Tellez ទើបលេងលើកដំបូងជាមួយភ្នំពេញក្រោន ត្រូវអ្នកគាំទ្រសរសើរពីសមត្ថភាពមិនដាច់ពីមាត់

ខ្សែប្រយុទ្ធចំណូលថ្មីរបស់ ភ្នំពេញក្រោន Makerlo Tellez ត្រូវបានអ្នកគាំទ្របង្ហាញការកោតសរសើរមិនដាច់ពីមាត់ បន្ទាប់ពីបង្ហាញខ្លួនលើកដំបូងជាមួយក្រុម ក្នុងពានរង្វាន់បើករដូវកាល Cambodian Super Cup កាលពីថ្ងៃទី ០៣ ខែ សីហា ឆ្នាំ ២០២៥ ម្សិលមិញ។

ម្សិលមិញ Tellez ត្រូវបានគ្រូបង្វឹកលោក Oleg Starynskyi ផ្តល់សេចក្តីទុកចិត្តឱ្យផ្លាស់ប្តូរចូលនៅដើមវគ្គទី ២។ ទោះបីទើបផ្លាស់មកកាន់ក្លិបសឹង្ហក្រហមក្នុងរយៈពេលខ្លីក៏ពិតមែន ប៉ុន្តែខ្សែប្រយុទ្ធសញ្ជាតិ បូលីវី វ័យ ២៥ ឆ្នាំ ពិតជាបង្ហាញសមត្ថភាពលេចធ្លោរមែនទែន តាមរយៈការញាក់គូប្រកួត និងបង្កើតឱកាសជាដើម ហើយនៅក្នុងការប្រកួតនោះទៀតសោត រូបគេក៏បានស៊ុតបញ្ចូលទីមួយគ្រាប់ផងដែរ។

ទោះបីជាយ៉ាងណា ភ្នំពេញក្រោន បានបរាជ័យក្រោមថ្វីជើងក្រុម ព្រះខ័នរាជស្វាយរៀង នៅវគ្គបាល់កាត់សេចក្តី ១១ ម៉ែត្រក្នុងលទ្ធផល ៣ ទល់នឹង ៥ បន្ទាប់ពីបញ្ចប់ការប្រកួត ៩០នាទីពេញ ក្រុមទាំង ២ ស្មើគ្នា ២ ទល់នឹង ២។ ចំពោះការបរាជ័យនេះ បានធ្វើឱ្យ ភ្នំពេញក្រោន របូតពាន Cambodian Super Cup ២ ឆ្នាំជាប់ៗគ្នា ខណៈកាលពីរដូវកាលមុន ពួកគេក៏បានរបូតពាននេះ ក្រោមថ្វីជើងក្រុមព្រះខ័នរាជស្វាយរៀងផងដែរ។

គួរបញ្ជាក់ជាថ្មីថា Tellez ត្រូវបាន ភ្នំពេញក្រោន ប្រកាសចុះកិច្ចសន្យាយកបានកាលពីពេលថ្មីៗនេះ ពោលគឺកាលពីថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០២៥៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top