គ្រូបង្គោលរបស់ក្រុមជម្រើសជាតិ ប្រេស៊ីល លោក Carlo Ancelotti ចាត់ទុក Neymar ជាកីឡាករដ៏មានសក្តានុពលសម្រាប់ក្រុមរហស្សនាម សាំបា នៅព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក (World Cup 2026) ប៉ុន្តែលោកបានសង្កត់ធ្ងន់ អំពីកីឡាកររូបនេះ នឹងជាប់ក្នុងបញ្ជីឈ្មោះចុងក្រោយ ឬមិនជាប់ គឺអាស្រ័យលើទម្រង់លេង និងលក្ខខណ្ឌកាយសម្បទារបស់គេ។
ក្រុមជម្រើសជាតិ ប្រេស៊ីល បានឆ្លងផុតវគ្គជម្រុះប្រចាំតំបន់ អាមេរិកខាងត្បូង ដោយទទួលបានកៅអីឡើងទៅជុំចុងក្រោយនៃព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក ២០២៦ ហើយ។ បើក្រឡេកមកមើល Neymar វិញ គឺនៅតែជាប្រធានបទសំខាន់សម្រាប់ក្រុមជម្រើសជាតិ ប្រេស៊ីល ថាតើរូបគេនឹងមានឈ្មោះក្នុងបញ្ជីឈ្មោះរបស់លោក Ancelotti នៅព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក ២០២៦ ដែរឬទេ?
សមត្ថភាពរបស់ Neymar បច្ចុប្បន្ន ត្រូវបានគេទទួលស្គាល់ ថា ហាក់មិនល្អខ្លាំងដូចពីមុនទៀតឡើយ ដោយសារតែបញ្ហារបួសញាំញីខ្លាំងពេក។ ទោះបីជានៅរដូវកាលនេះ កីឡាករបានផ្លាស់មកចូលរួមជាមួយក្រុម Santos ដែលជាអតីតផ្ទះចាស់របស់គេក៏ដោយ ក៏រូបគេនៅមិនទាន់បង្ហាញសមត្ថភាពល្អពេញលេញនោះដែរ។ ម្យ៉ាងទៀត បញ្ហារបួសរបស់គេ នៅតែបន្តញាំញីជាខ្លាំងដដែល។
ពាក់ព័ន្ធនឹងអនាគតរបស់ Neymar ជាមួយក្រុមជម្រើសជាតិ ប្រេស៊ីល នៅ World Cup ២០២៦ លោក Ancelotti បានមានប្រសាសន៍កាលពីមុនជំនួបមិត្តភាពទល់នឹងក្រុម ទុយនីស៊ី កាលពីថ្ងៃទី ១៨ ខែ វិច្ឆិកា ថា៖ «Neymar គឺនៅតែស្ថិតក្នុងបញ្ជីឈ្មោះ សម្រាប់កីឡាករដែលនឹងត្រូវទៅលេងនៅ World Cup 2026។ Neymar បានជាសះស្បើយហើយ ប៉ុន្តែគាត់ត្រូវការបង្ហាញពីគុណភាពរបស់គាត់។ នៅពេលលីគកំពូល ប្រេស៊ីល បញ្ចប់ គាត់នឹងមានពេលសម្រាកវិស្សមកាល ហើយក្រោយមកគាត់ត្រូវតែបង្ហាញពីគុណភាព និងលក្ខខណ្ឌរាងកាយរបស់គាត់ម្តងទៀត»។
លោក Ancelotti បានបន្ត ថា៖ «ឥឡូវនេះ យើងមានពេល ៦ ខែមុនពេលការសម្រេចបញ្ជីឈ្មោះចុងក្រោយ។ ពួកយើងត្រូវការតាមដានគាត់ធម្មតា ដូចអ្វីដែលយើងធ្វើជាមួយកីឡាករដ៏ទៃទៀត ដើម្បីដឹង ថាតើមានអ្វីផ្លាស់ប្តូរសម្រាប់បញ្ជីឈ្មោះក្រុមចុងក្រោយដែរទេ»៕
ប្រភព៖ KAMPUCHEATHMEY



