Arsenal របួសខ្សែការពារល្អ ៣នាក់ គ្រាដែលនាំមុខកំពូលតារាងដាច់ត្រឹម ៥ពិន្ទុពី Man City

(ឡុងដ៍)៖ Arsenal បានបន្តរបួសកីឡាករនៅតំបន់ការពារ ១រូបទៀតហើយ មុនពេលប៉ះម្ចាស់ផ្ទះ Aston Villa នាក្បាលព្រលប់ថ្ងៃសៅរ៍ ទី០៦ ខែធ្នូ នៅពេលពួកគេកំពុងនាំកំពូលតារាងលីគអង់គ្លេស Premier League ដាច់ត្រឹម ៥ពិន្ទុពីក្រុមលេខ២ Manchester City។

តួយ៉ាងណា ក្រោយជ័យជម្នះ ២ទល់នឹង០ នៅពាក់កណ្តាលសប្តាហ៍នេះទៅលើក្រុមភ្ញៀវ Brentford នៅកីឡដ្ឋាន Emirates ក្រុមរបស់លោក Mikel Arteta បានរបួសខ្សែការពារ Cristhian Mosquera ដែលអាចអវត្តមានចាប់ពី ៦-៨សប្តាហ៍ឯណោះ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

កីឡាករអន្តរជាតិអេស្ប៉ាញ វ័យ ២៦ឆ្នាំរូបនេះមានឱកាសចូលលេងនៅតំបន់ការពារកណ្តាលបែបនេះ ដោយសារមិត្តរួមក្រុមជម្រើសដំបូង Gabriel Magalhaes និង William Saliba បានជួបបញ្ហារបួសកន្លងមក។

ក្រុមកាំភ្លើងធំ នឹងធ្វើដំណើរទៅប៉ះក្រុមលេខ៣ ក្នុងលីគ Aston Villa នាម៉ោង ១៩៖៣០នាទីយប់ថ្ងៃសៅរ៍នេះ (ម៉ោងនៅកម្ពុជា) ក្នុងសប្តាហ៍ទី១៥ ជើងទី១ មុនពេលធ្វើដំណើរទៅប៊ែលហ្សិក ដើម្បីប៉ះក្រុម Club Brugge នៅថ្ងៃពុធ ទី១០ ខែធ្នូសប្តាហ៍ក្រោយ ក្នុងនាមក្រុមកំពូលតារាងពានអឺរ៉ុប UEFA Champions League រដូវកាលនេះផងដែរ៕

ប្រភព៖ FRESHNEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top