ថ្មីៗនេះលេចឮចចាមអារ៉ាមថាប្រទេសអារ៉ាប៊ីសាអូឌីតបានផ្តល់សំណើរជាទឹកប្រាក់ ១ពាន់លានដុល្លារ ទៅកាន់វីរបុរសកីឡារត់ម៉ារ៉ាតុងដ៏ល្បីលើពិភពលោក Eluid Kipchoge ដើម្បីឱ្យរូបគេប្តូរសញ្ជាតិគេនយ៉ា។ ការចាយប្រាក់ដ៏ច្រើនសន្ធឹកនេះ ដោយសារប្រទេសមហាសេដ្ឋីប្រេង ចង់អូសទាញឱ្យម្ចាស់មេដាយរត់ម៉ារ៉ាតុងអូឡាំពិក ២សម័យ ចូលរួមប្រកួតតំណាងអារ៉ាប៊ីសាអូឌីតវិញ។
បើតាមរបាយការណ៍របស់កាសែត Marathon Handbook មហាសេដ្ឋីប្រេងប្រចាំអារ៉ាប៊ីសាអូឌីត លោក Khalid Bin Al Fahad បានដាក់សំណើរទៅកាន់កីឡាករ Kipchoge នូវកិច្ចព្រមព្រៀងមួយ មានតម្លៃ ១ពាន់លានដុល្លារ បូករួមទាំងប្រាក់ឧបត្ថម្ភបន្ថែម ៥០០លានដុល្លារ ក្នុងពេលរយៈ ១០ឆ្នាំ បើសិនជាបុរសគេនយ៉ា ព្រមផ្លាស់ប្តូរសញ្ជាតិ។ ទឹកប្រាក់ដ៏ច្រើនបែបនេះ ត្រូវបានកាសែតដដែលចុះផ្សាយថា ជាប្រាក់ដែលត្រៀមបម្រុងទុកសម្រាប់កីឡាករប្រណាំង Formula 1 ឬក៏តារាបាល់ទាត់ណាម្នាក់ដែលមកលេង និងលើកស្ទួយមុខមាត់អារ៉ាប៊ីសាអូឌីត។
ទោះបីជាយ៉ាងនេះក្តី ពុំមានព័ត៌មានឆ្លើយតបផ្លូវការណាមួយកើតចេញពីបុរសវ័យ ៤១ឆ្នាំ ម្ចាស់ជើងឯកអូឡាំពិក ២សម័យ ក្នុងការយល់ព្រម ឬបដិសេធទៅកាន់អាជ្ញាធរកីឡាអារ៉ាប៊ីសាអូឌីតនោះឡើយ។
ប៉ុន្តែប្រសិនបើចចាមអារ៉ាមនោះក្លាយជាការពិត វានឹងក្លាយជាជំហានថ្មីមួយក្នុងយុទ្ធសាស្ត្រអភិវឌ្ឍកីឡារបស់ប្រទេសអារ៉ាប៊ីសាអូឌីត តាមរយៈភាពល្បីល្បាញរបស់អត្តពលិកល្បីៗលើពិភពលោក។ ករណីនេះក៏ជាឱកាសសម្រាប់អារ៉ាប៊ីសាអូឌីត ពង្រីកមុខមាត់ប្រទេសខ្លួនតាមរយៈវិស័យកីឡា នៅលើឆាកអន្តរជាតិ។
ការវិនិយោគស្រដៀងគ្នានេះ ត្រូវបានអារ៉ាប៊ីសាអូឌីត ធ្វើឡើងរួចមកហើយ ក្នុងលីគបាល់ទាត់កំពូលក្នុងស្រុក ដោយការនាំយកកីឡាករល្បីៗកម្រិតពិភពលោកមកប្រកួតប្រជែង។ តួយ៉ាង ខ្សែប្រយុទ្ធ Cristiano Ronaldo តារាបាល់ល្បីកម្រិតពិភពលោក កំពុងប្រកបអាជីពនៅអារ៉ាប៊ីសាអូឌីត។ ជាមួយវត្តមានម្ចាស់ពាន Ballon d’Or ៥សម័យ ធ្វើឱ្យសន្ទុះភាពល្បីល្បាញរបស់លីគកំពូល Saudi Pro League ផ្ទុះការចាប់អារម្មណ៍ខ្លាំង។
អារ៉ាប៊ីសាអូឌីត ថែមទាំងវិនិយោគលើវិស័យកីឡាប្រណាំងរថយន្ត Formula 1, ប្រដាល់សកលខ្សែក្រវ៉ាត់ទម្ងន់ធ្ងន់, កីឡាវាយកូនគោលព្រឹត្តិការណ៍ LIV Golf, ព្រមទាំងជាទីតាំងរៀបចំព្រឹត្តិការណ៍បាល់ទាត់ពិភពលោកកម្រិតយុវជន តាមកិច្ចសហការជាមួយនឹង សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA)។
Kipchoge ជាកំពូលកីឡាកររត់ម៉ារ៉ាតុងម្នាក់ខ្លាំងពូកែបំផុតក្នុងប្រវត្តិសាស្ត្រ ដោយលោកយកឈ្នះការប្រកួតព្រឹត្តិការណ៍ម៉ារ៉ាតុងធំៗ រហូតដល់ចំនួន ១១លើក។ បុរសវ័យ ៤១ឆ្នាំ ឈ្នះការរត់ម៉ារ៉ាតុងទីក្រុងប៊ែរឡាំង ៥លើក ទីក្រុងឡុងដ៍ ៤លើក ទីក្រុងឈីកាហ្គោ ១លើក និងតូក្យូ ១លើក។ កីឡាករគេនយ៉ារូបនេះ បានឈ្នះមេដាយមាសអូឡាំពិក ២សម័យ នៅព្រឹត្តិការណ៍អូឡាំពិករីយ៉ូ ឆ្នាំ ២០១៦ និងតូក្យូ ឆ្នាំ ២០២០។
យ៉ាងណាមិញ ការផ្លាស់ប្តូរសញ្ជាតិ នៅក្នុងប្រភេទកីឡាអត្តពលកម្ម មិនមែនជារឿងងាយស្រួលឡើយ។ រាល់សំណើរការផ្លាស់ប្តូរសញ្ជាតិអាចក្លាយជារឿងរ៉ាវដ៏តឹងរឹងមួយនៅក្នុងច្បាប់របស់សហព័ន្ធអត្តពលិកអន្តរជាតិ (WA)។ ច្បាប់ដ៏តឹងរឹងរបស់ WA បានធ្វើឡើងដើម្បីការពារអត្តពលិកកុំឱ្យផ្លាស់ប្តូរភក្តីភាពលើប្រទេសកំណើនពួកគេ សម្រាប់តែផលប្រយោជន៍ផ្ទាល់ខ្លួន៕
ប្រភព៖ THMEYTHMEY



