ផុក ដានីញែល ជួយកម្ពុជាបង្កើតកំណត់ត្រាឈ្នះមេដាយលើកដំបូងនៅកីឡាយុវជនអាស៊ី

កីឡាករ ផុក ដានីញ៉ែល ជាកីឡាករកម្ពុជាដំបូងគេ ដែលទទួលបានមេដាយសំរិទ្ធកីឡាបញ្ចស៊ីឡាត់ ពីការប្រកួតជើងឯកយុវជនអាស៊ី ឆ្នាំ ២០២៥ នៅប្រទេសបារ៉ែន។ ដានីញ៉ែល ដែលចាញ់កីឡាករឥណ្ឌូណេស៊ី Habbil Furgon Winata វិញ្ញាសាបុរស អះអាងថាខ្លួនទើបហាត់កីឡានេះរយៈពេល ៣ខែប៉ុណ្ណោះ។

ចាប់តាំងពីបង្កើតព្រឹត្តិការណ៍កីឡាយុវជនអាស៊ីពីដំបូងឆ្នាំ ២០០៩ ដែលសិង្ហបុរីធ្វើម្ចាស់ផ្ទះ និងលើកទី២ នៅចិន ឆ្នាំ ២០១៣ មានតែលើកទី៣ នៅឆ្នាំ ២០២៥ នេះ ដែលអត្តពលិកកម្ពុជា បានបង្កើតកំណត់ត្រាដណ្តើមបានមេដាយលើកដំបូងរបស់ខ្លួន។  

កីឡាករ ផុក ដានីញ៉ែល នៅថ្ងៃទី២០ ខែតុលា បានខកខានឡើងដល់វគ្គផ្តាច់ព្រ័ត្រកីឡាបញ្ចស៊ីឡាត់ ប្រភេទទម្ងន់៥៥គីឡូក្រាម បន្ទាប់ពីរងបរាជ័យក្រោមដៃកីឡាករ Habbil Furgon Winata នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ចាញ់កីឡាករឥណ្ឌូណេស៊ី ដែលជាប្រទេសម្ចាស់ក្បាច់គុនបញ្ចស៊ីឡាត់ ដានីញ៉ែល ទទួលបានមេដាយសំរឹទ្ធ។ មេដាយមាស បានទៅកីឡាករឥណ្ឌូណេស៊ី និងប្រាក់បានទៅម្ចាស់ផ្ទះបារ៉ែន។

ដណ្តើមបានមេដាយលើកដំបូងឱ្យកម្ពុជា ក្នុងព្រឹត្តិការណ៍យុវជនអាស៊ី ដានីញ៉ែល បានបង្ហាញក្តីរីករាយ ប៉ុន្តែរូបគេក៏សោកស្តាយផងដែរដ្បិតនេះជាកីឡាករថ្មីសម្រាប់ខ្លួន។ កីឡាករដែលមានគ្រឹះក្បាច់គុនល្បុក្កតោរូបនេះ ទើបហ្វឹកហាត់កីឡបញ្ចស៊ីឡាត់បានរយៈពេល៣ខែប៉ុណ្ណោះ មុនទៅចូលរួមនៅបារ៉ែន។

សម្រាប់មេដាយក្នុងព្រឹត្តិការណ៍អន្តរជាតិកម្រិតយុវជន មេដាយសំរឹទ្ធរបស់ ដានីញ៉ែល ជាមេដាយទីពីររបស់កម្ពុជា បន្ទាប់ពីកីឡាការិនី សំ សុធា​ បាន​ទទួល​មេដាយ​សំរិទ្ធ​នៅ​ក្នុង​ការ​ប្រកួត​វិញ្ញាសា​កីឡា​យូដូ​នៅក្នុង​ក្រប​ខណ្ឌ​នៃ​ការ​ប្រកួត​ថ្នាក់​​ពិភពលោក​កីឡា​អូឡាពិក​យុវជន ឆ្នាំ ២០១០ ដែល​​រៀបចំ​ជា​លើក​ទី​១​ នៅ​សិង្ហបុរី។ កីឡាការិនី​ សំ សុធា​ ដែលកាលនោះមានវ័យ ​១៥​ឆ្នាំ ​បាន​​ឈ្នះ​គូ​ប្រកួត​មក​ពី​ប្រទេស​ប៊ុលហ្ការី។ នេះបើតាមការបញ្ជាក់របស់លោក​ ញ៉ាន សុខវិសាល នាយបេសកកម្មរបស់​កម្ពុជា​​។

កីឡាយុវជនអាស៊ីលលើកទី៣ នៅបារ៉ែន​ ដែលរៀបចំឡើងដោយក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) មានប្រទេសសមាជិក ៤៥ ចូលរួម។ កម្ពុជា បានបញ្ជូន ប្រតិភូ កីឡាចំនួន ១៥៧រូប ក្នុងនោះរួមមានកីឡាករកីឡាការិនី ៥២រូប គ្រូបង្វឹក ២១រូប នមន្ត្រីដឹកនាំកីឡា ៤០រូប និងក្រុមសិល្បៈកីឡា ៤៥រូប ។ បញ្ជូនសមាសភាពទៅច្រើន ដោយសារកម្ពុជា មានការរៀបចំការសម្តែងសិល្បៈនៅក្នុងពិធីបិទ ដើម្បីទទួលទង់កីឡាយុវជនអាស៊ី បន្តធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ ២០២៩។

កីឡា ចំនួន ១៤ប្រភេទ លើ ៧១វិញ្ញាសា ដែលកម្ពុជាចូលរួមដណ្តើមមេដាយ រួមមាន៖ អត្តពលកម្ម, ហែលទឹក, វាយសី, បាល់បោះ, ជឺជីតស៊ូ, យូដូ, ប្រដាល់, យុទ្ធគុនចម្រុះ, តេក្វាន់ដូ-WT, វាយកូនឃ្លីលើតុ, លើកទម្ងន់, បាល់ទាត់លើតុ (Teqball), បញ្ចស៊ីឡាត់ និងកីឡាចំបាប់៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top