ជើងខ្លាំងគុនខ្មែរ និងជាម្ចាស់ខ្សែក្រវាត់៦ខ្សែ កីឡាករ គោរមៈ ច័ន្ទរាជ្យ នឹងត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅថ្ងៃទី ២៨-២៩ ខែសីហា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។
អ្នកលេងគុនខ្មែរដើមកំណើតនៅរាជធានីភ្នំពេញ គោរមៈ ច័ន្ទរាជ្យ ត្រូវបានមហាជនកោតសរសើរចំពោះការខិតខំប្រឹងប្រែងទាំងអាជីពប្រដាល់ និងការសិក្សា។ បើទោះបីជាអាជីពប្រដាល់របស់ខ្លួនកំពុងទទួលបានផ្លែផ្កាទាំងវ័យក្មេង ប៉ុន្តែកីឡាកររូបនេះមិនបោះបង់ចោលការសិក្សាឡើយ។
ម្ចាស់ខ្សែក្រវាត់ជាច្រើនខ្សែរូបនេះបានកំពុងយកចិត្តទុកដាក់លើការសិក្សា និងត្រៀមខ្លួនយ៉ាងម៉ត់ចត់ដោយបានបន្ធូរបន្ថយការហ្វឹកហាត់ប្រដាល់ដើម្បីយកពេលវេលាមើលមេរៀនត្រៀមប្រឡងបាក់ឌុបដែលនឹងឈានចូលមកដល់នាចុងខែសីហានេះ។
កូនសិស្សលោក ហ៊ុន ច័ន្ទរាជ្យ រូបនេះទទួលបានភាពជោគជ័យខ្លាំងក្នុងវិស័យប្រដាល់នាពេលបច្ចុប្បន្ន។ ជាពិសេសការឈ្នះខ្សែក្រវាត់២ខ្សែចុងក្រោយគឺខ្សែក្រវាត់គុនខ្មែរ ISKA បន្ទាប់ពីឈ្នះមិត្តរួមជាតិ អ៊ូច ធារិទ្ធ និងមួយខ្សែក្រវាត់គុនចម្រុះគឺខ្សែក្រវាត់ GMA (MMA) ក្រោយផ្ដួលកីឡាករម៉ាឡេស៊ី នៅទឹកទី២ នៅប្រទេសវៀតណាម។
ជាមួយភាពជោគជ័យទាំងនេះ គេមើលឃើញថា គោរមៈ ច័ន្ទរាជ្យ ហាក់រវល់ច្រើនខាងផ្នែកកីឡា។ ក្រៅតែការបង្ហាញមុខប្រកួតនៅតាមសង្វៀនផ្សេងៗហើយនោះរូបគេក៏ជាកីឡាករជម្រើសជាតិផ្នែកកីឡាគុនចម្រុះ (MMA) ដែលកំពុងប្រមូលផ្ដុំ និងស្នាក់នៅក្នុងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាផងដែរ។
បញ្ជាក់ដែរ សម័យប្រឡងបាក់ឌុប ឆ្នាំ២០២៥ នេះនឹងធ្វើឡើងវិញចាប់ពីថ្ងៃទី២៨ ដល់ ២៩ ខែសីហា បន្ទាប់ពីបានពន្យារពេលដោយសារបញ្ហាព្រំដែនកាលពីពេលថ្មីៗនេះ។ គោរមៈ ច័ន្ទរាជ្យ ជាសិស្សនៃវិទ្យាល័យបាក់ទូក ដូច្នេះរូបគេនឹងត្រូវចូលរួមប្រឡងបាក់ឌុបនៅរាជធានីភ្នំពេញ៕
ប្រភព៖ KAMPUCHEATHMT