លោក Fletcher នឹងបន្តដឹកនាំ Man Utd ប្រកួត FA Cup ក្រោយស្មើ Burnley

លោក Darren Fletcher អះអាងថាខ្លួន នឹងត្រូវដឹកនាំក្រុម Manchester United ក្នុងនាមជាគ្រូបង្វឹកបណ្តោះអាសន្តដដែល សម្រាប់ការប្រកួតពានរង្វាន់ FA Cup ជុំទី៣ ទល់នឹង ​Brighton & Hove Albion ក្នុងកីឡដ្ឋាន Old Trafford។ ការប្រកាសនេះ ក្រោយពេលលោក ដឹកនាំបិសាចក្រហមប្រកួតស្មើក្រុម Burnley លទ្ធផល ២-២ ក្នុងជំនួប Premier League ថ្ងៃទី៧ មករា រួចមក។

លទ្ធផលស្មើទល់ Burnley ធ្វើឱ្យលោក Fletcher ខកខានរកបានជ័យជម្នះដំបូង នៅក្នុងនាមជាគ្រូបណ្តោះអាសន្នរបស់ Man Utd។ អតីតខ្សែបម្រើបិសាចក្រហមរូបនេះ ចូលកាន់តំណែង ជំនួសលោក Ruben Amorim ដែលត្រូវបានក្លិបបណ្តេញចេញកាលពីថ្ងៃទី៥ មករា ព្រោះតែរឿងចម្រូងចម្រាសផ្ទៃក្នុងជាច្រើន។ 

ដឹកនាំការប្រកួតដំបូងក៏ពិតមែន ប៉ុន្តែប្រព័ន្ធលេងនិងទម្រង់លេងរបស់គ្រូបង្វឹកក្រុម Man Utd អាយុក្រោម ១៨ឆ្នាំ ធ្វើឱ្យក្រុមឈុតធំ មានសកម្មភាពប្រយុទ្ធមុតស្រួចខ្លាំងជាងកាលលោក Amorim នៅដឹកនាំ។ នៅក្នុងការប្រកួតទាំងមូលកីឡាករបិសាចក្រហម បង្កើតឱកាសស៊ុតបាល់ ៣០លើក។ ឱកាសខ្លះភាគច្រើនគ្រាប់បាល់សឹងតែចូលទីទៅហើយ ប៉ុន្តែត្រូវអ្នកចាំទីសង្គ្រោះ និងខ្សែការពារ Burnley ទៅទាត់បាល់ចេញទាន់ពេល។

បញ្ចប់ការប្រកួត នៅក្នុងសន្និសីទកាសែត បុរសសញ្ជាតិស្កុតឡែន ហាក់មិនពេញចិត្តឡើយចំពោះលទ្ធផលស្មើនោះ។ បុរសវ័យ ៤១ឆ្នាំ ថែមទាំងបញ្ជាក់ថាលោកក៏នឹងត្រូវបន្តដឹកនាំក្រុម ប្រកួតប្រជែងនៅក្នុងពានរង្វាន់ FA Cup ផងដែរ នៅថ្ងៃទី១០ មករា ក្នុងទឹកដី Old Trafford។ 

«សម្រាប់ខ្ញុំការពិតទៅ យើងពិតជាខកចិត្តខ្លាំងចំពោះលទ្ធផលស្មើនេះ។ បើសិនអ្នកមើលទៅសកម្មភាពការប្រកួត យើងបានបង្កើតឱកាសជាច្រើន ការលេងដោយវាយសម្រុកខ្លាំង យើងបង្កើត​ឱកាសទាំងនោះឡើងមក គឺសមតែឈ្នះ។ យ៉ាងណាយើងត្រូវទទួលយកលទ្ធផលនេះ […] អ្វីសំខាន់បំផុត ខ្ញុំកំពុតតែផ្តោតលើការងារដែលកំពុងមានក្នុងដៃប៉ុណ្ណោះ គឺការប្រកួតបន្ទាប់។»។ នេះជាសម្តីរបស់លោក Fletcher។

អតីតកីឡាករក្រោមដឹកនាំរបស់ជំនាន់លោក Sir Alex Ferguson ធ្លាប់បង្ហាញខ្លួនលេងរហូតដល់ទៅ ៣៤២ប្រកួត ឯណោះជាមួយ Man Utd។ ​មែនទែនទៅ Fletcher នឹងបន្តដឹកនាំបិសាចក្រហមរហូត ទាល់តែក្លិបរកបានអ្នកដឹកនាំថ្មីពេញសិទ្ធិចូលលមកកាន់តំណែង។ ចំណែកប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសមួយចំនួន បានរាយការណ៍ថា ក្លិបបិសាចក្រហមអាចនឹងតែងតាំងអ្នកជំនួសតំណែងលោក Amorim នៅចុងបញ្ចប់រដូវកាលឯណោះ។ 

ថ្មីៗនេះ រឿងរ៉ាវជាច្រើនបានលេចឡើងដោយ លោក Ole Gunnar Solkjaer បានក្លាយជាបេក្ខភាពនាំមុខគេបង្អស់ ក្នុងការវិលត្រឡប់ទៅដឹកនាំក្រុមបិសាចក្រហមជាថ្មី។ លោក Michael Carrick អតីតកីឡាករ Man Utd ក៏ជាបេក្ខភាពម្នាក់ដែរ ដែលអាចទៅដឹកនាំក្រុមក្នុងគ្រាលំបាកនេះ៕

ប្រភព៖ FRESHNEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top