ក្លិបបាល់ទាត់ជោគជ័យបំផុតប្រចាំប្រទេសម៉ាឡេស៊ី Johor Darul Ta’zim នឹងមកប្រកួតនៅប្រទេសកម្ពុជាជាមួយ ព្រះខ័នរាជស្វាយរៀង នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ វគ្គសន្សំពិន្ទុក្នុងពូល ពានរង្វាន់ក្លិបលំដាប់កំពូលអាស៊ាន ASEAN Club Championship។
នេះជាលើកទី ២ ដែលមក Johor Darul Ta’zim នៅប្រទេសកម្ពុជា បន្ទាប់ពីលើកទី ១ ជាមួយ បឹងកេត នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០១៧ ដោយបានយកឈ្នះ ៣-០ នៅពហុកីឡដ្ឋានជាតិអូឡាំពិក វគ្គសន្សំពិន្ទុពូលពានរង្វាន់ AFC Cup ជើងទី២។ កាលពីជើងទី១ នៅទឹកដីរបស់ខ្លួនពួកគេបានយកឈ្នះ បឹងកេត ៣-០ ដែរ។
ចាប់ពីឆ្នាំ ២០០៩ ដល់ ឆ្នាំ ២០១៧ ក្លិបអ្នកមានរបស់ម៉ាឡេស៊ីមួយនេះ ស្ថិតនៅក្នុងវគ្គជម្រុះពានរង្វាន់ក្លិបអាស៊ីលំដាប់ទី១ AFC Champions League និងធ្លាក់មកប្រកួតនៅពានកម្រិតទី២ AFC Cup។ ចាប់ពីឆ្នាំ ២០១៩ មក ពួកគេឡើងខ្លាំងមែនទែនដោយលេងពានរង្វាន់កម្រិតទី១ AFC Champions League រហូតដល់បច្ចុប្បន្ន។
ការបានជួបក្លិបរបស់កម្ពុជាជាថ្មីនេះ បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់អាស៊ានបានសម្រេចបង្កើតពានក្លិបអាស៊ាន ASEAN Club Championship ដែលត្រូវឲ្យក្លិបលំដាប់កំពូលៗតំណាងឲ្យប្រទេសទាំង ១១ ចូលរួមប្រកួត។
ក្លិប Johor Darul Ta’zim ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៧២ ដោយមានអាយុកាល ៥៣ ឆ្នាំហើយ។ ពួកគេជាក្លិបដែលមានធនធានបំផុតដែលហ៊ានចំណាយប្រាក់ច្រើនក្នុងការនាំយកកីឡាករលំដាប់ល្បីលំដាប់ពិភពលោកមកពង្រឹងក្រុម។ គិតចាប់តាំងពីឆ្នាំ ២០១៤ មក ពួកគេតែងតែឈ្នះជើងឯកលីគកំពូលម៉ាឡេស៊ី រហូតពោលគឺចំនួន ១១ លើកជាប់គ្នាគិតត្រឹមរដូវកាល ២០២៤-២៥។
ងាកមកពានរង្វាន់ ASEAN Club Championship វិញ ពួកគេកំពុងឈរលេខ ១ ក្នុងពូល B ដោយឆ្លងកាត់ ២ ប្រកួតគឺឈ្នះទាំង ២ ប្រកួត ខណៈ ព្រះខ័នរាជស្វាយរៀង ឈរលេខ ២ បន្ទាប់ពីឈ្នះ១ និងចាញ់១។ ដូច្នេះការជួបគ្នារវាង ព្រះខ័នរាជស្វាយរៀង និង Johor Darul Ta’zim ត្រូវបានចាត់ទុកជាការប្រកួតគួរឲ្យចាប់អារម្មណ៍បំផុតសម្រាប់ក្រុមទាំងពីរ៕
ប្រភព៖ KAMPUCHEATHMEY



