ភ្នំពេញក្រោន យកបាន៣ពិន្ទុពីបឹងកេត ក្នុងជំនួបដ៏តានតឹងនៅលីគកំពូលកម្ពុជា សប្ដាហ៍ទី១៣

ភ្នំពេញក្រោន បានយកឈ្នះ លើបឹងកេត លទ្ធផល១-០ ក្នុងការប្រកួតសប្ដាហ៍ទី១៣ នៃពានរង្វាន់ Cambodian Premier League នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥។ សំឡេងស្រែកហ៊ោគាំទ្រ និងស្មារតីចង់ឈ្នះរបស់កីឡាករទាំង២ក្រុម ធ្វើឲ្យការប្រកួតនៅកីឡដ្ឋានភ្នំពេញក្រោន ឡើងកម្តៅ។

Cambodian Classic Match គឺជាការប្រកួតដ៏ក្ដៅគគុករវាងភ្នំពេញក្រោន និងបឹងកេត នៅកីឡដ្ឋានភ្នំពេញក្រោន។ ស្មៅដ៏ស្រស់ស្អាត កាន់តែអំណោយផលដល់ការលេងរបស់ក្រុមទាំង២។ ការប្រកួត ដែលវាយបកគ្នាទៅវិញទៅមកលឿនៗ បង្ហាញពីកម្ដៅ និង ស្មារតីចង់ឈ្នះ ក្នុងការដណ្ដើមយក ៣ពិន្ទុ រៀងៗខ្លួន។

នៅនាទី១៧ Louis Zabala របស់បឹងកេត ប៉ះទង្គិចជាមួយ Park Yi Young ខ្សែការពារភ្នំពេញក្រោន ប៉ុន្ដែត្រូវបានអាជ្ញាកណ្ដាល រួមទាំងកីឡាករទាំង២ក្រុម បានសម្រួលស្ថានភាពឡើងវិញ។ ចូលដល់នាទី២០ កីឡាករ Cyrus Dehmie ខ្សែប្រយុទ្ធបឹងកេត ទទួលបានកាតលឿងមួយ បន្ទាប់ពីយកដៃទៅរំខានអ្នកចាំទីភ្នំពេញក្រោន។ ក្រុមទាំង២ ព្យាយាមសម្រុកគ្នាទៅវិញទៅមក ប៉ុន្ដែឆ្លងមិនផុតពីខ្សែការពារឡើយ។

ក្នុងការប្រកួតនេះ កយ សាលីម អ្នកចាំទីបឹងកេត និង ចៀម សំណាង របស់ភ្នំពេញក្រោន​ សុទ្ធតែបំពេញតួនាទីបានល្អ ដោយសង្គ្រោះបាល់រៀងខ្លួនជាច្រើនលើក។ នៅនាទី៣៧ ក្រុមបឹងកេត ទទួលបានបាល់ហ្វ្រីឃីគ នៅជាប់ប្រអប់គ្រោះថ្នាក់របស់ភ្នំពេញក្រោន បន្ទាប់ពី Park Yi Young បានធ្វើឲ្យខ្សែប្រយុទ្ធបឹងកេត ដែលកំពុងអូសបាល់ ដួល។  Charlie Scott ប៊ិះរកគ្រាប់បាល់ពីការទាត់បាល់ហ្វ្រីឃីគនេះ ប៉ុន្ដែត្រូវអ្នកចាំទី ចៀម សំណាង របស់ភ្នំពេញក្រោន សង្គ្រោះដោយការទះចេញទៅក្រៅ។

នៅនាទី៤៤ ក្រុមទាំង២ កាន់តែក្ដៅស្លឹកត្រចៀកដាក់គ្នា ដោយមានការឈ្លោះគ្នា តាមរយៈការច្រានគ្នាចុះឡើង បន្ទាប់ការលោតតែតបាល់ប៉ះគ្នារវាង ស្លេះ សេន របស់បឹងកេត និងសារ ទី របស់ភ្នំពេញក្រោន។ ស្លេះ សេន បានដួលក្នុងការប៉ះគ្នានេះ មុនពេល អជ្ញាកណ្ដាលសម្រួល ស្ថានភាពមកដូចដើម និងបន្ដការប្រកួតវិញ។ ៣នាទីបន្ទាប់ គឺនៅនាទី៤៥+២លោក ហៅ សុជាតិ នាយកបច្ចេកទេសបឹងកេត ត្រូវរងពិន័យកាតក្រហម បន្ទាប់ពីតវ៉ា ទាមទារឲ្យអាជ្ញាកណ្ដាល ផ្ដល់កាត និងព្រមានទៅកីឡាករ Park Yi Young ខ្សែការពារភ្នំពេញក្រោន។ គ្រូបង្វឹកបឹងកេត លោក Conor Nestor និងមន្ដ្រីក្រុមបឹងកេត រួមទាំងលោក ហុង ផេង​ ជំនួយការគ្រូបង្វឹក មិនអាចអង្គុយនៅស្ងៀមបានឡើយ ក៏ក្រោកឡើងតវ៉ាទាំងអស់គ្នា។ យ៉ាងណាមិញ លោក អ៊ីវ ទីណា ក៏មិនផ្លាស់ប្ដូរការសម្រេចរបស់ខ្លួនឡើយ។ 

លោក អ៊ីវ ទីណា ផ្លុំកញ្ចែបញ្ចប់វគ្គទី១ ដោយក្រុមទាំង២ ស្មើគ្នា ០-០។

នេះ ដូចជាអ្វី ដែលលោក Oleg Starynskyi គ្រូភ្នំពេញក្រោន យល់ឃើញ ថាក្រុមបឹងកេត មិនមែនជាក្រុមស្រួលយកឈ្នះឡើយ។ នៅតង់ទី២ ក្រុមទាំង២ នៅតែបង្ហាញពីការលេង ដែលពោពេញទៅដោយឆន្ទៈ ចង់បាន៣ពិន្ទុ។ លទ្ធផល០-០ បានធ្វើឲ្យកីឡាករក្រុមទាំង២ ប្រយ័ត្នចំពោះការលេងរបស់ខ្លួន និងការពារមិនឲ្យមានកំហុសណាមួយកើតឡើងឡើយ ព្រោះក្លាយបណ្ដាលឲ្យគូប្រកួតអាចរកគ្រាប់បាល់បាន។

នៅនាទី៦១ អ៊ាវ សុវណ្ណារ៉ា របស់បឹងកេត បានព្យាយាមរកឱកាសស៊ុតបញ្ចូលទី ប៉ុន្ដែខុសទិសដៅ។ ២នាទីបន្ទាប់ បឹងកេត បានផ្លាស់ប្ដូរកីឡាករ២រូបចេញ អ៊ាវ សុវណ្ណារ៉ា និង Iago Banto ចេញ ហើយជំនួសវិញដោយ ឱ ភារុណ និង Bevan Myer ដែលទើបតែចូលរួមជាមួយបឹងកេត ក្នុងពេល Transfer Window ជាលើកទី២ នាពាក់កណ្ដាលរដូវកាលនេះ។ ចំណែកភ្នំពេញក្រោន ក្រុមនេះ ក៏ផ្លាស់ប្ដូរកីឡាករដែរ ដោយ សារ ទី ផ្លាស់ប្ដូរចេញ ហើយជំនួសដោយ Andres Nieto ដែលទើបតែចែកផ្លូវជាមួយ Bhayangkara របស់ឥណ្ឌូណេស៊ី។

បន្ទាប់ពីការផ្លាស់ប្ដូរកីឡាកររួច ភ្នំពេញក្រោន សម្រុកខ្លាំងលើបឹងកេត ប៉ុន្ដែត្រូវបាន កយ សាលីម អ្នកចាំទី និង Charlie Scott របស់បឹងកេត សង្គ្រោះបាល់ជាច្រើនលើក។ នៅនាទី៦៦ យ៉ែម ដវិត ខ្សែប្រយុទ្ធភ្នំពេញក្រោន រកបានមួយគ្រាប់ បន្ទាប់ពីមិត្តរួមក្រុមស៊ុតជាច្រើនជើង ហើយបាល់ក៏បានមកដល់ខ្លួន ទើបសម្រេចចិត្តស៊ុតបានដោយជោគជ័យ។ ភ្នំពេញក្រោន នាំមុខបឹងកេត ១-០ ត្រឹមនាំទី៦៦។

កម្ដៅរវាងកីឡាករក្នុងទីលាន កើតមានជាថ្មីម្ដងទៀត នៅនាទី៧៨  បន្ទាប់ពី Andres Nieto ព្យាយាមគ្រប់គ្រងបាល់ ហើយ Charlie Scott របស់បឹងកេត រត់ទៅទាត់ផ្ដាច់ចោលទៅក្រៅ។ ខណៈ Nieto ដួលរមួលមិនទាន់ក្រោកឡើង កីឡាករ Raul Faher ដែលជាមិត្តរួមក្រុម ទៅសួរខុសត្រូវជាមួយ Charlie​ ដែលបណ្ដាលឲ្យកីឡាករទាំង២ក្រុម រត់ទៅឃាត់កីឡាករទាំង២ខាងលើ ដើម្បីបន្ថយភាពតានតឹង និងជម្លោះ លើទីលាន។ មិនត្រឹមតែកីឡាករទេ គ្រូបង្វឹក និងមន្ដ្រីក្រុម ក៏ងើបពីកៅអី មកសួរខុសត្រូវពីអាជ្ញាកណ្ដាល និងជំនួយការអាជ្ញាកណ្ដាលដែរ។ រីឯអ្នកគាំទ្រ ពួកគេ នៅតែបន្ដជជែក និងស្រែកលើកទឹកចិត្តកីឡាករក្នុងទីលាន បើទោះជាមានខ្លះ ជេរ ឬបន្ទោសទៅលើ លោក អ៊ីវ ទីណា ដែលជាអ្នកកាត់សេចក្ដីនៅទីលានក៏ដោយ។

ប៉ះទង្គិចគ្នាជាច្រើនលើក ជាមួយនឹងការលេងលឿនៗ វាយបកគ្នាចុះឡើង កីឡាករបឹងកេត Louis Zabala មិនអាចបន្ដការប្រកួតបានហើយត្រូវផ្លាស់ប្ដូរចេញ នៅនាទី៨០ ជំនួសវិញដោយកីឡាករ ជា វេសលី។ នៅនាទីដដែលនោះ វ៉ាំង ដាវីន ប្ដូរចេញ ជំនួសដោយ សេត រ៉ស៊ីប។

៤នាទីជាចុងក្រោយ គឺនាទី៨៦ ភ្នំពេញក្រោន ចាប់ផ្ដើមលេងស៊ីម៉ោង។ ដោយឡែក ពេលវេលាបន្ថែម១០នាទីចុងក្រោយ កីឡាករបឹងកេត ព្យាយាមសម្រុករកគ្រាប់បាល់យ៉ាងខ្លាំង ខណៈភ្នំពេញក្រោន លេងបង្អាក់ម៉ោង។ ស្ថានភាពក្នុងទីលានកាន់តែក្ដៅ ដោយសារតែកីឡាករបឹងកេត ខំប្រឹងសម្រុករកគ្រាប់បាល់ និងមានការប៉ះទង្គិចគ្នាជាមួយកីឡាករភ្នំពេញក្រោន ជាច្រើនទៀត។ នៅនាទី៩០+១០ បឹងកេត ទទួលបានបាល់ជ្រុងជាលើកចុងក្រោយ។ មិត្តរួមក្រុមបានលើកបាល់ជ្រុងនោះមក ហើយ តាំង ប៊ុនឆៃ តែតមិនចំគោលដៅ។ លោក អ៊ីវ ទីណា ពិន័យកាតលឿងមួយទៅឲ្យ ចៀម សំណាង អ្នកចាំទីភ្នំពេញក្រោន ដោយសារព្យាយាមស៊ីម៉ោង មិនព្រមទាត់បាល់ចេញ។ ៣០វិនាទីបន្ទាប់ កីឡាករ Beven Myer របស់បឹងកេត ខឹងរត់ទៅបុកកីឡាករ Rick Ketting របស់ភ្នំពេញក្រោន ហើយក៏ប្រទុស្ដរាយជាមួយ Raul Faher។ ចប់ការប្រកួត ភ្នំពេញក្រោន ឈ្នះ បឹងកេត លទ្ធផល១-០។

ក្នុងសប្ដាហ៍ទី១៣ ដដែលនេះ នាថ្ងៃទី២១ ធ្នូ ព្រះខ័នរាជស្វាយរៀង បានឈ្នះ អង្គរថាយហ្គឺរ លទ្ធផល៣-១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ លុះចូលដល់ថ្ងៃទី២២ ធ្នូ កងយោធពលខេមរភូមិន្ទ ចាញ់ណាហ្គាវើលដ៍ លទ្ធផល២-០ នៅកីឡដ្ឋានស្ដាតចាស់ ខណៈ វិសាខា ឈ្នះ ក្រុមឡាយហ្វ ព្រះសីហនុ លទ្ធផល៣-១ នៅកីឡដ្ឋានឡាយហ្វ៍។

គិតត្រឹមសប្ដាហ៍ទី១៣ ព្រះខ័នរាជស្វាយរៀង នៅចំណាត់ថ្នាក់លេខ១ មាន៣៣ពិន្ទុ ខណៈភ្នំពេញក្រោន មាន២៧ពិន្ទុ នៅចំណាត់ថ្នាក់លេខ២។ រីឯអង្គរថាយហ្គឺរ ក្រុមមកពីសៀមរាបនេះ នៅចំណាត់ថ្នាក់លេខ៣ មាន២២ពិន្ទុ។ ចំណែកបឹងកេត ក្រុមនេះ​នៅចំណាត់ថ្នាក់លេខ៤ មាន១៩ពិន្ទុ តាមពីក្រោយដោយណាហ្គាវើលដ៍ មាន១៨ពិន្ទុ នៅចំណាត់ថ្នាក់លេខ៥។ 

ក្រុមលេខ៦ វិសាខា មាន១៥ពិន្ទុ នៅលេខ៦ ខណៈកងយោធពលខេមរភូមិន្ទ នៅលេខ៧ មាន១៤ពិន្ទុ។ ក្រុមអឹម អូ អាយ កំពង់ដេវ៉ា មាន១១ពិន្ទុ នៅចំណាត់ថ្នាក់លេខ៨ តាមពីក្រោយដោយគិរីវង់សុខសែនជ័យ មាន១០ពិន្ទុ នៅចំណាត់ថ្នាក់លេខ៩។ រីឯឡាយហ្វ ព្រះសីហនុ នៅលេខ១០ និងអាយ អេស អាយ ដង្កោសែនជ័យ នៅលេខ១១ មាន៤ពិន្ទុស្មើគ្នា៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top