ខ្សែការពារស្លាបឆ្វេងរបស់ក្រុមអ្នកមានបុណ្យ FC Barcelona កីឡាករ Alejandro Balde បានបង្ហាញក្តីជឿជាក់ខ្ពស់លើក្រុមរបស់ខ្លួនដែល នឹងបំបាក់ក្រុមអធិរាជស Real Madrid ក្នុងជំនួប Clasico លើកដំបូងនៅរដូវកាល ២០២៥-២០២៦ នាថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០២៥។
មុនជំនួបដ៏កក្រើកប្រចាំពិភពលោក រវាងក្រុមយក្ស Real Madrid និង Barcelona មកដល់ Balde បាននិយាយដោយទំនុកចិត្ត ថា៖ «ខ្ញុំមានអារម្មណ៍ល្អខ្លាំងណាស់អំពីជំនួប El Clasico។ ខ្ញុំសង្ឃឹមថា ពួកយើងនឹងបំបាក់ពួកគេម្តងទៀតនៅផ្ទះរបស់ពួកគេ»។
តាមការលើកឡើងខាងលើ ខ្សែការពារសញ្ជាតិ អេស្ប៉ាញ វ័យ ២២ ឆ្នាំហាក់មានក្តីរំពឹងខ្ពស់ជាខ្លាំងលើក្រុមរបស់គេ នឹងអាចបំបាក់ Real Madrid មិនឱ្យតដៃរួចជាថ្មីនៅរដូវកាលនេះ។ មូលហេតុធំ ដែលនាំឱ្យ Balde មានទំនុកចិត្តបែបនេះ ដោយសារតែ កាលពីរដូវកាលមុន Barcelona បានយកឈ្នះលើក្រុម អធិរាជស គ្រប់ការប្រកួតទាំងអស់ សម្រាប់ការជួបគ្នាទាំង ៤ លើកគ្រប់កម្មវិធី។
ទោះបីជាយ៉ាងណា នៅរដូវកាលថ្មីនេះ ក្រុម Real Madrid កំពុងធ្វើបានល្អជាង Barcelona បន្តិចនៅក្របខណ្ឌ La Liga ដោយឆ្លងកាត់ ៩ ប្រកួត ឈ្នះ ៨ និងចាញ់ ១ មាន ២៤ ពិន្ទុ ឈរនៅកំពូលតារាង។ ចំណែក Barcelona វិញ ឆ្លងកាត់ ៩ ប្រកួតដូចគ្នា ឈ្នះ ៧ ស្មើ ១ និងចាញ់ ១ មាន ២២ ពិន្ទុ ឈរនៅលេខរៀងទី ២។
ដូច្នេះការប្រកួតរវាងក្រុម Real Madrid ទល់នឹង Barcelona នៅកីឡដ្ឋាន Santiago Bernabeu ថ្ងៃ អាទិត្យ ទី ២៦ ខែ តុលា ឆ្នាំ ២០២៥ នឹងក្លាយជាការប្រកួតដ៏តឹងតែងខ្លាំង ព្រោះក្រុមទាំង ២ សុទ្ធតែត្រូវការជ័យជម្នះរៀងៗខ្លួន ដើម្បីប្រជែងយកតំណែងកំពូលតារាងក្នុងលីគ La Liga៕
ប្រភព៖ KAMPUCHEATHMEY



