លោក Ruben Amorim អ្នកចាត់ការក្រុម Manchester United និយាយថាកូនក្រុមលេងដោយមានការគិតងាយស្រួលជ្រុលខ្លាំងពេក ក្នុងការប្រកួត នៅមុនពេលក្រុមម្ចាស់ផ្ទះ Tottenham Hotspur អាចវាយបកត្រឡប់មកវិញ ធ្វើឱ្យរបូត ៣ពិន្ទុ។ អ្នកចាត់ការសញ្ជាតិព័រទុយហ្កាល់ ក៏បង្ហាញអារម្មណ៍ខកចិត្តតិចតួចលើកូនក្រុម បន្ទាប់ពីការប្រកួតបញ្ចប់ទៅត្រឹមលទ្ធផលស្មើ ២-២ ហើយក្រុមទាំងពីរ ត្រឹមចែកគ្នាម្នាក់ ១ពិន្ទុ។
នៅការប្រកួតនោះ កីឡាករ Bryan Mbuemo ជាអ្នកតែតបាល់បើកឆាកគ្រាប់នាំមុខឱ្យ Man Utd នៅនាទី៣២ កើតចេញពីការបញ្ជូនយ៉ាងល្អពី Amad Diallo។ យ៉ាងណាមិញ ចូលវគ្គទីពីរ កីឡាករសំខាន់របស់ក្រុមរហស្សនាមបិសាចក្រហម រួមមានខ្សែការពារ Harry Maguire និងខ្សែប្រយុទ្ធ Benjamin Sesko រងរបួសត្រូវប្តូរចេញ ធ្វើឱ្យទម្រង់លេងក្រុមមានការប្រែប្រួលខ្លាំង។ Spurs ក៏ឆ្លៀតឱកាសនោះ ស្វែងរកគ្រាប់បាល់វាយបកបានដល់ទៅ ២គ្រាប់មកវិញ ដោយកីឡាករ Mathys Tel នាទី៨៣ និង Richarlison នាទី៩០+១។
ក្រុមម្ចាស់ផ្ទះហៀបនឹងក្រសោបបាន ៣ពិន្ទុ ត្រឡប់មកវិញទៅហើយ ប៉ុន្តែនៅនាទី៩០+៦ ហៀបបញ្ចប់ការប្រកួតទៅហើយនោះ ក្រុម Man Utd មានសមាជិកត្រឹមតែ ១០នាក់ លើទីលាន ក៏បានបើកការវាយសម្រុកខ្លាំងរហូត ទទួលបានការទាត់បាល់លើកចេញពីជ្រុង។ Bruno Fernandes ជាប្រធានក្រុមជាអ្នករ៉ាប់រងទាត់បាល់ជ្រុងនោះ បញ្ជូនសំដៅមុនសំណាញ់ទីក្រុមម្ចាស់ផ្ទះ រហូតខ្សែការពារ Mathijs de Ligt តែតរកបានគ្រាប់បាល់តាមស្មើមកវិញ។
បញ្ចប់ការប្រកួតទៅត្រឹមលទ្ធផលស្មើបែបនេះ លោក Amorim អ្នកចាត់ការក្រុម Man Utd មិនសូវជាពេញចិត្តនោះឡើយ។ បុរសវ័យ ៤០ឆ្នាំ បញ្ជាក់ថាកូនក្រុមលេងហាក់បីដូចជាបង្ហាញភាពងាយស្រួលខ្លាំងពេកប្រកួតទល់ក្រុមម្ចាស់ផ្ទះ។ ពិសេសជាងនេះ គឺការរបូត ៣ពិន្ទុ បន្ទាប់ពីក្រុមបាននាំមុខក្រុមគេមុនហើយ បែរជាត្រូវឱ្យវាយបកត្រឡប់មកវិញបាន។
«យើងមានបញ្ហាច្រើនទន្ទឹមគ្នានេះ។ នេះយើងទើបតែស្ថិតនៅដំណាក់កាលដំបូងប៉ុណ្ណោះ។ ខ្ញុំដឹងថាពេលខ្លះលទ្ធផលបង្ហាញទៅមនុស្សគ្រប់គ្នាថាយើងកំពុងរីកចម្រើនយ៉ាងល្អ ប៉ុន្តែយើងមានរឿងច្រើនជាងគេនេះទៀតត្រូវធ្វើឱ្យកាន់តែល្អ។ […] បើអ្នកសម្លឹងមើលការប្រកួតនេះទាំងមូល អ្នកនឹងឃើញថាយើងហាក់បង្ហាញភាពងាយស្រួលទល់គូប្រកួតជ្រុលពេក ទើបយើងបណ្តោយបែបនេះ។ យើងគួរតែអាចធ្វើបានល្អជាងនេះ កម្រិតការប្រជែងបាល់ខ្លាំងជាងនេះ ហើយត្រូវតែគិតថាយើងត្រូវដណ្តើមឱ្យបាន ៣ពិន្ទុ ពីកីឡដ្ឋានដ៏អស្ចារ្យទាំងនេះ។» ។
ចប់ការប្រកួតនេះទៅ ក្រុម Manchester United រកបានត្រឹមតែ ១៨ពិន្ទុ ហើយឡើងមកឈរនៅចំណាត់ថ្នាក់លេខ ៨ ក្នុងតារាងក្របខណ្ឌ Premier League។ ចំណែក Spurs ក៏មានត្រឹមតែ ១៨ពិន្ទុ ដូចគ្នាប៉ុន្តែពួកគេឈរនៅចំណាត់ថ្នាក់លេខ ៥ ក្នុងតារាង៕
ប្រភព៖ THMEYTHMEY



