សួន ចាន់ណារ៉ូ «អ្នក​ប៉ះ​សេ​ត្រូវ​ចិត្ត​ឲ្យ​ដាច់» ជា​ពាក្យ​ដែល​រូប​គេ​កំពុង​បង្ហាត់​បង្រៀន​សិស្ស​ប្អូន

កីឡាករ​ចាស់​វស្សា​ក្នុង​វិស័យ​បាល់ទះ​នៅ​កម្ពុជា​ សួន​ ចាន់ណារ៉ូ​ គេ​ឃើញ​កំពុង​តែ​បង្រៀន​សិស្សប្អូន​ៗ​ដែល​ជា​ដៃប៉ះសេ​ឲ្យ​មាន​សមត្ថភាព​រីកចម្រើន​អាច​ឈាន​ជា​កីឡាករ​ល្អ​លំដាប់​កំពូល​មួយ​រូប​នៅ​ថ្ងៃ​អនាគត។​

ថ្មីៗ​នេះ​គេ​ឃើញ​ សួន​ ចាន់ណារ៉ូ​ បាន​បង្ហោះ​វីដេអូ​ច្រើន​ដែល​កំពុង​បង្ហាត់​បង្រៀន​ និង​ចែក​រំលែក​បទ​ពិសោធ​ដែល​ខ្លួន​មាន​រាប់​ឆ្នាំ​មក​នេះ​ដល់​ដៃ​ប៉ះ​សេ​ជំនាន់​ក្រោយ​ដូច​ជា​ កែវ​ ស្រេងលីហួរ​ យ៉ុន​ ខេមរៈ​ និង​ ណែក​ ផានិត​ ។​

 

លើក​យក​ឃ្លា​មួយ​ដែល​សំខាន់​ក្នុង​បង្ហាត់​ទាំង​នោះ​គឺ​ «យើង​អ្នក​ប៉ះសេ​ត្រូវ​ចិត្ត​ឲ្យ​ដាច់​ យើង​ជា​ក្បាល​ម៉ាស៊ីន​នាំ​លេង​កុំ​ភ័យ​ កុំ​បារម្ភ»។​ ក្នុង​ន័យ​នេះ​ សួន​ ចាន់ណារ៉ូ​ ចង់​ឲ្យ​សិស្ស​ប្អូន​ៗ​ធ្វើ​ចិត្ត​ឲ្យ​បាន​រឹងមាំ​ ពង្រឹង​ស្មារតី​ឲ្យ​បាន​ល្អ ព្រោះ​ពួកគេ​ជា​អ្នក​ដឹកនាំ​ការ​លេង។​ ប្រសិន​បើ​ចិត្ត​ច្របូកច្របល់​មិន​ដឹង​បោះ​ទៅ​ឲ្យ​អ្នក​ណា​នោះ​អ្នក​ចាំ​ទទួល​បាល់​ដើម្បី​វាយ​ផ្ដាច់​ក៏​មិន​ដឹង​ថា​ត្រូវ​លេង​យ៉ាង​ដូច​ម្ដេច​ដែរ។​ ត្រង់​ចំណុច​នេះ​ហើយ​ដែល​ ណារ៉ូ​ សង្កត់​ធ្ងន់​នោះអ្នក​ប៉ះ​សេ​ជា​តួនាទី​សំខាន់​នាំ​ក្រុម​លេង​ ដូច្នេះ​ត្រូវ​តែ​ច្បាស់លាស់​ទើប​ក្រុម​លេង​បាន​ល្អ។​

ក្រៅ​តែ​ពី​ពង្រឹង​ផ្នែក​ស្មារតី​ហើយ​នោះ​ ណារ៉ូ​ ក៏​មាន​ជា​ការ​បង្រៀន​លេង​ឲ្យ​មាន​ភាព​រហ័សរហួន​ និង​បច្ចេកទេស​ហាត់​យក​កម្លាំង​ម្រាមដៃ​ និង​មេរៀន​សំខាន់ៗ​នៃ​ការ​ប៉ះ​សេ​នេះ​ជា​ច្រើន​ទៀត​ដល់​សិស្សប្អូន​ទាំង ​៣នាក់​ខាង​លើ។​ នេះ​ជា​ឱកាស​ល្អ​មួយ​កម្ររក​បាន​ចំពោះ​យុវជន​ដែល​ទទួល​បាន​បទ​ពិសោធ​លេង​យ៉ាង​ច្បាស់លាស់​មាន​ទាំង​ក្នុង​ស្រុក​ ក្រៅ​ស្រុក​ ការ​ប្រកួត​តូចធំ​កន្លង​មក​ត្រូវ​បាន​ចែករំលែក​នៅ​ពេល​នេះ​។​


បញ្ជាក់​ដែរ​ថា​ សួន​ ចាន់ណារ៉ូ​ ជា​អតីត​ដៃប៉ះសេ​របស់​ក្រុម​បាល់ទះ​វិសាខា​ និង​ក្រុម​ជម្រើសជាតិ​កម្ពុជា។​ មហាជន​ចាត់ទុក​រូប​គេ​ជា​កីឡាករ​ប៉ះ​សេ​លំដាប់​លេខ១​ នៅ​កម្ពុជា​ដែល​មាន​ថ្វីដៃល្អ​ដាច់​គេ​មិន​ទាន់​មាន​អ្នក​អាច​ស្នងបាន​នៅ​ឡើយ។​ ថ្មីៗ​នេះ​ ណារ៉ូ​ ត្រូវ​បាន​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​កោះហៅ​ឲ្យ​ចូល​ហ្វឹកហាត់​ឡើង​វិញ​ដើម្បី​ជួយ​ដល់​ក្រុម​ជម្រើសជាតិ​ត្រៀម​ស៊ីហ្គេម​ លើក​ទី៣៣​ ចុង​ឆ្នាំ​២០២៥​ នេះ និង​ជា​ឱកាស​បង្ហាត់​បង្រៀន​ដល់​ក្មេងៗ​ជំនាន់​ក្រោយ​ពង្រឹង​សមត្ថភាព​ផង៕​

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top