សហព័ន្ធកីឡាបាល់ទាត់ជប៉ុន (JFA) ពិចារណាចូលរួមដេញថ្លៃរៀបចំធ្វើម្ចាស់ផ្ទះ FIFA World Cup ឆ្នាំ២០៤២ ឬ២០៤៦។ បើយោងតាមការផ្សាយរបស់កាសែ Japan Time ជប៉ុន គ្រោងបបួល ចិន កូរ៉េខាងត្បូង និងឥណ្ឌូណេស៊ី សម្រាប់ការដេញថ្លៃនេះ។
ជប៉ុន កូរ៉េខាងត្បូង និងចិន ក៏ដូចជាឥណ្ឌូណេស៊ី និងអូស្ត្រាលី ដែលកន្លងមកបានបោះបង់ផែនការរួមគ្នារបស់ពួកគេក្នុងការដេញថ្លៃធ្វើជាសហម្ចាស់ផ្ទះ World Cup ឆ្នាំ ២០២៤ បានបង្ហាញមហិច្ឆតាជាថ្មី លើការដេញថ្លៃនៅឆ្នាំ ២០៤២ ឬ ២០៤៦ វិញ។
JFA មានបំណងដេញថ្លៃរួមគ្នាដោយសហការរវាងសហព័ន្ធកីឡាបាល់ទាត់អាស៊ីបូព៌ា (EAF) និងសហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) ដោយមានជប៉ុន ចិន កូរ៉េខាងត្បូង និងឥណ្ឌូណេស៊ី។ កាលពីខែមីនា សហព័ន្ធទាំងពីរបានយល់ព្រមពិចារណាដាក់ដេញថ្លៃរួមគ្នាដើម្បីរៀបចំការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ ២០៤២ ឬ ២០៤៦ រួចហើយ។
កាលពីឆ្នាំ ២០០៥ ជប៉ុន ដែលធ្លាប់ធ្វើសហម្ចាស់ផ្ទះកីឡាបាល់ទាត់ពិភពលោករួមគ្នាជាមួយកូរ៉េខាងត្បូងនៅឆ្នាំ ២០០២ ក៏បានប្រកាសពីគោលដៅរបស់ខ្លួនក្នុងការធ្វើជាម្ចាស់ផ្ទះ World Cup ឆ្នាំ ២០៥០ ក៏ដូចជាការឈ្នះជើងឯកផងដែរ។
ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២៦ នឹងមានបីប្រទេសត្រូវធ្វើសហម្ចាស់ផ្ទះរួមគ្នា រួមមាន សហរដ្ឋអាម៉េរិក កាណាដា និង ម៉ិកស៊ិក។ World Cup ឆ្នាំ២០៣០ នឹងត្រូធ្វើរួមគ្នានៅ អេស្ប៉ាញ ព័រទុយហ្កាល់ និងម៉ារ៉ុក ដោយមួយប្រកួតនឹងធ្វើឡើងនៅអ៊ុយរូហ្គាយ អាហ្សង់ទីន និងប៉ារ៉ាហ្គាយ ដើម្បីរំលឹកខួប ១០០ ឆ្នាំ នៃការបង្កើតពានរង្វាន់កីឡាបាល់ទាត់ពិភពលោកនេះឡើង។
ដោយ អារ៉ាប៊ីសាអូឌីតនឹងធ្វើជាម្ចាស់ផ្ទះ World Cup ឆ្នាំ ២០៣៤ មន្ត្រីរបស់ JFA លើកឡើងថាព្រឹត្តិការណ៍ឆ្នាំ ២០៤២ ឬ ២០៤៦ ជាឆ្នាំដ៏សមស្របបំផុត សម្រាប់ក្រុមប្រទេសនៅអាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍ ក្នុងការដាក់សំណើដេញថ្លៃធ្វើម្ចាស់ផ្ទះ។
ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាដ៏ធំនេះ ជាធម្មតាត្រូវបានផ្លាស់ប្តូរវាងទ្វីបនានា ដោយផ្អែកលើគោលការណ៍របស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ(FIFA)៕
ប្រភព៖ThmeyThmey