ប្រធានក្រុមរបស់ក្រុម Al-Nassr កីឡាករ Cristiano Ronaldo កំពុងជំរុញថ្នាក់លើក្លិប ឱ្យចុះកិច្ចសន្យានាំយកខ្សែការពារ Antonio Rudiger ពី Real Madrid នៅរដូវកាលក្រោយ។
កិច្ចសន្យារបស់ខ្សែការពារ អាល្លឺម៉ង់ វ័យ ៣២ ឆ្នាំ ជាមួយ Real Madrid គឺជិតផុតកំណត់ហើយ។ ប្រសិនបើរូបគេមិនបន្តកិច្ចសន្យាថ្មី នោះនឹងក្លាយជាកីឡាករគ្មានតម្លៃខ្លួននៅរដូវក្តៅឆ្នាំ ២០២៦។ ថ្មីៗនេះ Ronaldo ត្រូវបានគេអះអាងថា កំពុងដើរតួជាអ្នកបញ្ចុះបញ្ចូលក្លិប Al-Nassr ឱ្យនាំយកអតីតខ្សែការពាររបស់ Chelsea រូបនេះ មកលេងជាមួយខ្លួននៅលីគ Saudi Pro League។
យោងតាមសារព័ត៌មាន Fichajes បានឱ្យដឹង ថា Rudiger ពេលនេះមានសិទ្ធិចរចាជាមួយក្លិបដទៃដោយសេរី ដោយសាររូបគេនៅសល់កិច្ចសន្យាជាមួយ Real Madrid តិចជាង ៦ ខែ។ ក្លិប Al-Nassr កំពុងត្រៀមខ្លួនធ្វើការប្រកួតប្រជែងជាមួយក្លិបផ្សេងៗយ៉ាងខ្លាំង ដើម្បីនាំយកខ្សែការពារ អាល្លឺម៉ង់ រូបនេះមកកាន់ទឹកដី អារ៉ាប៊ីសាអ៊ូឌីត តាមការចង់បានរបស់ Ronaldo។
ពាក់ព័ន្ធការបន្តកិច្ចសន្យាថ្មីរវាង Rudiger និង Real Madrid ត្រូវបានគេដឹង ថា ហាក់មិនភាពរីកចម្រើននោះទេ។ ប្រការនេះបានធ្វើឱ្យពាក្យចចាមអារ៉ាមជាច្រើន ថា Rudiger អាចនឹងចាកចេញពីទឹកដី Santiago Bernabeu នៅចុងបញ្ចប់រដូវកាល ២០២៥-២០២៦ នេះ៕
ប្រភព៖ KAMPUCHEATHMEY



