អ្នកលេងគុនខ្មែរ រិន សារ័ត្ន អន់ចិត្តចំពោះខ្លួនឯងជាខ្លាំងដែលមិនអាចដណ្ដើមយកជ័យជម្នះជូនប្រទេសកម្ពុជាបាន និងលួចសម្រក់ទឹកភ្នែកក្រោយចុះពីសង្វៀនភ្លាមៗ។
កីឡាករ រិន សារ័ត្ន បានឲ្យដឹងមកថា មូលហេតុដែលខ្លួនសម្រក់ទឹកភ្នែកក្រោយចុះពីសង្វៀននៅឯប្រទេសវៀតណាមនោះគឺដោយសារអន់ចិត្តចំពោះខ្លួនដែលធ្វើមិនបានល្អ និងមិនអាចដណ្ដើមយកជ័យជម្នះជូនប្រជាជនកម្ពុជាបាន។
កីឡាករថៃដែលជាដៃគូរូបនេះបានកែប្រែក្បាច់ប្រកួតទាំងស្រុងខុសពីការប្រកួតមុនៗតែម្ដង។ មួយវិញទៀតដៃគូជាជើងខ្លាំងផ្នែកជឺជីតស៊ូផង រួមទាំងមាឌធំ និងចាញ់កម្លាំងគេផងនោះទើបធ្វើឲ្យខ្លួនពិបាកវាយបក ឬប្រជែងឲ្យបាននៅខាងលើដើម្បីវាយបកវិញ។ សារ័ត្ន ពេញ ៥ទឹកនេះខ្លួនបានត្រឹមទប់ៗដៃគូប៉ុណ្ណោះ ពិសេសចូលឃ្លេរបស់ថៃរូបនេះ ២-៣ដងទៀតផង ប៉ុន្តែដោយចិត្តមិនចុះចាញ់ព្យាយាមរកវិធីដោះវិញបាន។
អ្នកប្រដាល់មកពីខេត្តព្រៃវែងរូបនេះបានសុំទោសចំពោះអ្នកគាំទ្រដែលខ្លួនធ្វើមិនបានល្អនៅការប្រកួតដណ្ដើមខ្សែក្រវាត់លើកនេះ។ រូបគេពិតជាខំប្រឹងអស់ពីសមត្ថភាពហើយក្នុងការប្រកួតជាមួយកីឡាករថៃដណ្ដើមខ្សែក្រវាត់ GMA លើកនេះ។
បញ្ជាក់ដែរថា ការប្រកួតដណ្ដើមខ្សែក្រវាត់ GMA នៅឯប្រទេសវៀតណាម កាលពីយប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ នេះកីឡាករកម្ពុជា ៣រូបគឺ គោរមៈ ច័ន្ទរាជ្យ ឈ្នះកីឡាករ ម៉ាឡេស៊ី នៅទឹកទី២ ទទួលបានខ្សែក្រវាត់ ១គ្រឿង។ ដោយឡែកកីឡាករ រិន សារ័ត្ន ចាញ់ពិន្ទុកីឡាករថៃ និង ឡុង ឡា ចាញ់កីឡាករ ម៉ាឡេស៊ី ដោយបោះបង់ការប្រកួតនៅទឹកទី១។ ការប្រកួតនេះគេមើលឃើញថា រិន សារ័ត្ន ឡើងទៅលេងប្រភេទទម្ងន់របស់គេរហូតដល់ទៅ ៦៨គីឡូក្រាមឯណោះ ដូច្នេះហើយទើបចាញ់កម្លាំង និងពិបាកខ្លាំងពេលប្រកួតនៅពេលនោះ៕
ប្រភព៖ KAMPUCHEATHMEY