Ran តារាបាល់ទះជប៉ុន បដិសេធមានទំនាក់ទំនងស្នេហា ក្រោយនាំតារាសម្តែងរឿងអាសអាភាសឡើងសណ្ឋាគារ

កីឡាករ Ran Takahashi តារាកីឡាបាល់ទះជប៉ុន ត្រូវចុះផ្សាយថាបាននាំនារី២នាក់ ចូលសណ្ឋាគារក្នុងពេល ២ថ្ងៃ ដោយក្នុងនោះក៏រួមមានទាំងតារាសម្តែងរឿងអាសអាភាសជប៉ុនម្នាក់ផងដែរ។ យ៉ាងណាក៏ដោយ កីឡាករវ័យ ២៤ឆ្នាំ បានចេញមុខបដិសេធថានារីទាំងពីរនាក់នោះជាមិត្តភក្កិប៉ុណ្ណោះ។

Ran ជាកីឡាករបាល់ទះកម្រិតកំពូលមួយរូបក្នុងក្រុមបាល់ទះជម្រើសជាតិជប៉ុន។ តែកាលពីពេលថ្មីៗនេះ កាសែតជប៉ុន Bunshun Onlin​e ចុះផ្សាយថា រូបគេមានជាប់ពាន់ព័ន្ធនឹងរឿងអាស្រូវទំនាក់ទំនងស្នេហាជាមួយតារាសម្តែងរឿងអាសអាភាស។ ការចុះផ្សាយនៅថ្ងៃទី២១​ តុលា រៀបរាប់​ថាកីឡាករវ័យ ២៤ឆ្នាំ បានចំណាយពេល ១យប់គេងនៅសណ្ឋាគារ ជាមួយតារាសម្តែងរឿងកូនជ្រូក ឈ្មោះ Saika Kawakita និងថ្ងៃបន្ទាប់ គេណាត់ជួបតារាស្រីម្នាក់ផ្សេងទៀត។

រឿងនោះកើតឡើងក្រោយពេលកីឡាករ Ran បានចេញពីការប្រកួតមិត្តភាពរវាងជប៉ុន ទល់នឹងប៊ុលហ្ការី តាំងថ្ងៃទី៣ កាលពីខែសីហា មកម្ល៉េះ។ 

កីឡាករលេងឱ្យក្រុមបាល់ទះ Suntory Sunbirds ​ត្រូវបានគេប្រទះឃើញចាកចេញពីកន្លែងប្រកួត រួចធ្វើដំណើរទៅកាន់សណ្ឋាគារស្នាក់របស់ក្រុមក្រោយការប្រកួត​។ ប៉ុន្តែរូបគេ ក្រោយមកក៏បានចាកចេញទៅស្នាក់នៅកន្លែងផ្សេងទៀត។ ហេតុការណ៍នោះ អ្នកកាសែតបានថតសកម្មភាពរបស់គេដើរចូលទីតាំងហាងអាហារមួយកន្លែង ដោយពាក់មួក និងម៉ាស់បិទមុខជិត។ បន្តិចក្រោយមក​ ​មាននារីវ័យក្មេងម្នាក់ទៀត សក់ខ្លីដើរចូលភោជនីយដ្ឋាននោះ រួចពួកគេទាំងពីរ ក៏បានចាកចេញទៅកាន់សណ្ឋាគារមួយកន្លែងស្ថិតក្នុងទីក្រុងតូក្យូ។ កាសែត Bunshun រៀបរាប់ថានារីម្នាក់នាក់នោះ គឺ Kawakita ជាតារាស្រីសម្តែងរឿងអាសអាភាសរបស់ជប៉ុន។​

សម្រាប់កីឡាករវ័យ ២៤ឆ្នាំ បច្ចុប្បន្នគេជាកីឡាករស្មាត់វាយក្រៅប្រអប់ (Outside Hitter) មួយរូបប្រចាំក្រុមបាល់ទះជម្រើសជាតិជប៉ុន។ កន្លងមកគេថែមទាំងជាប់ឈ្មោះជាកីឡាករវាយល្អដាច់គេប្រចាំការប្រកួត AVC Men’s Champions League ផងដែរ។ រីឯតារាស្រីមានរឿងអាស្រូវជាមួយគេវិញ នាងមានវ័យ ២៦ឆ្នាំ ដោយបានចូលសម្តែងក្នុងឧស្សាហកម្មរឿងកូនជ្រូកជប៉ុន តាំងពីវ័យ ១៨ឆ្នាំ មកម្ល៉េះ។ នាងមានអ្នកចុចតាមដានលើបណ្តាញសង្គម Instagram ដល់ទៅ ១,៣លាននាក់ និងនៅលើ X អតីត ​Twitter ចំនួន ១,៦លាននាក់។

កាលពីចុងខែសីហា តារាបាល់ទះវ័យក្មេងរបស់ជប៉ុន ធ្លាប់បានណាត់ជួបតារាសម្តែងស្រី Kawakita ​ម្តងដែរ នៅបន្ទប់សណ្ឋាគារមួយ។ រឿងភ្ញាក់ផ្អើលជាងនេះទៀតនោះគឺ កីឡាករវ័យ ២៤ឆ្នាំ នៅថ្ងៃដដែល ក្រោយ Kawakita ចាកចេញផុតទៅ រូបគេក៏បានជួបជាមួយនឹងតារាស្រីល្បីលើបណ្តាញសង្គម Instagram ម្នាក់ទៀតឈ្មោះ Uka។  Uka មានអ្នកចុចតាមដានលើ Instagram ចំនួន ១៥០ ០០០នាក់។ បើតាមប្រភពរបស់កាសែត Kbizoom នាង Uka ត្រូវបានគេស្គាល់ថាជាមិត្តស្រីរបស់ Ran។ 

ទោះជាយ៉ាងណាក្តី ដើម្បីឆ្លើយតបទៅនឹងមតិសាធារណជន ក្រុមហ៊ុនដែលគ្រប់គ្រងលើកីឡាករវ័យ ២៤ឆ្នាំ អះអាងថាខ្លួនមិនជ្រៀតជ្រែកក្នុងផ្លូវជីវិតផ្ទាល់ខ្លួនរបស់អត្តពលិកនោះឡើយ។

ទាក់ទងនឹងរឿងអាស្រូវនេះ​ តារាបាល់ទះវ័យ ២៤ឆ្នាំ ក៏បានចេញមុខមកបកស្រាយថា ​តារាស្រី Kawakita ដែលគេបានណាត់ជួបនោះ គឺមានទំនាក់ទំនងត្រឹមជាមិត្តភក្តិនឹងគ្នាតែប៉ុណ្ណោះ។ លើសពីនេះតារាស្រីម្នាក់ទៀតមានឈ្មោះ Uka នោះក៏ជាជាមិត្តភក្តិដូចគ្នាដែរ៕

ប្រភព៖THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top