ដណ្ដើមបាន ៣ពិន្ទុ ក្នុងជំនួបដំបូង ក្លិបបឹងកេត រំលឹកដល់វិញ្ញាណក្ខន្ធកញ្ញា លី លាងអេង

បឹងកេត បានឈ្នះក្រុមឡាយហ្វ៍ ព្រះសីហនុ លទ្ធផល២-០ នៅកីឡដ្ឋានឡាយហ្វ៍ កាលពីថ្ងៃទី៩ សីហា ឆ្នាំ២០២៥ ក្នុងពានរង្វាន់ Cambodian Premier League សប្ដាហ៍ទី១។ ជាមួយគ្នានោះ កងយោធពលខេមរភូមិន្ទ ក៏បានយកឈ្នះលើ វិសាខា  លទ្ធផល២-១ នៅកីឡដ្ឋានស្ដាតចាស់។

ក្លិបបឹងកេត ឈ្នះក្រុមឡាយហ្វ៍ ព្រះសីហនុ ក្នុងជំនួបបើករដូវកាលលីគកំពូលកម្ពុជា លទ្ធផល២-០ កាលពីថ្ងៃទី៩ សីហា ឆ្នាំ២០២៥។ ការដណ្ដើមបាន ៣ពិន្ទុ ក្នុងប្រកួតដំបូងនារដូវកាលនេះ ជារឿងគួររីករាយ លាយឡំនឹងការសោកសៅ ផងដែរ។ នោះ គឺព្រោះតែអ្នកគាំទ្រស្ម័គ្រចិត្តម្នាក់របស់បឹងកេត កញ្ញា លី លាងអេង (ហៅ គីម សួ) បានទទួលមរណភាព កាលពីថ្ងៃទី៤ សីហា ដោយសាររោគាពាធ។

លោក Conor Nestor គ្រូបង្វឹកបឹងកេត បានបង្ហោះលើហ្វេសប៊ុកថា៖«យើង បានលេងជាមួយការលំបាកជាច្រើន ប៉ុន្ដែនៅទីបញ្ចប់ យើងក៏ដណ្ដើមបាន ៣ពិន្ទុ ដើម្បីរំលឹកទៅដល់អ្នកគាំទ្រវ័យក្មេងរបស់យើង គីម សួ ដែលជាសមាជិកម្នាក់នៃគ្រួសាររបស់កីឡាករយើង ឲ្យទៅកាន់សុខគតិ។»។

២គ្រាប់ ជ័យជម្នះរបស់បឹងកេត រកបានដោយកីឡាករ Zabala Louis នៅនាទី២៥ និងគ្រាប់ទី២ រកបានដោយកីឡាករ Bento Fernandes Iago នៅនាទី៨៦។

ក្នុងថ្ងៃដដែលនោះ កងយោធពលខេមរភូមិន្ទ បានយកឈ្នះលើ ក្រុមវិសាខា លទ្ធផល២-១ នៅកីឡដ្ឋានស្ដាតចាស់។ នៅនាទី៣៩ កីឡាករ Park Jungbin របស់វិសាខា បានរកបាន ១គ្រាប់។ លុះចូលដល់នាទី៤៣ ក្រុមកងយោធពលខេមរភូមិន្ទ វាយបកតាមស្មើលទ្ធផល១-១ ដោយកីឡាករ ម៉ៅ ពិសិដ្ឋ ទាត់បញ្ចូលទី បន្ទាប់ពីមានការដណ្ដើមបាល់គ្នារវាងខ្សែការពារវិសាខា នៅក្នុងប្រអប់គ្រោះថ្នាក់វិសាខា។ លុះចូលដើមតង់ទី២ នៅនាទី៥២ ខន ណារ៉ង់ របស់កងយោធពលខេមរភូមិន្ទ រកបានមួយគ្រាប់ទៀត តាមរយៈការអូសបាល់នៅតំបន់គ្រោះថ្នាក់វិសាខា រួចក៏ទាត់បញ្ចូលទីពីចម្ងាយ។ ចប់ការប្រកួត ក្រុមទ័ព ឈ្នះ វិសាខា លទ្ធផល២-១។

លោក ខូវ ឆាយ អគ្គលេខាធិការក្រុមកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា ថវិកា បានពីការលក់សំបុត្រចូលទស្សនាការប្រកួត នាជំនួបជាមួយវិសាខា នឹងយកទៅជួយដល់ជនភៀសសឹក។

ក្នុងសប្ដាហ៍ទី១ នាថ្ងៃទី១០ សីហា ព្រះខ័នរាជស្វាយរៀង នឹងត្រូវស្វាគមន៍​ ណាហ្គាវើលដ៍ នៅពហុកីឡដ្ឋានជាតិមរតកតេជោក ស្របពេលដែល អឹម អូ អាយ កំពង់ដេវ៉ា ប្រកួតជាមួយអង្គរថាយហ្គឺរ នៅកីឡដ្ឋានព្រីនស៍។ ទន្ទឹមពេលជាមួយគ្នានេះ អាយ អេស អាយ ដង្កោសែនជ័យ ត្រូវប៉ះជាមួយ គិរីវង់សុខសែនជ័យ នៅកីឡដ្ឋាន AIA KMH Park៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top