SEA V.League៖ កម្ពុជា បរាជ័យទាំង៨ប្រកួត ឯឥណ្ឌូណេស៊ី និងថៃ បានកៅអីជើងឯកអាស៊ី ២០២៦

ក្រុមកីឡាបាល់ទះជម្រើសជាតិកម្ពុជា បញ្ចប់បេសកកម្ម SEA V.League ឆ្នាំ២០២៥ ទាំងពីរជើង ដោយបរាជ័យទាំង៨ប្រកួត។ ឥណ្ឌូណេស៊ី ដែលឈ្នះមេដាយមាសនៅជើងទី២ និងថៃ ឈ្នះនៅជើងទី១ បានកៅអីទៅប្រជែងជើងឯកអាស៊ី Asian Men’s Volleyball Championship ឆ្នាំ ២០២៦។

ព្រឹត្តិការណ៍កីឡាបាល់ទាត់ប្រចាំតំបន់អាស៊ីអាគ្នេយ៍ SEA V.League ឆ្នាំ ២០២៥ ដែលកើនពី៤ ទៅ៥ក្រុម ក្នុងនោះកម្ពុជា បង្ហាញខ្លួនលើកដំបូង បានរកឃើញម្ចាស់មេដាយមាសទាំងជើងទី១ និងជើងទី២។ ថៃ ជាម្ចាស់មេដាយមាសនៅជើងទី១ ស្របពេលឥណ្ឌូណេស៊ី ឈ្នះមេដាយមាសនៅជើងទី២ ក្នុងទឹកដីខ្លួន។

SEA V.League ជើងទី១ ដែលរៀបចំនៅហ្វីលីពីន ក្រុមថៃ បញ្ចប់ចំណាត់ថ្នាក់លេខ១ ឥណ្ឌូណេស៊ីលេខ២ វៀតណាមលេខ៣ ហ្វីលីពីនលេខ៤ និងកម្ពុជា ដែលចាញ់ទាំង៤ប្រកួត នៅបាតតារាង។

នៅជើងទី២ ដែលធ្វើនៅទឹកដីឥណ្ឌូណេស៊ី ក្រុមម្ចាស់ផ្ទះ បញ្ចប់ក្នុងចំណាត់ថ្នាក់ទី១ វៀតណាម លេខ២ ថៃ លេខ៣ ហ្វីលីពីន លេខ៤ និងកម្ពុជា លេខ៥ ក្រោយឆ្លងកាត់៤ប្រកួតមិនឈ្នះសោះ។

SEA V.League បង្កើតឡើងដំបូងនៅឆ្នាំ ២០២៣ ដោយសហព័ន្ធកីឡាបាល់ទះអាស៊ីអាគ្នេយ៍ (SAVA) មាន៤ក្រុមចូលរួម ក្នុងនោះ ឥណ្ឌូណេស៊ី ថៃ វៀតណាម និងហ្វីលីពីន ហើយចំនួនក្រុមនេះនៅបន្តដល់ឆ្នាំ២០២៤។ នៅឆ្នាំ២០២៥ ទើបកម្ពុជា ដែលជាម្ចាស់មេដាយប្រាក់ស៊ីហ្គេមលើកទី៣២ ឆ្នាំ ២០២៣ បានចូលរួមដែរ តាមរយៈការឈ្នះជើងឯក SEA V.League Challenge នៅឆ្នាំ២០២៤។ SEA V.League Challenge ដែលទើបបង្កើតលើកដំបូងនៅឆ្នាំ ២០២៤ ដោយ SAVA មាន៤ក្រុមចូលរួម ក្នុងនោះមានកម្ពុជា ឡាវ ម៉ាឡេស៊ី និងសិង្ហបុរី។ ក្រុមជើងឯក SEA V.League Challenge បានកៅអី SEA V.League។

ចាញ់ទាំង៨ប្រកួតនៅ SEA V.League ឆ្នាំ២០២៥ បានធ្វើឱ្យកម្ពុជាក្រោមការដឹកនាំរបស់លោកគ្រូបង្វឹកចិន លី​​ ជុន ស្ថិតនៅបាតតារាង។ តាមរយៈចំណាត់ថ្នាក់នេះ ទំនងកម្ពុជាប្រឈមធ្លាក់ទៅលេងនៅ V.League Challengeនៅឆ្នាំ ២០២៦វិញ។ 

ដោយឡែក ឥណ្ឌូណេស៊ី និងថៃ ដែលឈ្នះមេដាយមាសរៀងខ្លួននៅ SEA V.League ក្នុងជើងទី១ និងទី២ ទទួលបានកៅអីទៅចូលរួមការប្រកួតកីឡាបាល់ទះជើងឯកអាស៊ី Asian Men’s Volleyball Championship ឆ្នាំ ២០២៦ ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទះអាស៊ី (AVC) ដែលមានក្រុមខ្លាំងៗចូលរួមដូចជា ជប៉ុន កូរ៉េខាងត្បូង ចិន និងអូស្ត្រាលី ជាដើម។

ក្នុងតារាងចំណាត់កីឡាបាល់ទះពិភពលោក FIVB បច្ចុប្បន្ន កម្ពុជា ធ្លាក់ទៅលេខរៀងទី៨៦ ហ្វីលីពីន ទី៧៨ វៀតណាម ទី៥៩ ថៃ ទី៥៨ និងឥណ្ឌូណេស៊ី ទី៤៩៕

ប្រភព៖ThmeyThmey

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top