ព្រះខ័នរាជស្វាយរៀង ជាក្រុមរបស់កម្ពុជាតែមួយគត់ដែលមានកម្មវិធីប្រកួតសំខាន់ ៤ ផ្សេងគ្នាគិតចាប់ពីថ្ងៃទី២១ ខែមករា ឆ្នាំ ២០២៦។
ពានរង្វាន់សំខាន់ទាំង ៤ ដែល ព្រះខ័នរាជស្វាយរៀងប្រកួតគឺ ជម្រើសជើងឯកខេមបូឌានព្រមៀរលីគ ពានរង្វាន់ក្លិបអាស៊ាន ASEAN Club Championship និង AFC Challenge League ដែលបានប្រកួតជាច្រើនខែមកហើយ។
ពានរង្វាន់សំខាន់ក្នុងស្រុកមួយទៀតគឺ ពានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ដែលនឹងចាប់ផ្តើមនៅខែមករា ឆ្នាំ ២០២៦។
ជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ រដូវកាល ២០២៥-២៦
- ឈានចូលសប្តាហ៍ទី១៥ នៅថ្ងៃទី១០ ខែមករា ឆ្នាំ ២០២៦ ដោយ ព្រះខ័នរាជស្វាយរៀង ត្រូវធ្វើដំណើរទឹកលេងនៅទឹកដីរបស់ ឡាយហ្វ ខេត្តព្រះសីហនុ បន្ទាប់ពី ឈ្នះ ១១ ប្រកួត និងចាញ់ ៣ ប្រកួត មាន ៣៣ ពិន្ទុ កំពុងឈរលេខ២ក្នុងតារាង។
ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩
- វគ្គ ១៦ ក្រុមចុងក្រោយ ថ្នាក់ជាតិ ជើងទី១ ព្រះខ័នរាជស្វាយរៀង ត្រូវធ្វើដំណើរទៅលេងនៅទឹកដីខេត្តបាត់ដំបង យូណៃធីត សម្រាប់ជើងទី១ នៅថ្ងៃទី២១ ខែមករា ឆ្នាំ ២០២៦។
ពានរង្វាន់ក្លិបអាស៊ាន ASEAN Club Championship រដូវកាល ២០២៥-២៦
- ព្រះខ័នរាជស្វាយរៀង ត្រូវបើកទ្វារពហុកីឡដ្ឋានជាតិមរតកតេជោ ទទួលក្រុមខ្លាំងមកពីថៃ Bangkok United នៅថ្ងៃទី២៩ ខែមករា ឆ្នាំ ២០២៦ វគ្គសន្សំពិន្ទុក្នុងពូល B។ ក្លិបរបស់ថៃមួយនេះធ្លាប់បានប្រកាសថា មិនមកប្រកួតនៅកម្ពុជាទេដោយបានស្នើសុំលេងនៅទឹកដីកណ្តាល។ ទោះបីជាយ៉ាងណា ព័ត៌មានចុងក្រោយបំផុត ក្លិបថៃមួយនេះបានប្រកាសពីកាលវិភាគប្រកួតជាមួយ ព្រះខ័នរាជស្វាយរៀង នៅផេកផ្លូវការរបស់ក្លិបហើយ។
ពានរង្វាន់ទ្វីបអាស៊ីកម្រិតទី៣ AFC Challenge League រដូវកាល ២០២៥-២៦
- វគ្គ ៨ ក្រុមចុងក្រោយ ព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន ត្រូវជួបគ្នាពីរជើងគឺ ថ្ងៃទី៨ ខែមីនា និងទី១២ ខែមីនា ដើម្បីរក១ក្រុមឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ តាមរយៈការជួបគ្នារវាងក្រុមកម្ពុជាទាំងពីរនេះមានន័យថា កម្ពុជា មាន១ក្រុមឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕
ប្រភព៖ KAMPUCHEATHMEY



