អ្នកគាំទ្ររំពឹងអ្នកចាំទី វីរះ ដារ៉ា នឹងបំបែកកំណត់ត្រាពិភពលោក ក្រោយស៊ុតមួយគ្រាប់ម្សិលមិញ

អ្នកនិយមកីឡាបាល់ទាត់ កម្ពុជា ជាច្រើនកំពុងរំពឹងចង់ឃើញអ្នកចាំទី វីរះ ដារ៉ា របស់ក្រុម ព្រះខ័នរាជស្វាយរៀង អាចបំបែកកំណត់ត្រាពិភពលោក (Guinness World Records) ជាអ្នកចាំទីរកបានគ្រាប់បាល់លឿនបំផុតក្នុងពិភពលោក បន្ទាប់ពីរូបគេស៊ុតមួយគ្រាប់សឹងមិនគួរឱ្យជឿនៅក្នុងជ័យជម្នះ ៦-១ ទល់នឹងក្រុម អាយអេសអាយ ដង្កោរសែនជ័យ យប់មិញថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០២៥។

ព្រះខ័នរាជស្វាយរៀង បានបើកការនាំមុខទៅលើក្រុមម្ចាស់ផ្ទះ អាយអេសអាយ ដង្កោសែនជ័យ នាថិរវេលាត្រឹមវិនាទីទី ៩ ប៉ុណ្ណោះ បន្ទាប់ពីអ្នកចាំទី វីរះ ដារ៉ា ស៊ុតពីចម្ងាយ ក្រោយការកែបាល់បានមួយភ្លែត។ ក្រោយមក ខាង អាយអេសអាយ ដង្កោសែនជ័យ ក៏រកបានគ្រាប់បាល់តាមស្មើមកវិញ ដោយកីឡាករ Onda Sonosuke នៅនាទីទី ៣២ មុនពេល ព្រះខ័នរាជស្វាយរៀង រកបានគ្រាប់បាល់ ៥ គ្រាប់បន្ថែមទៀតនៅវគ្គទី ២ ដែលស៊ុតបញ្ចូលទីដោយ Kwame Peprah, ញាណ សូស៊ីដាន់, Cristian (២ គ្រាប់) និង Patrick Robson។

បន្ទាប់ពីការរកបានគ្រាប់បាល់សឹងមិនគួរឱ្យជឿរបស់អ្នកចាំទី វីរះ ដារ៉ា បានធ្វើឱ្យអ្នកគាំទ្រ កម្ពុជា ជាច្រើនបង្ហាញការសាទរ និងចង់ឃើញស្ថាប័ន Guinness World Records ទទួលស្គាល់អំពីគ្រាប់បាល់នៃការស៊ុតដ៏លឿនរបស់រូបគេក្នុងនាមជាអ្នកចាំទី ដើម្បីបំបែកកំណត់ត្រាពិភពលោក។

កំណត់ត្រាដ៏កម្រអំពីអ្នកចាំទីស៊ុតបញ្ចូលទីលឿនបែបនេះ ពីមុនត្រូវបានកាន់កាប់ដោយអតីតអ្នកចាំទីក្រុម Stoke City លោក Asmir Begović ដែលធ្វើបាននៅរដូវកាល ២០១៣/២០១៤ អំឡុងពេលការប្រកួតទល់នឹងក្រុម Southampton ហើយពេលនោះលោកធ្វើបានក្នុងវិនាទីទី ១៣។ យ៉ាងណា នៅពេលនោះលោកមិនត្រូវបាន Guinness World Records ទទួលស្គាល់អំពីអ្នកចាំទីស៊ុតបញ្ចូលទីលឿនបំផុតនោះទេ ប៉ុន្តែពួកគេបានទទួលស្គាល់លោកជាអ្នកចាំទីស៊ុតបញ្ចូលទីក្នុងចម្ងាយឆ្ងាយបំផុត ពោលគឺ ៩១.៩ ម៉ែត្រ។

ដូច្នេះពេលនេះ អ្នកចាំទីវីរះ ដារ៉ា បានក្លាយជាអ្នកស្នងតំណែងរបស់លោក Asmir Begović ហើយ ក្នុងនាមជាអ្នកចាំទីរកបានគ្រាប់បាល់លឿនបំផុតក្នុងប្រវត្តិសាស្ត្រ ពោលគឺលឿនជាងលោក Asmir Begović ៣ វិនាទី៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top