ប្រធាន​ក្រុម​ឥណ្ឌូណេស៊ី Idzes បំបែក​កំណត់​ត្រាកីឡាករ​អាស៊ី​អាគ្នេយ៍ថ្លៃជាងគេ​ក្រោយផ្ទេរទៅ Serie A

Jay Idzes ខ្សែការពារ និងជាប្រធានក្រុមជម្រើសជាតិឥណ្ឌូណេស៊ី បានបង្កើតកំណត់ត្រាថ្មីក្នុងនាមជាកីឡាករអាស៊ីអាគ្នេយ៍មានតម្លៃផ្ទេរថ្លៃជាងគេ ក្រោយផ្លាស់ពី Venezia ទៅ Sassuolo នៃលីគកំពូលអ៊ីតាលី Serie A។

Sassuolo បានប្រកាសនៅថ្ងៃទី១០ ខែសីហា ក្នុងការទទួលសមាជិកថ្មីកីឡាករ Idzes ក្នុងតម្លៃផ្ទេរ ៩,៣លានដុល្លារ និងលក្ខខណ្ឌបូកបន្ថែមចំនួន ៥៨ម៉ឺនដុល្លារថែមទៀត ជាមួយកិច្ចសន្យា៤ឆ្នាំ។

តម្លៃខ្លួន ៩,៣លានដុល្លារ ខ្សែការពារវ័យ២៥ឆ្នាំ ជាតម្លៃផ្ទេរខ្ពស់បំផុតសម្រាប់កីឡាករអាស៊ីអាគ្នេយ៍ ដោយបំបែកកំណត់ត្រារបស់ខ្សែបម្រើក្រុមជម្រើសជាតិថៃ Chanathip Songkrasin បន្ទាប់ពីរូបគេផ្លាស់ពី Consadole Sapporo ទៅ Kawasaki Frontale ក្នុងនៃលីគកំពូលជប៉ុន J1 League ក្នុងតម្លៃ ៣,៩លានដុល្លារ កាលពីឆ្នាំ ២០២១។

ដោយឡែក អ្នកចាំទី Emil Audero ក្រុមជម្រើសជាតិឥណ្ឌូណេស៊ីបានផ្ទេរពី Juventus ទៅ Sampdoria ក្នុងតម្លៃ ២៣លានដុល្លារក្នុងឆ្នាំ ២០១៩ ប៉ុន្តែរូបគេមិនទាន់ជាពលរដ្ឋឥណ្ឌូណេស៊ីនៅឡើយទេ។ ដូច្នេះ Audero មិនរាប់បញ្ចូលជាកីឡាករថ្លៃនៅអាស៊ីអាគ្នេយ៍ឡើយ។
កើតនៅប្រទេសអ៊ីតាលី អ្នកចាំទីវ័យ២៨ឆ្នាំ បានទទួលសញ្ជាតិឥណ្ឌូណេស៊ីនៅឆ្នាំ ២០២៥ ដោយទើបបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិបាន២លើកប៉ុណ្ណោះ។

Idzes វ័យ២៥ឆ្នាំ បង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិឥណ្ឌូណេស៊ីលើកដំបូង នៅខែមីនា ឆ្នាំ ២០២៤ នៅពេលជួយក្រុមឈ្នះវៀតណាម ១-០ ក្នុងការប្រកួតជម្រុះ World Cup ឆ្នាំ ២០២៦ តំបន់អាស៊ី។ ខ្សែការពារកណ្តាលរូបនេះ រួមចំណែកសំខាន់ក្នុងជួយឥណ្ឌូណេស៊ីឈានដល់វគ្គជម្រុះ FIFA World Cup ឆ្នាំ ២០២៦ ជុំទី៤។

ខ្សែការពារដ៏មានទេពកោសល្យរូបនេះបានបង្ហាញខ្លួនក្នុងក្របខណ្ឌ Serie A ចំនួន ៦៦ប្រកួត ឱ្យ Venezia ដោយស៊ុតបញ្ចូលទី ២ គ្រាប់។ Idzes ក៏ជាកីឡាករដំបូងគេមកពីអាស៊ីអាគ្នេយ៍ដែលស៊ុតបញ្ចូលទីនៅលីគកំពូលអ៊ីតាលីផងដែរ។ ទោះ Venezia ត្រូវបានកាត់ចោលក្នុងរដូវកាល ២០២៤-២៥ ទៅ Serie B ក៏ដោយប៉ុន្តែក្លិបធំៗជាច្រើនដូចជា Udinese, Genoa និង Torino សុទ្ធតែចង់បានរូបគេ មុនពេលផ្ទេរទៅ Sassuolo៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top