កីឡា​កម្ពុជា​ ៥ ប្រភេទ​នេះ មាន​សក្តានុពល​រក​មេដាយ​កីឡា​ស៊ីហ្គេម នៅ​ថៃ

កម្ពុជា បាន​សម្រេច​​បញ្ជូន​កីឡា​ចំនួន ១៣ ប្រភេទ​ទៅ​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម លើក​ទី​៣៣ នា​ខែ​ធ្នូ​​ នៅ​ប្រទេស​ថៃ បន្ទាប់​ពី​សម្រេច​ដក​កីឡា​ចំនួន ៨ ប្រភេទ​ចេញ​ដោយសារ​បារម្ភ​ពី​សុវត្ថិភាព។

កីឡា​ទាំង ១៣ ប្រភេទ​គឺ កីឡា ហែលទឹក អត្តពលកម្ម គុនដាវ កាយ​សម្ព័ន ជឺជី​តស៊ូ ​ឃីកបុកស៊ីង តេក្វាន់ដូ ជិះ​សេះ ​ម៉ូតូ​ទឹក ត្រីយ៉ាត្លុង បាល់​ទាត់​លើ​តុ បាល់ទះ និង កីឡា​អេឡិចត្រូនិក ដែល​ស្មើ​នឹង​ប្រតិភូ-អត្តពលិក​ចំនួន ១៥០​នាក់។

ក្នុង​ចំណោម​កីឡា ១៣ ប្រភេទ​នេះ​ មាន​កីឡា​ចំនួន ៥ ប្រភេទ​ ​ដែល​កម្ពុជា​អាច​សង្ឃឹម​ទទួល​បាន​មេដាយ ខណៈ​កីឡាផ្សេង​ទៀត​ហាក់​ដូច​ជា​ពិបាក​ខ្លាំង​ក្នុង​ការ​ប្រជែង​រក​មេដាយ។ កីឡា​ដែល​មាន​សក្តានុពល​សម្រាប់​កម្ពុជា ជឺជីតស៊ូ ឃីកបុកស៊ីង ម៉ូតូទឹក បាល់ទាត់​លើ​តុ និង កីឡា​អេឡិចត្រូនិក។

កីឡា​ជឺជីតស៊ូ​កម្ពុជា​តែង​តែ​ទទួល​​បាន​មេដាយ​​សម្រាប់​ការ​ប្រកួត​លើ​ឆាក​អន្តរជាតិ​ទាំង​ក្នុង​តំបន់​ និង​ទ្វីប។ សូម្បី​តែ​គ្រូ​បង្វឹក និង​កីឡាករ​ កីឡាការិនី​ជឺជីតស៊ូ​ផ្ទាល់​​មាន​សង្ឃឹម​ក្នុង​ការ​ទទួល​បាន​មេដាយ​។

កីឡា​ប្រដាល់ឃីកបុកស៊ី ​តែង​តែ​ទទួល​​បាន​មេដាយ​​សម្រាប់​ការ​ប្រកួត​កម្រិត​អាស៊ាន អាស៊ី និង​កីឡា​ស៊ីហ្គេម​ កន្លង​មក ដូច្នេះ​ការ​ចូល​រួម​ប្រកួត​ស៊ីហ្គេម​ លើកនេះ​ក៏​សង្ឃឹម​រក​បាន​មេដាយ។ ជា​មួយ​គ្នា​នេះ កីឡា​ម៉ូតូទឹក ក៏​មាន​សក្តានុពល​សម្រាប់​កម្ពុជា ដោយ​កីឡាករ​ធ្លាប់​បាន​ឈ្នះ​មេដាយ​កីឡា​ស៊ីហ្គេម កីឡា​ទ្វីប​អាស៊ី​ និង​ពិភព​លោក។

កីឡា​បាល់ទាត់​លើ​តុ ជា​ប្រភេទ​កីឡា​ថ្មី​បំផុត​សម្រាប់​ការ​ប្រកួត​ដណ្តើម​មេដាយ​ជា​​ផ្លូវ​ការ​ក្នុង​កីឡា​ស៊ីហ្គេម ​ឆ្នាំ ២០២៥​​នេះ។ កាល​ស៊ីហ្គេម ឆ្នាំ ២០២៣ នៅ​ប្រទេស​កម្ពុជា កីឡា​បាល់ទាត់​លើតុ ត្រូវ​បាន​ដាក់​ឲ្យ​ប្រកួត​ក្នុង​លក្ខខណ្ឌ​កីឡា​សម្តែង និង​ប្រកួត​ប្រជែង​ដណ្តើម​មេដាយ​ដែរ ប៉ុន្តែ​មិន​រាប់​បញ្ចូល​ជា​ផ្លូវ​ការ​ក្នុង​តារាងមេដាយ​ឡើយ។ បន្ទាប់​ពី​ជោគជ័យ​ក្នុង​ការបង្ហាញ​កាល​ស៊ីហ្គេម ២០២៣ និង​ការ​ប្រកួត​អន្តរជាតិ​ផ្សេង​ៗ​នា​ពីរ​ឆ្នាំ​កន្លង​ទៅ​នេះ កីឡា​បាល់ទាត់​លើ​តុ​ត្រូវ​បាន​ដាក់​ឲ្យ​ប្រកួត​ជា​ផ្លូវ​ការ។ ក្នុង​នោះ​កីឡាករ កីឡាការិនី​បាល់ទាត់​លើ​តុ​កម្ពុជា​ក៏​មាន​បទ​ពិសោធ និង​ត្រៀម​ខ្លួន​បាន​ល្អ​ដែរ។

ចំណែក កីឡា​អេឡិចត្រូនិក (Esports) ដែល​ជា​កីឡា​សម័យ​ទំនើប​ក៏​ជា​កីឡា​មាន​សក្តានុពល​សម្រាប់​កម្ពុជា ក្នុង​ស្វែង​រក​មេដាយ។ នៅ​ក្នុង​តំបន់​អាស៊ាន​នេះ កីឡា​អេឡិចត្រូនិក​កម្ពុជា​ក៏​ស្ថិត​ក្នុង​ចំណោម​លំដាប់​កំពូល​ទាំង​៥ ដូច​ជា ឥណ្ឌូណេស៊ី ហ្វីលីពីន ម៉ាឡេស៊ី និង មីយ៉ាន់ម៉ា ជា​ដើម ខណៈ​ម្ចាស់​ផ្ទះ​ថៃ​មិន​មាន​កីឡា​ប្រភេទ Mobile Legends ចូល​រួម​ប្រកួត​ទេ។ ដូច្នេះ​កម្ពុជា​រំពឹង​​ឈាន​ដល់​តំបន់​មេដាយ។

ចំណែកវេបសាយ Main Stand របស់​ថៃ​បាន​ផ្សាយ​ថា កម្ពុជា​អាច​ទទួល​បាន​មេដាយ​មាស ៧​គ្រឿង​ពី​កីឡាទាំង ១៣ ប្រភេទ ​ក្នុង​​កីឡា​ស៊ីហ្គេម នៅ​ថៃ។ កីឡា​ដែល​វេបសាយ​ថៃ​ផ្សាយ​ថា កម្ពុជា​អាច​ទទួល​បាន​មេដាយ​មាស​គឺ រត់​ចម្ងាយ ៨០០​ម៉ែត្រ១​គ្រឿង ជឺជីតស៊ូ​២​​គ្រឿង ឃីកបុកស៊ីង១​គ្រឿង តេក្វាន់ដូ១​គ្រឿង ម៉ូតូ​ទឹក១​គ្រឿង និង ទ្រីយ៉ាថ្លុង១​គ្រឿង៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top