ក្រោយចាញ់ស្វាយរៀង ក្លិប Lion City បញ្ចប់លោក Rankovic ពីតំណែងគ្រូបង្វឹក

ក្លិប Lion City Sailors FC បានបញ្ចប់លោក Aleksandar Rankovic ពីតំណែងគ្រូបង្វឹក បន្ទាប់ពីក្រុមនៃលីគកំពូលសិង្ហបុរី (SPL) ចាញ់ព្រះខ័នរាជស្វាយរៀង ២-០ នៅជំនួបវគ្គសន្សំពិន្ទុ Shoppe Cup។

បើតាមការប្រកាសរបស់ក្លិប​ Sailors នៅថ្ងៃទី៦ ខែកុម្ភៈ បន្ទាប់​ពី​ដឹកនាំ​បានរយៈពេល ២ ឆ្នាំ​កន្លះ គ្រូបង្វឹកសញ្ជាតិស៊ែប៊ី Aleksandar Rankovic និង ក្រុម Sailors ត្រូវចែកផ្លូវគ្នាដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​។ គ្រូជំនួយលោក Varo Moreno នឹង​ទទួល​បន្ទុកមើលការខុសត្រូវ​បណ្ដោះអាសន្ន​ ដោយត្រូវដឹកនាំ Sailors តទល់ Young Lions ក្នុងជំនួប SPL នៅ​ថ្ងៃ​ទី៨ ខែ​កុម្ភៈ។ សម្រាប់ការ​ស្វែងរក​គ្រូបង្វឹក​ថ្មី​កំពុង​ដំណើរការ ហើយ​អ្នក​ស្នង​តំណែង​របស់ Rankovic នឹង​ត្រូវ​ប្រកាស​ក្នុង​ពេល​ឆាប់ៗ​នេះ។

ចំពោះការចែកផ្លូវនឹងគ្រូ Rankovic ក្លិប Sailors បាន​សរសេរក្នុងសេចក្តីប្រកាសរបស់ខ្លួបថា៖« ក្លិប​សូម​សម្តែងការអរគុណ​ចំពោះ Rankovic ដែល​បាន​ដឹកនាំ​ក្រុមរបស់យើង​​ដ៏​ជោគជ័យ​ក្នុង​ប្រវត្តិសាស្ត្រ​។ ​យើង​សូម​ជូនពរ​ Rankovic ទទួល​បាន​ជោគជ័យ​​នា​ពេល​អនាគត»។

ការ​ចាកចេញ​របស់គ្រូសញ្ជាតិស៊ែប៊ី វ័យ៤៧ឆ្នាំ បាន​កើត​ឡើង​បន្ទាប់​ពី​ក្រុម Sailors បាន​ចាញ់​ព្រះខ័ន​ស្វាយរៀង​កម្ពុជា ២-០ ក្នុង​ការ​ប្រកួត​ជើងឯក​ក្លិប​អាស៊ាន Shoppe Cup នៅ​ថ្ងៃ​ទី៥ ខែ​កុម្ភៈ។
អ្នកគាំទ្រ Sailors ​សុទ្ធតែបង្ហាញការ​ខកចិត្តចំពោះបរាជ័យនេះ។ ​នៅលើ​បណ្ដាញ​សង្គមអ្នកគាំទ្រក្លិបសិង្ហបុរីមួយនេះ​​បង្ហាញ​ពីក្តី​កង្វល់​ ដោយ​អះអាង​ថា ក្រុមដែលពួកគេគាំទ្រមួយនេះ ធ្វើមិនបាន​ល្អសោះ​ក្រោម​ការ​ដឹកនាំ​របស់​លោក Rankovic។ 

បើតាមការចុះផ្សាយរបស់កាសែត The Straits Times ក្តីរំពឹងរបស់អ្នកគាំទ្រទៅលើក្លិបរបស់ពួកគេខ្ពស់បំផុត គឺការឈ្នះពាន មិនថាពានក្នុងស្រុក ឬក្រៅស្រុកឡើយ។ ដូច្នេះគ្រូបង្វឹក និងកីឡាករ ជាទូទៅត្រូវបានវិនិច្ឆ័យលើសមត្ថភាព និងលទ្ធផលប្រកួតជាសំខាន់តែម្តង។

ក្រោមការដឹកនាំរបស់លោក Rankovic ក្រុម Sailors សុទ្ធតែទទួលបានលទ្ធផលខកចិត្ត ទាំង AFC Champions League Two និង Shopee Cup នេះ។  

ក្នុងចំណោម៨ក្រុម Sailors ស្ថិតនៅចំណាត់ថ្នាក់កំពូលតារាង SPL បណ្តោះអាសន្ន ដោយរកបាន២៤ពិន្ទុពីការប្រកួត ៨លើក នាំមុខ BG Tampines Rovers FC ដែលប្រកួត៧លើក ចំនួន ៧ពិន្ទុ។ Albirex Niigata FC (S) ឈរលេខ៣ រកបាន ១៣ពិន្ទុ ក្រោយប្រកួត៦លើក៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top