Mbappe តាមស្មើកំណត់ត្រាវីរបុរស Ronaldo មួយទៀតហើយ ក្រោយស៊ុត៤គ្រាប់នៅ UCL យប់មិញ

ខ្សែប្រយុទ្ធ Real Madrid កីឡាករ Kylian Mbappe បានតាមស្មើកំណត់ត្រាថ្មីមួយទៀតរបស់វីរបុរស Cristiano Ronaldo ក្រោយស៊ុត ៤ គ្រាប់នៅក្នុងការប្រកួតពានរង្វាន់ Champions League ទល់នឹងក្រុម Olympiacos។

ការប្រកួតសប្តាហ៍ទី ៥ នៃពានរង្វាន់ UCL នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃ ព្រហស្បតិ៍ ទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០២៥ ក្រុមអធិរាជស Real Madrid បានយកឈ្នះលើក្រុម Olympiacos ក្នុងលទ្ធផលទាំងប្រផិតប្រផើយ ៤-៣។

គ្រាប់បាល់ ៣ គ្រាប់របស់ក្រុមម្ចាស់ផ្ទះ Olympiacos គឺរកបានដោយកីឡាករ Chiquinho នៅនាទីទី ៨, Mehdi Taremi នៅនាទីទី ៥២ និង Ayoub El Kaabi នៅនាទីទី ៨១។ ចំណែក ៤ គ្រាប់របស់ Real Madrid វិញ គឺរកបានដោយកីឡាករ Kylian Mbappe ទាំង ៤ គ្រាប់នៅនាទីទី ២២ ២៤ ២៩ និង ៦០។

តាមរយៈគ្រាប់បាល់ ៤ គ្រាប់យប់មិញនេះ បានធ្វើឱ្យ Mbappe ក្លាយជាកីឡាករទី ២ ក្នុងប្រវត្តិសាស្ត្រ Real Madrid ដែលរកបានគ្រាប់បាល់ ៤ គ្រាប់ក្នុងមួយប្រកួតនៅ UCL បន្ទាប់វីបុរស Ronaldo។ Ronaldo គឺជាកីឡាករដំបូងគេ ដែលបានបំបែកកំណត់ត្រា រកបានគ្រាប់បាល់ ៤ គ្រាប់ក្នុងមួយប្រកួតនៅ UCL ឱ្យ Real Madrid។

កំណត់ត្រានេះ ខ្សែប្រយុទ្ធសញ្ជាតិ ព័រទុយហ្គាល់ វ័យ ៤០ ឆ្នាំ ធ្វើបានកាលពីថ្ងៃ ទី ៨ ខែ ធ្នូ ឆ្នាំ ២០១៥ អំឡុងការប្រកួត Real Madrid យកឈ្នះលើក្រុម Malmo នៅទឹកដី Santiago Bernabeu ក្នុងលទ្ធផល ៨-០៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top