Real Madrid និងក្លិបមួយចំនួន ចង់ឱ្យរៀប Club World Cup ២ឆ្នាំម្តង

មើលឃើញពីតម្លៃប្រាក់រង្វាន់ច្រើនសន្ធឹកសន្ធាប់ ពីការប្រកួត FIFA Club World Cup ឆ្នាំ ២០២៥ ក្លិប Real Madrid និងក្លិបមួយចំនួនក្នុងតំបន់អឺរ៉ុប និងអាម៉េរិកខាងត្បូង បង្ហាញបំណងចង់ឱ្យព្រឹត្តិការណ៍នេះ រៀបចំ ២ឆ្នាំ ម្តង ដើម្បីអាចជួយបង្កើនប្រាក់ចំណូលទៅក្លិបពួកគេ។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ ESPN។

បើតាមប្រភពជិតស្និទ្ធិនឹងរឿងហេតុនេះ ក្រុមប្រធានក្លិបធំៗមួយចំនួន បានជួបពិភាក្សាជាមួយនឹងតំណាងរបស់សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) ដោយលើករឿងរ៉ាវប្រកួត Club World Cup រយៈពេល ២ឆ្នាំម្តង ប៉ុន្តែស្ថាប័នបាល់ទាត់ពិភពលោក មើលឃើញថាជារឿងមិនងាយទៅរួច។

Club World Cup ដែលធ្វើ៤ឆ្នាំម្តងចាប់ពីឆ្នាំ ២០២៥ នៅទឹកដីអាម៉េរិកទើបបញ្ចប់ទៅដោយជោគជ័យ ទោះមានបញ្ហាប្រឈមមួយចំនួនកើតឡើង និការរិះគន់ចំពោះអាកាសធាតុ បញ្ហាស្មៅទីលានប្រកួត ការធ្វើដំណើរឆ្លងរដ្ឋមួយទៅមួយខាតពេលវេលា ប៉ុន្តែ FIFA ហាក់ពេញចិត្តចំពោះផ្លែផ្កាទទួលបានការប្រកួត សម្រាប់ត្រៀមរៀបចំព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦។ ចំពោះយោបល់រៀបចំការប្រកួត ២ឆ្នាំ ម្តង FIFA ក៏បានពិចារណាដោយចាត់ទុកថាជារឿងមិនងាយនឹងទៅរួច ស្របពេលខ្លួនបានសម្រេចចិត្តរៀបចំការប្រកួតរាល់ពេល ៤ឆ្នាំម្តង ពោលប្រកួតបន្ទាប់នៅឆ្នាំ ២០២៩។

ចំណែកពីការប្រកួត CWC ទើបបញ្ចប់ទៅ Real Madrid ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយត្រឡប់ទៅផ្ទះវិញកាន់ប្រាក់រង្វាន់ប្រមាណ ៨២,៥លានដុល្លារ ហើយក្រុម Chelsea ជាម្ចាស់ជើងឯក រកបាន ១១៤,៦លានដុល្លារ។ 

CWC កែប្រែរូបមន្តថ្មីបង្កើនចំនួនក្រុមឡើងដល់ ៣២ក្រុម លើកដំបូង បានដាក់តម្លៃប្រាក់រង្វាន់បែងចែកសរុប ១ពាន់លានដុល្លារ និងជាពានរង្វាន់មានតម្លៃថ្លៃបំផុតលើពិភពលោក ព្រោះរឿងនេះហើយ ទើបទាញចិត្តក្លិបធំៗ ចង់ឱ្យមានការប្រកួតញឹកញាប់ រាល់ ២ឆ្នាំ ម្តង។

ប្រភពដដែល ក៏បានអះអាងប្រាប់ ESPN ថា FIFA បានដឹងរួចស្រេចថា កាលរៀបចំ CWC រាល់ ២ឆ្នាំម្តង អាចនឹងធ្វើឱ្យមានវិវាទជាមួយសហព័ន្ធបាល់ទាត់អឺរ៉ុប UEFA ដែលពុំចាប់អារម្មណ៍ ហើយតែងបដិសេធ ព្រោះពួកគេគិតថា វានឹងធ្វើឱ្យប៉ះពាល់ដល់កាលវិភាគការប្រកួតបាល់ទាត់លើពិភពលោកពេលបច្ចុប្បន្ន និងប៉ះពាល់ដល់កីឡាករ។ FIFA បានត្រឹមតែផ្តោតអារម្មណ៍លើការងាររៀបចំព្រឹត្តិការណ៍ Club World Cup ក្នុងឆ្នាំ ២០២៩ តែប៉ុណ្ណោះ ហើយ ប្រទេសកាតា អាចជាបេក្ខភាពទទួលបានឱកាសរៀបចំការប្រកួត ព្រោះតែទីតាំងប្រទេសក្នុងមជ្ឈិមបូព៌ាមួយនេះធ្លាប់រៀបចំ World Cup ឆ្នាំ ២០២២ និងមានហេដ្ឋរចនាសម្ព័ន្ធកីឡដ្ឋានរួចស្រេច៕

ប្រភព៖ThmeyThmey

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top