Ronaldo បន្តពហិការមិនលេងឱ្យ Al Nassr និងព្រមានដើរចេញដើម្បីប្រឆាំងមូលនិធិ PIF

កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo នៅរក្សា​ជំហរពហិការមិនលេងឱ្យក្រុម Al Nassr នៅ​ការប្រកួតទីពីរបន្ទាប់ទៀត ក្រោយមិនទទួលបានការធានាជាក់លាក់ណាមួយ ចំពោះការ​វិ​និយោគ និងការកែលម្អផ្នែកដឹកនាំមកកាន់ក្រុមខ្លួន ពីសំណាក់មូលនិធិវិនិយោគ​សាធារណៈ​​អារ៉ាប៊ីសាអូឌីត (PIF)។ កីឡាករវ័យ៤០ឆ្នាំ ក៏ព្រមានចាកចេញពីក្រុម​នៅខែ​មិថុនា បើគ្មានដំណោះស្រាយពី PIF។

បើតាមប្រភពស្និទ្ធនៅក្លិប Al Nassr ប្រាប់ទូរទស្សន៍ ESPN បើគ្មានការធានាណាមួយធ្វើ​ឡើងពី​សំណាក់ មូលនិធិ PIF មកលើក្លិប Al Nassr នោះទេ នោះតារាបាល់ទាត់សញ្ជាតិ​ព័រទុយហ្កាល់ និងដើរចេញពីក្លិបភ្លាម នៅក្នុងខែមិថុនា។ Ronaldo ថែមទាំងបដិសេធមិន ចូលលេងឱ្យក្រុម Al Nassr នៅការប្រកួតលើកទី២ ដែលជាពេលក្រុមត្រូវតទល់នឹងក្រុម Al Ittihad បន្ទាប់ពីគេពហិការមិនលេងនៅការប្រកួតយកឈ្នះក្រុម Al Riyadh លទ្ធផល ១-០ កាលពីថ្ងៃទី២ កុម្ភៈ ឆ្នាំ២០២៦រួចមក។

មូលនិធិ PIF គឺជាមូលនិធិទ្រព្យសម្បត្តិអធិតេយ្យភាពរបស់ប្រទេសអារ៉ាប៊ីសាអូឌីត សម្រាប់ជួយផ្គត់ផ្គង់ផ្នែកហិរញ្ញវត្ថុ ការវិនិយោគ និងការអភិវឌ្ឍភាគច្រើនជាង ៦០ភាគ ក្នុង​ប្រទេស។ ក្លិប Al Nassr, Al Hilal, Al Ahli និង Al Ittihad ជាក្លិបស្ថិតក្រោមការគ្រប់គ្រង​របស់មូលនិធិ PIF។

មូលនិធិមានទ្រព្យសម្បត្តិច្រើនជាងគេលើពិភពលោកនេះ ក៏កាន់កាប់ក្លិបបាល់ទាត់នៅ​ក្របខណ្ឌ Premier League គឺក្លិប Newcastle United ផងដែរ។

​ការធ្វើពហិការរបស់កីឡាករប្រធានក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្កាល់ គឺដើម្បី​ទាមទារ​ឱ្យ​មូលនិធិ PIF ផ្តល់ការវិនិយោគឱ្យស្មើភាពគ្នា មកកាន់ក្លិប Al Nassr ឱ្យស្រដៀង​ទៅនឹងក្លិប Al Hilal ដែលជាគូប្រជែងប្រចាំលីគកំពូល Saudi Pro League។​ 

បើតាមប្រភពក្នុងក្លិប Al Nassr ដដែល Ronaldo ក៏បានព្យាយាមរារាំងការផ្ទេរកីឡាករ Karim Benzema ពីក្រុម Al Ittihad ទៅកាន់ក្រុម Al Hilal ព្រោះគេគិតថាការផ្ទេរយក​កីឡាករសញ្ជាតិបារាំង គឺជារឿងមិនស្មើភាព និងបង្ហាញថាមូលនិធិ កំពុងរៀបផ្លូវជួយ Al Hilal ឈ្នះពានលីគកំពូលអារ៉ាប៊ីសាអូឌីត។

យ៉ាងណាមិញ ត្រឹមថ្ងៃទី៤ កុម្ភៈ ​Al Hilal បានបញ្ចប់ការផ្ទេរយក Karim Benzema ជាផ្លូវការ​។

ចំណែកកីឡាករបារាំងវ័យ ៣៨ឆ្នាំ បានផ្ទេរទៅក្លិប Al Hilal ដោយការចំណាយលើការផ្ទេរ និងថ្លៃកិច្ចសន្យាផ្សេងៗប្រមាណ ២៥ភាគរយ គឺត្រូវបានព្រះអង្គម្ចាស់ Al Waleed ម្ចាស់​ក្លិបផ្តល់ជូន ខណៈតម្លៃកិច្ចសន្យាចំនួន ៧៥ភាគរយផ្សេងទៀត បានពី PIF។ 

​ប្រភពដដែលបញ្ជាក់​ប្រាប់ ESPN បន្ថែមថា មូលនិធិ PIF បានសន្យាជាមួយ Ronaldo ក្នុង​ការផ្តល់ការវិនិយោគធំ នៅរដូវកាល២០២៧ ដើម្បីលួងចិត្តកីឡាករម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យ កុំឱ្យដើរចេញពីទឹកដីអារ៉ាប៊ីសាអូឌីត៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top