អត្ដពលិកទូកនាគកម្ពុជា ដែលប្រកួតលើវិញ្ញាសា ២០០ម៉ែត្រ ចំណុះ ៨នាក់ បានឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍កីឡាពិភពលោក លើកទី១២ (12Th World Games) ឆ្នាំ២០២៥ នៅទីក្រុង Chengdu ប្រទេសចិន។ វគ្គផ្ដាច់ព្រ័ត្រ នឹងត្រូវធ្វើនៅថ្ងៃទី១០ សីហា ឆ្នាំ២០២៥ វេលាម៉ោង ៩៖០០ព្រឹក នៅប្រទេសចិន (៨៖០០ព្រឹក នៅកម្ពុជា)។
នាព្រឹកថ្ងៃទី៩ សីហា អត្ដពលិកទូកនាគកម្ពុជា លើវិញ្ញាសា ២០០ម៉ែត្រ ចំណុះ៨នាក់ បុរស-នារី បានដណ្ដើមបានលេខ២ ក្នុង Heat 1 ក្នុងព្រឹត្តិការណ៍ World Games។ វិញ្ញាសាទូកនាគ ២០០ម៉ែត្រ បុរស-នារី ចំណុះ ៨នាក់នេះមាន ២ Heat ក្នុងមួយ Heat មាន ៦ប្រទេស។ Heat 1 មានកម្ពុជា មីយ៉ាន់ម៉ា កូរ៉េខាងត្បូង អ៊ុយក្រែន ហុងគ្រី និងឆេក។ ក្រុមជម្រើសជាតិទូកនាគកម្ពុជា ដណ្ដើមបានលេខ២ ក្នុង Heat 1 ដោយបានដល់ទី ក្នុងថេរវេលា ០៖៥២៖៦៤ ក្រោយមីយ៉ាន់ម៉ា ចំណាត់ថ្នាក់លេខ១ ដោយយឺតជាង ត្រឹមតែ ១៖៨៨ វិនាទី។
ក្រុមជម្រើសជាតិទូកនាគកម្ពុជា នឹងត្រូវប្រកួតវគ្គផ្ដាច់ព្រ័ត្រ ជាមួយ ៥ប្រទេសផ្សេងទៀត ក្នុងនោះមាន ឆាយនីសតាយប៉ិក ថៃ មីយ៉ាន់ម៉ា ឥណ្ឌូណេស៊ី និងអ៊ុយក្រែន។ ការប្រកួត នឹងចាប់ផ្ដើម នៅម៉ោង ៩៖០០ ព្រឹក ត្រូវនឹងម៉ោង ៨៖០០ ព្រឹកនៅកម្ពុជា៕
ប្រភព៖ THMEYTHMEY