Marcus Rashford សម្រេចកិច្ចព្រមព្រៀងផ្ទេរពី Manchester United ទៅចូលរួម Barcelona ក្រោមលក្ខខណ្ឌខ្ចីជើង។ ក្រុមយក្សអេស្ប៉ាញ ជាគោលដៅដែល ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេសពេញចិត្ត ចាប់តាំងពីរូបគេបង្ហាញបំណងចង់មានការប្រកួតប្រជែងថ្មីកាលពីខែធ្នូ បន្ទាប់ពីមិនស្ថិតក្នុងជម្រើសរបស់អ្នកចាត់ការទូទៅលោក Ruben Amorim។
Rashford ដែលជាកីឡាករបិសាចក្រហម ដែលស្ថិតនៅក្រៅទឹកដី Old Trafford ចាប់តាំងពីលោក Amorim អនុញ្ជាតិឱ្យរូបគេទៅ Aston Villa ខ្ចីជើង។ ចូលរដូវកាលថ្មី ២០២៥-២៦ ខ្សែប្រយុទ្ធវ័យ២៧ឆ្នាំ រួមទាំងកីឡាករ៤រូបផ្សេងទៀត មិនត្រូវបានអ្នកចាត់ការសញ្ជាតិព័រទុយហ្កាល់អនុញ្ញាតឱ្យចូលរួមហ្វឹកហាត់លើកដំបូងជាមួយក្រុមទាំងមូលឡើយ។
នៅថ្ងៃទី១៩ ខែកក្កដា លោក Fabrizio Romano អ្នកកាសែតកីឡាដ៏ល្បីល្បាញប្រកាសថា Barcelona បានព្រមព្រៀមខ្ចីខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសពី Man Utd បូករួមលក្ខខណ្ឌទិញដាច់ផងដែរ។
ទៅ Nou Camp ជាគោលដៅដែល Rashford ពេញចិត្ត។ ខ្សែប្រយុទ្ធតាំងពីឈុតយុវជនបិសាចក្រហមរូបនេះប្រាប់ប្រព័ន្ធផ្សព្វផ្សាយពីបំណងរបស់ខ្លួនចង់មានការប្រកួតប្រជែងថ្មី នៅក្រោយពេលមិនស្ថិតក្នុងជម្រើសរបស់អ្នកចាត់ការ Man Utd។
Rashford អាចចាត់ទុកថាជាកីឡាករដែលលោក Amorim មិនត្រូវការ តែជាការចង់បានរបស់លោក Hansi Flick អ្នកចាត់ការក្រុមរហស្សនាមអ្នកមានបុណ្យ។
ក្រុមការពារតំណែងជើងឯក La Liga បានព្យាយាមនាំចូលខ្សែបម្រើស្លាបអេស្ប៉ាញ Nico Williams នៅដើមរដូវកាលនេះ ប៉ុន្តែបរាជ័យបន្ទាប់ពី Athletic Bilbao យល់ព្រមបន្តកិច្ចសន្យាឱ្យកីឡាករវ័យ២២ឆ្នាំរូបនេះរហូតរយៈពេល១០ឆ្នាំ។
មិនអាចយក Williams បានធ្វើឱ្យអ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់លោក Flick បង្វែគោលដៅលើ Rashford វិញ។
ការចាកចេញរបស់ Rashford អាចចាត់ទុកថាជាភាពវិជ្ជមានមួយផងដែរលើការថ្លៃចំណាយប្រាក់ឈ្នួលកីឡាករសម្រាប់ Man Utd ដ្បិតលោក Amorim បានទិញចូល Matheus Cunha និងគ្រោងនាំយក Bryan Mbeumo ថែមទៀត ដែលតម្លៃខ្លួនកីឡាករទាំងខ្ទង់ប្រមាណ១៧៥លានដុល្លារ៕
ប្រភព៖ ThmeyThmey