ព្រះ​ខ័ន​រាជ​ស្វាយរៀង សង្ឃឹម​នាំ​ភាព​អស្ចារ្យ​ជូន​អ្នក​គាំទ្របន្ត​ទៀត​នៅ​ពេល​ប៉ះ​ក្រុមខ្លាំង​ Lion City

ក្រុម​បាល់ទាត់​ព្រះខ័នរាជ្យស្វាយរៀង ​បាន​ចេញ​ដំណើរ​ទៅ​ប្រទេស​សិង្ហបុរី​ហើយ​នៅ​រសៀល​ថ្ងៃ​ទី៣​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៦​ នេះ​ដើម្បី​ត្រៀម​ប៉ះ​ម្ចាស់​ផ្ទះ​ Lion City ក្នុង​ពាន​រង្វាន់​ Shopee Cup ខណៈ​ក្រុម​តំណាង​ឲ្យ​កម្ពុជា​មួយ​នេះ​សង្ឃឹម​បន្ត​នាំ​ភាព​អស្ចារ្យ​ជា​ថ្មី​ទៀត​ជូន​អ្នក​គាំទ្រ។​

លោក Matthew McConkey បាន​ឲ្យ​ដឹង​មុន​ហោះ​ទៅ​សិង្ហបុរី​ថា​ មួយ​រយៈពេល​នេះ​ក្រុម​មិន​សូវ​មាន​ពេល​វេលា​ច្រើន​ក្នុង​ការ​ត្រៀម​ការ​ប្រកួត​នេះ​ទេ។​ ក្រុម​បាន​ហ្វឹកហាត់​តាម​ផែនការ​មួយ​ចំនួន​សម្រាប់​ត្រៀម​លេង​តទល់​ជាមួយ​ Lion City ដែរ​ ប៉ុន្តែ​ហ្វឹកហាត់​ក្នុង​កម្រិត​ស្រាលៗ​នោះ​ឡើយ​ដោយ​សារ​តែ​ក្រុម​មាញឹក​ពេក។​ នៅ​ថ្ងៃ​ស្អែក​ក្រុម​នឹង​បន្ត​ហ្វឹកហាត់​ជា​ផ្លូវ​ការ​ទៀត​នៅ​ឯ​សិង្ហបុរី។​

គ្រូ​បង្វឹក​រូប​នេះ​លើក​ឡើង​ពី​សមត្ថភាព​របស់​ក្រុម​ Lion City ​ថា​ជា​ក្រុម​ខ្លាំង​មួយ​មាន​ការ​រៀបចំ​កម្រិត​​ខ្ពស់​ និង​អាច​លេង​បាន​គ្រប់​ទម្រង់។​ កីឡាករ​មាន​សមត្ថភាព​លេង​ល្អ​ និង​អាច​ប្រយុទ្ធ​បាន​គ្រប់​ពេល។​ មួយ​វិញ​ទៀត​កីឡាករ​ម្ចាស់​ផ្ទះ​នេះ​អាច​នឹង​លេង​ទម្លាក់​មក​ការពារ​នៅ​តំបន់​ខ្លួន​ក៏​មាន​ដែរ។​ យ៉ាងណា​ព្រះខ័នរាជ្យស្វាយរៀង​ ក៏​បាន​ហ្វឹកហាត់​ត្រៀម​លេង​ទប់ទល​ជា​មួយ​ទម្រង់នេះ​​របស់​ដៃគូ​ដូច​គ្នា។​

ក្លឹប​របស់​លោក​គឺ​នៅ​តែ​រក្សា​ទម្រង់​លេង​ដដែល​ដោយ​ព្យាយាម​ដាក់​សម្ពាធ​ គ្រប់គ្រង​បាល់​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ និង​ស្វែង​រក​ឱកាស​ក្នុង​ការ​ប្រយុទ្ធ​ជា​ដើម។​ ការ​ប្រកួត​អន្តរជាតិ​របស់​ព្រះខ័នរាជស្វាយរៀង​កន្លង​ទៅ​ប៉ះ​សុទ្ធតែ​ក្រុម​ខ្លាំង​ៗ​ដែល​គ្រប់​គ្នា​គិត​ថា​ពិបាក​មុន​ការ​ប្រកួត​ ប៉ុន្តែ​ក្រុម​នៅ​តែ​អាច​ធ្វើ​បាន​ល្អ​ និង​តែងតែ​នាំ​ភាព​អស្ចារ្យ​ជូន​អ្នក​គាំទ្រ។​ ដូច្នេះ​ការ​ប្រកួត​ប៉ះ​ Lion City ​លើក​នេះ​ក៏​ដូច​គ្នា​ក្រុម​នឹង​ព្យាយាម​ធ្វើ​ឲ្យ​បាន​ល្អ​ជូន​អ្នក​គាំទ្រ​ជា​ថ្មី​ទៀត។​

បញ្ជាក់​ដែរ​ថា​ ក្រុម​បាល់ទាត់​បាល់ទាត់​ព្រះខ័នរាជ្យស្វាយរៀង​ នឹង​ធ្វើ​ការ​ប្រកួត​ជា​មួយ​ម្ចាស់​ផ្ទះ​ Lion City នៅ​ថ្ងៃ​ទី៥​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៦​ នៃ​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល​ B ពាន​រង្វាន់​ Shopee Cup៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top