កីឡាករជម្រើសជាតិកម្ពុជា Nick Taylor បានបង្ហាញអារម្មណ៍មោទនភាពចំពោះក្រុមកម្ពុជាដែលធ្វើបានយ៉ាងល្អសម្រាប់ការប្រកួតជាមួយម្ចាស់ផ្ទះ ហុងកុង នៅយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២៥។
កីឡាករបានសរសេរក្រោយចប់កាលការប្រកួតថា ៖«ការខិតខំប្រឹងប្រែងរបស់ក្រុមថ្ងៃនេះពិតជាអស្ចារ្យណាស់។ ពួកយើងពិតជាមានមោទនភាពចំពោះអ្វីដែលយើងបានបង្ហាញនៅលើទីលានយប់នេះ។ ស៊ូស៊ូកម្ពុជា»។
ការលើកឡើងរបស់កីឡាករខ្មែរ-អាមេរិក Nick Taylor បន្ទាប់ពីក្រុមកម្ពុជាបានបញ្ចប់ដោយលទ្ធផលស្មើ ១-១ ជាមួយ ហុងកុង ដែលបានដាក់សម្ពាធខ្លាំងលើកម្ពុជា។ ទោះបីជា ហុងកុង បានដាក់សម្ពាធ និងសម្រុកខ្លាំងយ៉ាងណាក៏ដោយ ក៏កម្ពុជាបានស្មារតីប្រយុទ្ធដ៏រឹងមាំ ជាពិសេសនៅតំបន់ការងារ និងវាយបករហូតរកបានគ្រាប់បាល់តាមស្មើ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍គឺនៅវគ្គទី២ កម្ពុជាមានឱកាសស៊ុតជាច្រើនក្នុងការវាយបក ប៉ុន្តែស៊ុតមិនបានសម្រេច។
រឿងមួយដែលអ្នកគាំទ្រមិនបានដឹងនោះគឺ ម្ចាស់ផ្ទះ ហុងកុង ខ្វះការយកចិត្តទុកដាក់ដល់ក្រុមភ្ញៀវដែលបានធ្វើឲ្យយឹតក្នុងការធ្វើដំណើរទៅកាន់ទីលានដើម្បីកម្តៅសាច់ដុំមុនការប្រកួត។
Nick Taylor បានទម្លាយថា ៖«ទោះបីជាយ៉ាងណា សមាគមកីឡាបាល់ទាត់ហុងកុង ខ្វះវិជ្ជាជីវៈ ដោយមិនបានរៀបចំឲ្យមានម៉ូតូប៉ូលិសនាំផ្លូវពួកយើងទៅកាន់កីឡដ្ឋានឡើយ។ យើងបានទៅដល់កីឡដ្ឋានយឹត ដោយមានពេលហាត់កម្តៅសាច់ដុំផ្លូវការត្រឹមតែ ១៥ នាទីប៉ុណ្ណោះ។ ប្រការនេះធ្វើឲ្យកីឡាកររបស់យើងប្រឈមហានិភ័យគ្រោះថ្នាក់»។
ការប្រកួតជាមួយ ហុងកុង លើកនេះ កម្ពុជា មិនបានប្រមូលផ្តុំសម្រាប់ការត្រៀមខ្លួនច្រើនថ្ងៃឡើយពោលគឺចេញបញ្ជីឈ្មោះ ហើយធ្វើដំណើរទៅប្រកួតតែម្តង។ លទ្ធផលស្មើគ្នា ១-១ គឺជាការស្មើគ្នាលើកទី៣ សម្រាប់ការប្រកួតរវាង កម្ពុជា និង ហុងកុង ក្នុងប្រវត្តិជួបគ្នា ១១ លើកដោយហុងកុងឈ្នះ ៨ លើក ខណៈ កម្ពុជា មិនទាន់ធ្លាប់ឈ្នះហុងកុងឡើយ៕
ប្រភព៖ KAMPUCHEATHMEY



