៍ និង​ផ្តល់​ឲ្យ​គ្រប់​គ្នា​មក​ពី​​គ្រប់​ជាតិ​សាសន៍​មាន​អារម្មណ៍ដូច​ជា​ផ្ទះ​»។

ជើង​ឯកវឌ្ឍនៈឡេជិន​ នឹង​រៀបចំ​នៅ​លើ​ទី​លានកីឡា​វាយកូន​ហ្គោល វឌ្ឍនៈ ហ្គោល រីហ្សត ចាប់​ពី​ថ្ងៃ​ទី​១៧ ដល់ ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ ២០២៥។

  • ថ្ងៃចន្ទ អង្គារ៍ ពុធ៖ ការ​អញ្ជើញ​មក​ដល់ និង​ការ​ហ្វឹក​ហាត់​របស់​កីឡាករ
  • ថ្ងៃ​ព្រហស្បតិ៍៖ ការ​ប្រកួត​ប្រូ-អែម ផ្លូវ​ការ​រវាង​ភ្ញៀវ និង​កីឡាករ​អាជីព
  • ថ្ងៃ​សុក្រ៖ ការ​ប្រកួត​ជុំ​ទី១ (សម្រាប់​តែ​កីឡាករ​អាជីព)
  • ថ្ងៃ​សៅរ៍៖ ការ​ប្រកួត​ជុំ​ទី​២ (សម្រាប់​តែ​កីឡាករ​អាជីព)
  • ថ្ងៃអាទិត្យ៖ ការ​ប្រកួត​ជុំ​ផ្តាច់​ព្រ័ត្រ (សម្រាប់​តែ​កីឡាករ​អាជីព)

ការ​ប្រកួត​វាយ​ចំនួន ៥៤ ហូ ប្រភេទ ស្ត្រូក ផ្លេយ ព្រមទាំង​កម្មវិធី ប្រូ-អែម (អាជីព​លេង​ជា​មួយ​អ្នក​ចូលចិត្ត)។

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top