(បរទេស)៖ ត្រឹមតែរយៈពេល ៣៩ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក Ange Postecoglou ត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅនៃក្លឹប Nottingham Forest ដែលបានឈានមកដល់ផ្លូវបំបែកវិញនោះ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
បុរសវ័យ ៦០ឆ្នាំ សញ្ជាតិអូស្រ្តាលីរូបនេះ បានក្លាយជាអ្នកចាត់ការដំបូងគេ ដែលមានរយៈពេលកាន់តំណែងនៅក្របខណ្ឌ Premier League ខ្លីជាងគេ តិចជាងលោក Alex McLeish ដែលបានដឹកនាំ ៤០ថ្ងៃដែរ។
ការបរាជ័យ ៣ទល់នឹង០ ក្រោមថ្វីជើងរបស់តោខៀវ Chelsea កាលពីរាត្រីថ្ងៃសៅរ៍ នាំឱ្យម្ចាស់ក្លឹប Forest លោក Evangelos Marinakis បានចាកចេញពីកន្លែងទស្សនាដ៏លឿនបំផុត មុនពេលប្រកាសដកលោក Postecoglou ចេញពីតំណែង ក្រោយការដឹកនាំ ៨ប្រកួតចុងក្រោយមិនឈ្នះសោះ។
ក្តីរំពឹងរបស់ពួកគេចំពោះគ្រូបង្វឹកដែលធ្លាប់ដឹកនាំ Spurs ដណ្តើមបានជើងឯក UEFA Europa League រដូវកាលមុន តាមរយៈផ្តល់សេចក្តីទុកចិត្តតែងតាំងដឹកនាំ Forest នាថ្ងៃទី០៩ ខែកញ្ញា ជំនួសកៅអីគ្រូបង្វឹក Nuno Espirito សញ្ជាតិព័រទុយហ្គាល់នោះ ត្រូវបានរលាយ ក្នុងការព្យាយាមឈ្នះពានធំជាលើកដំបូង គិតចាប់តាំងពីឆ្នាំ១៩៩០៕
ប្រភព៖ FRESHNEWS



