កីឡាករហូឡង់ និងរូម៉ានី តាំងចិត្តប្រយុទ្ធដណ្តើមពាន ដើម្បី​បង្កើត​រដូវកាល​ដ៏​អស្ចារ្យ​ជាមួយ​ភ្នំពេញ​ក្រោន

អតីត​កីឡាករ​ជម្រើសជាតិជម្រើសជាតិ​អាយុ​ក្រោម​២០​ឆ្នាំ​របស់ហូឡង់ Rick Ketting និងខ្សែ​ការពារ​សញ្ជាតិហូឡង់ Raul Feher បានបង្ហាញឆន្ទៈខ្ពស់ ក្នុងការរួមចំណែក​ជួយ​ឱ្យ​ក្លិប​ភ្នំពេញ​ក្រោន បង្កើត​នូវ​រដូវកាល​ដ៏អស្ចារ្យ​មួយ តាម​រយៈការ​ប្រយុទ្ធ​ដើម្បីដណ្តើម​យក​ពាន សម្រាប់​ការ​ប្រកួត​ប្រជែង នៅរដូវ​កាលឆ្នាំ​២០២៥-២០២៦ ខាង​មុខ​នេះ។​

ដោយមានកម្ពស់១,៨៨ម៉ែត្រ ខ្សែការពារវ័យ២៩ឆ្នាំ Rick Ketting ត្រូវបានផ្លាស់ចេញពីក្លិប VVV-Venlo ដែលលេងនៅលីគទី២របស់ហូឡង់ ដើម្បីមក​ចូលរួមជាមួយ​ក្លិប​ភ្នំពេញ​ក្រោន ដោយ​ក្រុមសិង្ហក្រហម បាន​ប្រកាស​ស្វាគមន៍​រូបគេ កាល​ពី​ថ្ងៃចន្ទ ជាមួយខ្សែប្រយុទ្ធសញ្ជាតិអ៊ុយក្រែន Maksym Pryadun។

មុនពេលមកចូលរួមជាមួយក្លិប VVV-Venlo នៅឆ្នាំ២០២២ Rick Ketting ធ្លាប់លេងឱ្យ​ក្លិបចំនួន៥ ដែលស្ថិតនៅប្រទេសផ្សេងៗគ្នា ដោយចាប់ផ្តើមតាំងពីឆ្នាំ២០១៤មក ហើយជាមួយបទពិសោធន៍ជាង១០ឆ្នាំនេះ ត្រូវបានគេរំពឹងថា Rick Ketting នឹងក្លាយជាខ្សែការពារដ៏រឹងមាំរបស់ភ្នំពេញក្រោន។

នៅក្នុងបទសម្ពាធផ្ទាល់​ជាមួយ​ក្រុមការងាររបស់​​ក្លិប​ភ្នំពេញ​ក្រោន កាលពី​ថ្ងៃអង្គារ Rick Ketting បានអះអាង​ថា រូបគេ​ហាក់មានការ​នឿយហត់​បន្តិច ក្នុងការ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​មក​កាន់​ប្រទេស​កម្ពុជា ដែល​ជាទឹក​ដីថ្មី​ សម្រាប់ការ​បោះជំហាន​មក​ប្រកបអាជីពបាល់​ទាត់ នៅ​តំបន់​អាស៊ី ជា​លើក​ដំបូងនេះ។

Rick Ketting បាននិយាយ​ថា៖ «ខ្ញុំ​មិនសូវបានដឹងច្រើនអំពី​លីគកម្ពុជា​នោះ​ទេ តែ​ភ្នាក់ងារ​របស់​ខ្ញុំ បានទាក់ទងជាមួយ​ក្លិប។ ខ្ញុំ​ឃើញពី​រូបភាពល្អ​របស់​ក្លិបភ្នំពេញក្រោន ហើយនេះជាជំហាន​បន្ទាប់​ទៀតសម្រាប់​ខ្ញុំ ដែលមក​ទី​នេះ ចូលរួមជាមួយ​លីគ​នៅតំបន់​អាស៊ី។ នេះគឺជារឿង​ល្អមួយ សម្រាប់​អាជីពខ្ញុំ ក្នុងការ​បោះជំហាន​បន្ថែម​ទៀត​ និងស្វែង​រក​អាជីព​នៅ​ទីនេះ»។

សម្រាប់​ការ​មក​ចូលរួមជាមួយ​ក្លិប​ភ្នំពេញក្រោននេះ Rick Ketting បាន​បង្ហាញ​ឆន្ទៈ​ខ្ពស់ ក្នុងការ​ជួយ​ឱ្យក្រុម​សិង្ហក្រហមឈ្នះពាន និងដណ្តើមបានលទ្ធផល នៅក្នុងការ​ប្រកួតវគ្គជម្រុះ​​ពាន​រង្វាន់  AFC Challenge League 2025/2026 ហើយ​រូបគេ​ក៏សង្ឃឹម​បានឃើញ​អ្នកគាំទ្រ​​ដ៏ស្មោះ​ស្ម័គ្រ​​របស់​ភ្នំពេញ​ក្រោន មកគាំទ្រ​នៅទីលាន ដើម្បី​រួមគ្នា​បង្កើត​រដូវកាល​ដ៏អស្ចារ្យមួយ​ជាមួយគ្នា។

Rick Ketting បញ្ជាក់​ថា៖ «វាសំខាន់សម្រាប់​ខ្ញុំ ក្នុង​ការ​ធ្វើ​ការជាមួយមិត្ត​រួម​ក្រុម គ្រូ​បង្វឹក ហើយ​ខ្ញុំ​រីក​រាយ​ដែល​មកទីនេះ និង​ប្រយុទ្ធដើម្បីពាន​រង្វាន់​ សម្រាប់​ប្រទេស និង​ដើម្បី​ពាន​រង្វាន់AFC Challenge League។ ខ្ញុំ​នឹង​ធ្វើ​អ្វី​គ្រប់​យ៉ាង ដើម្បី​ក្រុម​ សម្រាប់​មិត្ត​រួមក្រុម សម្រាប់​ខ្លួនឯង ដើម្បី​ឱ្យ​ល្អ​នៅរដូវកាលនេះ។ ខ្ញុំ​សង្ឃឹម​ថា នឹង​អាច​ឃើញ​ពួកគេ នៅទី​លាន មើល​ការ​ប្រកួត និងគាំ​ទ្រ​ដល់ការ​ប្រកួត​របស់​យើង​ ហើយ​យើង​នឹង​អាច​បង្កើត​រដូវ​កាលដ៏អស្ចារ្យមួយ»។

ចំណែក​ខ្សែការពារកណ្តាលរបស់​​រូម៉ានី Raul Feher ដែលបានចុះ​កិច្ចសន្យាជាមួយ​ក្រុម​ភ្នំពេញក្រោន កាលពី​ថ្ងៃទី​២៧ ខែមិថុនា​នោះ ក៏បាន​បង្ហាញ​ឆន្ទៈខ្ពស់ ក្នុងការជួយ​ឱ្យ​ក្រុម​សិង្ហក្រហម ដណ្តើម​បាន​ពាន  ខណៈ​កីឡាករវ័យ​២៨​ឆ្នាំ កម្ពស់១,៩០ម៉ែត្ររូប​នេះ  ធ្លាប់​មានបាន​បទពិសោធន៍​លេងច្រើនជាមួយ​ក្លិបអាជីពលំដាប់មធ្យម នៅប្រទេសអេស្ប៉ាញ ហើយ​ចុងក្រោយរូបគេ​​លេងឱ្យក្លិប Inter Club d’Escaldes របស់អង់ដូរ៉ា។

Raul Feher បាន​និយាយ​ថា៖​ «ខ្ញុំពិតរំភើប ដែលបានមក​ទីនេះ ដោយសារ​នេះជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​ខ្ញុំ។ ខ្ញុំពិតជា​មាន​ភាព​វិជ្ជមានណាស់ និង​រីក​រាយ ដែលបាន​ក្លាយជា​កីឡាករ​នៅ​ក្នុង​ក្រុម​ភ្នំពេញ​ក្រោន ហើយ​ខ្ញុំ​ពិតជា​ចង់​ឈ្នះ​ពាន​ជា​ច្រើន ជាមួយគ្រួសារ​មួយនេះ។ ខ្ញុំ​ចង់​ឱ្យ​អ្នក​គាំ​ទ្រ​មក​ទី​លាន​គាំ​ទ្រ​យើង ដើម្បី​ឱ្យក្រុម​យើងមាន​ភាព​ល្អ​ប្រសើរ​ទាំងអស់​គ្នា»។

ចំណែកខ្សែប្រយុទ្ធសញ្ជាតិអ៊ុយក្រែន Maksym Pryadun ក៏បាន​ត្រៀម​ខ្លួន​រួច​រាល់ ក្នុងការ​លេង​ឱ្យ​ភ្នំពេញ​ក្រោន។ កីឡាករ​​មានកម្ពស់១,៧៦ម៉ែត្ររូបនេះ មានបទពិសោធន៍ច្រើន ដោយធ្លាប់លេងឱ្យក្លិបចំនួន១១ផ្សេងៗគ្នា ដែលភាគច្រើននៅលីគអ៊ុយក្រែន មុនពេលរូបគេផ្លាស់​មកលេងឱ្យក្លិប Sliema Wanderers FC នៃលីគកំពូលម៉ាល់តា ហើយ​វត្តមាន​របស់​កីឡាករវ័យ២៨ឆ្នាំ Maksym Pryadun នឹងធ្វើឱ្យតំបន់ប្រយុទ្ធកណ្តាលរបស់ភ្នំពេញក្រោន កាន់តែមានភាពរឹងមាំ។

គួរបញ្ជាក់​ថា គិត​មក​ដល់​ពេលនេះ ភ្នំពេញ​ក្រោន ទើបតែ​ចុះកិច្ចសន្យា​ជាមួយ​កីឡាករ​បរទេសបាន​៤នាក់​ទៀត គឺ​កីឡាករ​ចំណូល​ថ្មី​ Rick Ketting, Raul Feher, Maksym Pryadun  និងខ្សែការពារ​កូរ៉េខាងត្បូង Yi young Park ដែល​បានបន្ត​កុងត្រាថ្មីជាមួយ​ភ្នំពញេញក្រោន ខណៈ​ការ​ប្រកួត​លីគកំពូលកម្ពុជា នារដូវកាល​ថ្មី​​នេះ ក្លិប​នីមួយៗ អាច​ចុះ​ឈ្មោះ​កីឡាករ​បរទេស​បាន​៦នាក់ និង​កីឡាករបរទេស​ចូលសញ្ជាតិខ្មែរ​​បាន​១នាក់​ទៀត។

តាមការកំណត់នេះ ភ្នំពេញ​ក្រោន គឺមានការខាតបង់ ខណៈ​កីឡាករ​បរទេស​ចូលសញ្ជាតិ​ខ្មែរ​របស់​ខ្លួន​ទាំង​៣នាក់ រួមមាន​ខ្សែការពារ​ជប៉ុន Takaki Ose, Yudai Ogawa និង​ខ្សែ​បម្រើប្រយុទ្ធកូឡុំប៊ី Nieto Rondon សុទ្ធតែ​បានចាកចេញ ទៅ​លេង​ឱ្យ​​ក្លិប​ផ្សេង​នោះ ហេតុនេះ ភ្នំពេញ​ក្រោន អាច​ចុះ​កុងត្រា​នាំ​យក​កីឡាករ​បរទេសមកជួយ​ក្រុម នៅរដូវកាលនេះ បានត្រឹម​២នាក់​ទៀត​ទេ៕

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top