ក្រុមបញ្ចសីលាម៉ាឡេស៊ី វាយអាជ្ញាកណ្តាលដែលកាន់ជើងម្ចាស់ផ្ទះថៃ ក្នុងស៊ីហ្គេម

សមាជិកក្រុមបញ្ចសីលាម៉ាឡេស៊ី បានវាយអាជ្ញាកណ្តាលកាត់សេចក្តីការប្រកួត បន្ទាប់ពីមានភាពចម្រូងចម្រាស់ ធ្លាក់ចេញពីការប្រកួត ក្នុងវគ្គជម្រុះ ៨នាក់ចុងក្រោយ ចាញ់ម្ចាស់ផ្ទះថៃ នៅព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣៣។

ហេតុការណ៍នោះបានកើតឡើង ក្រោយពេលកីឡាការិនី Nor Farah Mazlan បានប្រកួតទល់នឹងគូប្រកួតជាកីឡាការិនីម្ចាស់ផ្ទះថៃ លើវិញ្ញាសាប្រភេទទម្ងន់ ៥០-៥៥គីឡូក្រាម ដោយលទ្ធផលចុងក្រោយកីឡាការិនីសងខាងមានពិន្ទុស្មើគ្នា ៦០-៦០។ យ៉ាងណាមិញ មន្ត្រីអាជ្ញាកណ្តាលបានកាត់ក្តីឱ្យកីឡាការិនីម្ចាស់ផ្ទះជាអ្នកឈ្នះ ផ្អែកតាមច្បាប់លទ្ធផលស្មើក្នុងការប្រកួត ហើយចាត់ទុកកីឡាការិនី Farah របស់ក្រុមម៉ាឡេស៊ីថាបានបង្កកំហុសច្រើននៅក្នុងពេលប្រកួត។

ការសម្រេចចិត្តរបស់អាជ្ញាកណ្តាលបែបនោះ ធ្វើឱ្យសមាជិកក្រុមបញ្ចសីលាម៉ាឡេស៊ីខកចិត្តខ្លាំង ហើយបាននាំគ្នាតវ៉ា ព្រោះតែអាជ្ញាកណ្តាលមិនបានយកចិត្តទុកដាក់ចំពោះពិន្ទុការប្រកួត។ ក្រុមគ្រូបង្វឹកម៉ាឡេស៊ី ថែមទាំងទទូចថា កីឡាការិនី Farah មានប្រៀបក្នុងការប្រកួតជាមួយកីឡាការិនីថៃ ។ ប៉ុន្តែ ការទាមទារនេះ មិនត្រូវបានចាប់អារម្មណ៍ពីសំណាក់ចៅក្រម និងអាជ្ញាកណ្តាលឡើយ។

ភ្លាមៗនោះ លោក Siti Rahmah Mohamed Nasir គ្រូបង្វឹក រួមទាំង Nor Farah និងសមាជិកក្នុងក្រុម ក៏បានដើរទៅតវ៉ាជាមួយនឹងក្រុមអាជ្ញាកណ្តាល។ ប៉ុន្តែចុងក្រោយខាងអាជ្ញាកណ្តាលនៅតែកាត់ក្តីឱ្យថៃឈ្នះ ទើបទាញស្ថានការណ៍ឱ្យកាន់តែមានភាពតានតឹងខ្លាំងឡើង រហូតមានការវាយប្រតាយប្រតប់គ្នារវាងក្រុមម៉ាឡេស៊ី និងមន្ត្រីអាជ្ញាកណ្តាល។ ការប៉ះទង្គិចគ្នានោះ ឈានដល់កងការពារសន្តិសុខ និងប៉ូលិសចូលមកហាមឃាត់។

ទោះមានសម្ពាធកាន់តែខ្លាំងឡើង និងបញ្ហាមិនចេះចប់មិនចេះហើយ អ្នករៀបចំស៊ីហ្គេមទី៣៣ នៅតែរក្សាលទ្ធផលឱ្យម្ចាស់ផ្ទះថៃ ឈ្នះការប្រកួតនោះដដែល។ 

រូបភាពការប៉ះទង្គិចគ្នាដ៏អាក្រក់នេះ  ត្រូវបានគេយកទៅចែករំលែកតៗ លើបណ្តាញសង្គម រហូតធ្វើឱ្យពលរដ្ឋម៉ាឡេស៊ី និងថៃ ផ្ទុះការវែកញែកដាក់គ្នាទៅមកបន្តទៀត។ ប្រព័ន្ធផ្សព្វផ្សាយម៉ាឡេស៊ី Sarawak រិះគន់ការផ្តល់ពិន្ទុរបស់អាជ្ញាកណ្តាលការប្រកួត ថាគ្មានជំនាញច្បាស់លាស់ ប៉ុន្តែក៏រិះគន់លើកីឡាករម៉ាឡេស៊ី ថាអាកប្បកិរិយាមិនសមរម្យសំដៅមន្ត្រីអាជ្ញាកណ្តាល ក៏ជារឿងមិនអាចទទួលយកបានដូចគ្នាដែរ។

នេះមិនមែនជាបញ្ហាដែលទើបកើនឡើងនោះឡើយ នៅស៊ីហ្គេមទី៣៣ ប្រទេសថៃនោះទេ។ ពោលបញ្ហាស៊ីហ្គេមនៅប្រទេសនេះ គឺបានកើតមានតាំងតែពីថ្ងៃការប្រកួតបានដំណើរការដំបូងមកម្ល៉េះ។ នៅពេលបាល់ទាត់បុរសវៀតណាម ឡាវ ផ្តើមការប្រកួត អ្នករៀបចំថៃខ្វះការយកចិត្តទុកដាក់លើការចាក់ភ្លេងជាតិ ។ ចំណែកនៅការប្រកួតដទៃរួមមានបាល់ទាត់នារី បាល់ទះនារី ជាដើមសុទ្ធសឹងតែមានបញ្ហាលើផ្នែកបច្ចេកទេសរូបភាពទង់ជាតិតំណាងប្រទេសនីមួយៗ។ 

ថ្ងៃបើកព្រឹត្តិការណ៍ ម្ចាស់ផ្ទះថៃ នៅតែបន្តមានកំហុសបច្ចេកទេសរៀបចំជារឿយៗ ហើយនៅថ្ងៃប្រកួតវិញទៀតសោត បញ្ហាកង្វះអាហារហូបចុក ពិសេសសម្រាប់អត្តពលិកកាន់សាសនាអ៊ីស្លាម និងការដឹកជញ្ជូនអត្តពលិកមានភាពយឺតយ៉ាវ​៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top