លោក ត្រាំ ហាមពលរដ្ឋ ៤ប្រទេសចូលទស្សនា World Cup នៅអាម៉េរិក

ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ មកដល់ពេលនេះបានហាមឃាត់ប្រជាជនចំនួន ៤ប្រទេស រួមមាន អ៊ីរ៉ង់ ហៃទី សេណេហ្គាល់ និងកូតឌឺវ័រ មិនឱ្យចូលទស្សនាការប្រកួតព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២៦ លើទឹកដីអាម៉េរិក។ ការហាមឃាត់របស់អាម៉េរិកក្រោមហេតុផលដើម្បី «ការពារសន្តិសុខជាតិអាម៉េរិក» ស្របពេលប្រទេសទាំង៤សុទ្ធសឹងទទួលបានកៅអីបាល់ទាត់ពិភពលោករួចស្រេច។

ការហាមឃាត់លើការធ្វើដំណើររបស់ពលរដ្ឋទាំង៤ ចូលទឹកដីអាម៉េរិក ត្រូវបានចូលជាធរមាន កាលពីថ្ងៃទី១ មករា ដើមឆ្នាំ ២០២៦ តែម្តង។ បើតាមកាសែត BBC ការហាមឃាត់មិនប៉ះពាល់សម្រាប់អ្នករស់នៅអាម៉េរិកអចិន្ត្រៃយ៍ស្របច្បាប់ អ្នកមានសិទ្ធិកាន់ទិដ្ឋការអាម៉េរិក ឬអ្នកការទូតនោះឡើយ។ 

ការហាមឃាត់នេះត្រូវបានណែនាំផ្ទាល់ពីសំណាក់លោក ត្រាំ តាំងពីឆ្នាំ ២០២៥ មកម្លេ៉ះ។ ​នេះមានន័យថាអ្នកគាំទ្របាល់ទាត់ប្រទេសជាប់ឈ្មោះក្នុងបញ្ជីរឹតត្បិតទាំងនោះ នឹងមិនអាចធ្វើដំណើរទៅគាំទ្រក្រុមខ្លួនប្រកួត World Cup ឆ្នាំ ២០២៦ លើទឹកដីអាម៉េរិកឡើយ។ អាម៉េរិកជាសហម្ចាស់ផ្ទះរៀបចំការប្រកួតបាល់ទាត់ពិភពលោកជាមួយនឹងកាណាដា និងម៉ិកស៊ិក ដែលនឹងរៀបចំពីថ្ងៃទី១១ មិថុនា ដល់ ១៩ កក្កដា ឆ្នាំនេះ។

លោក ត្រាំ កាលឆ្នាំ ២០២៥ កន្លងទៅថែមទាំងធ្លាប់ប្រកាសដែរថា ពលរដ្ឋប្រទេសហៃទី, អ៊ីរ៉ង់ នឹងត្រូវបានហាមឃាត់ដាច់ខាតមិនឱ្យធ្វើដំណើរចូលមកទឹកដីអាម៉េរិក។ បម្រាមនេះ កើតឡើង ក្រោយអ៊ីរ៉ង់បានក្លាយជាប្រទេសដំបូងគេដណ្តើមបានកៅអីព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២៦ តាមរយៈប្រកួតជម្រុះទ្វីបអាស៊ី។

ក្រោយមកហៃទី ដណ្តើមបានកៅអីដើម្បីចូលលេងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកជាលើកទី២ ក្រោយពួកគេដណ្តើមបានកៅអីស្វ័យប្រវត្តិពីការប្រកួតជម្រុះទ្វីបអាម៉េរិកខាងជើង CONCACAF។ ឱកាសហៃទីទទួលបាន ក៏ព្រោះតែការប្រកួតជម្រុះនោះពុំរាប់បញ្ចូលក្រុម អាម៉េរិក កាណាដា ម៉ិកស៊ិក ដែលបានកៅអីរួចស្រេចក្នុងនាមជាម្ចាស់ផ្ទះ World Cup។

ក្រឡែកទៅទ្វីបអាហ្វ្រិក សេណេហ្គាល់ និងកូតឌឺវ័រ ជាក្រុមដែលបានឈ្នះកៅអីសម្រាប់ប្រកួត World Cup ឆ្នាំនេះ ក៏ស្ថិតក្រោមការហាមឃាត់តឹងរឹងបំផុតពីអាម៉េរិកដែរ។ ប្រទេសអាហ្វ្រិកទាំង ២ ស្ថិតក្នុងបញ្ជីហាមឃាត់ការធ្វើដំណើរចូលអាម៉េរិកដោយផ្នែកខ្លះប៉ុណ្ណោះ មិនពេញលេញដូចទៅនឹងហៃទី និងអ៊ីរ៉ង់ ឡើយ។

យ៉ាងណាមិញការហាមឃាត់នោះសំដៅខ្លាំងតែលើពលរដ្ឋ​ប៉ុណ្ណោះ ខណៈលោក ត្រាំ ដែលកំពុងប្រឈមមុខទៅនឹងបាតុកម្មករណីដាក់ពង្រាយភ្នាក់ងារអន្តោប្រវេសន៍អាម៉េរិក (ICE) ទូទាំងអាម៉េរិក បានផ្តល់សិទ្ធិលើកលែងលើក្រុមកីឡាករ គ្រូបង្វឹក និងសាច់ញាតិពួក ពីប្រទេសទាំង ៤ នោះ អាចចូលមកប្រកួតបាន។ បើក្រឡែកទៅប្រទេសកាណាដា និងម៉ុកស៊ិក មិនមានការហាមឃាត់ធ្វើដំណើរលើប្រទេសណាមួយឡើយ។ 

អ្នកគាំទ្រសេណេហ្គាល់ អាចទៅមើលការប្រកួតក្រុមរបស់ពួកគេ ជាការប្រកួតទី៣ ក្នុងវគ្គចែកពូល ដែលនឹងត្រូវធ្វើលើទឹកដីកាណាដា​។ សេណេហ្គាល់ត្រូវបានចាប់ឆ្នោតចូលពូល I ដែលមានក្រុមខ្លាំងបារាំង ដាណឺម៉ាក និងក្រុមដែលឈ្នះកៅអីពីការប្រកួតជម្រុះអន្តរទ្វីប។​ ឯអ្នកគាំទ្រ កូតឌឺវ័រ អាចទៅមើលការប្រកួតទី២ ក្នុងពូល E ដែលក្រុមពួកគេត្រូវជួបអាល្លឺម៉ង់ នៅកាណាដា ដូចគ្នាដែរ។​

រឿងដែលសោកស្តាយបំផុតសម្រាប់អ្នកគាំទ្រហៃទី និងអ៊ីរ៉ង់ គឺក្រុមពួកគេត្រូវប្រកួតនៅលើទឹកដីអាម៉េរិក នៅការប្រកួតវគ្គចែកពូលទាំង ៣ប្រកួតដូចគ្នា៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top