(បរទេស)៖ ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន Lionel Messi បានបោះឆ្នោតគាំទ្រខ្សែប្រយុទ្ធ Ousmane Dembele ដើម្បីទទួលបានពានឯកត្តជន The Best Player Award ប្រចាំឆ្នាំ២០២៥ របស់ FIFA ដែរ។ នេះបើយោងតាមការចេញផ្សាយដោយ Marca។
Messi ដែលធ្លាប់ឈ្នះពាន The Best FIFA បាន ៣លើកផងនោះនៅចន្លោះឆ្នាំ២០១៩ ២០២២ និងឆ្នាំ២០២៣ បានធ្វើការដាក់ពិន្ទុចំពោះជម្រើស ៣នាក់ចុងក្រោយរបស់លោកគឺ Dembele របស់ក្លឹប PSG ចំនួន ៥ពិន្ទុ លេខ២ Kylian Mbappe របស់ Real Madrid ៣ពិន្ទុ និងចុងក្រោយ ១ពិន្ទុទៅលើ Lamine Yamal មកពីក្លឹប FC Barcelona។
គួរបញ្ជាក់ផងថា ចំពោះដំណើរការនៃការជ្រើសរើស The Best FIFA Men’s Player award ពោលគឺបានមកពីការចូលរួមបោះឆ្នោតពីសំណាក់គ្រូបង្វឹកជម្រើសជាតិនានា ប្រធានក្រុម អ្នកសារព័ត៌មានកីឡា រួមទាំងអ្នកគាំទ្រនៅជុំវិញពិភពលោកទៀតផង។
ចំណែកឯលទ្ធផលផ្លូវការដែលត្រូវបានប្រកាសកាលពីរាត្រីថ្ងៃពុធ ក្នុងកម្មវិធីដែលត្រូវបានធ្វើឡើងនៅប្រទេសកាតានោះ គឹបានទៅលើខ្សែប្រយុទ្ធបារាំង Ousmane Dembele ពិតមែន នៅពេល Lamine Yamal ជាប់លេខ២ និង Kylian Mbappe បានត្រឹមចំណាត់ថ្នាក់លេខ៣៕
ប្រភព៖ FRESHNEWS



