Ramsdale កីឡាករចាំរបស់តោកំណាចអង់គ្លេស ចូលរួមជាមួយ Newcastle ជាលក្ខណៈខ្ចីជើង

(បរទេស)៖ Aaron Ramsdale ដែលបានចូលលេងក្នុងក្រុមជម្រើសជាតិតោកំណាចអង់គ្លេសបាន ៥ប្រកួតផងនោះ ត្រូវបានផ្ទេរទៅកាន់សារិកាព្រៃ Newcastle United ជាលក្ខណៈខ្ចីជើង ១រដូវកាលពីក្លិប Southampton ដែលបានធ្លាក់ទៅលេងនៅក្របខណ្ឌទី២ Championship។

កីឡាករចាំទីវ័យ ២៧ឆ្នាំរូបនេះបានផ្ទេរចេញពី Southampton ទៅកាន់សមាជិកនៅ Premier League ផ្លូវការកាលពីថ្ងៃសៅរ៍ម្សិលមិញ ដើម្បីរួមក្រុមរបស់គ្រូបង្វឹកចាស់របស់គេវិញ គឺលោក Eddie Howe ដែលបានទិញ Ramsdale ពីក្លិប Sheffield United នាឆ្នាំ២០១៧ ក្នុងតម្លៃតែ ៨០០,០០០ផោនកាលលោកនៅដឹកនាំ Bournemouth។

អតីតអ្នកចាំទីរបស់កាំភ្លើងធំ Arsenal រូបនេះបាននិយាយថា ការបានទៅលេងដែលស្ថិតក្រោមការដឹកនាំរបស់លោក Howe ម្តងទៀតនេះ វាជាកត្តាអាទិភាពដែលញាំងឱ្យរូបគេសម្រេចចិត្តចូលរួមជាមួយ Newcastle នាពេលនេះ។

Ramsdale គឺជាសមាជិកថ្មីទី៣ របស់ Newcastle នារដូវក្តៅនេះ ក្រោយការមកដល់របស់កីឡាករ Anthony Elanga ពីក្លិប Nottingham Forest និង Antonio Cordero ពីក្លិប Malaga៕

ប្រភព៖ FRESH NEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top