ត្រឹម​២​ប្រកួត​ដំបូង សា ទី កំពុង​បង្ហាញ​គុណផល​ភ្ញាក់​ផ្អើល​នៅ​ក្លិបភ្នំពេញ​ក្រោន

ខ្សែ​ប្រយុទ្ធ​ស្លាប សា ទី កំពុងទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​អ្នក​គាំទ្រ បន្ទាប់​ពី​រូប​គេ​បាន​បង្ហាញ​សមត្ថភាព​ល្អ​​នៅ​ក្លិប​ថ្មី​ ភ្នំពេញ​ក្រោន ក្រោយ​ចាក​ចេញ​ពី​ក្លិប វិសាខា នៅ​ក្នុង​រដូវ​កាល​នេះ។

ការ​បង្ហាញ​ខ្លួន​ផ្លូវ​ការ​លើក​ទី១ សា ទី ត្រូវ​បានគ្រូ​បង្វឹក​លោក Oleg Starynskyi ប្តូរ​ចូល​នៅ​នាទី ៦៦​​ ក្នុង​វគ្គ​ទី២ ពានខេមបូឌាន​ស៊ុបភើខាប់ ឆ្នាំ ២០២៥ ហើយ​បាន​ធ្វើ​ឲ្យ​ទម្រង់​លេង​របស់ ​ភ្នំពេញ​ក្រោន ល្អប្រសើរ។ ចូល​លេងបាន​ត្រឹម​តែ​១​នាទី រូប​គេ​បាន​បញ្ជូន​បាល់​ឲ្យ​ខ្សែ​ប្រយុទ្ធ Makerlo Tellez តែត​តាម​ស្មើ ព្រះ​ខ័ន​រាជ​ស្វាយរៀង ១-១ ហើយ​នៅ​នាទី៩០+៦ រូប​គេ​​បាន​ស៊ុត​គ្រាប់​បាល់តាម​ស្មើ​ជា​លើក​ទី​២ ប៉ុន្តែ​បាន​ស៊ុត​បាល់​​១១​ម៉ែត្រ​កាត់​សេចក្តី​មិន​ជោគជ័យ។

សម្រាប់​ការ​បង្ហាញ​ខ្លួន​ផ្លូវ​ការ​លើក​ទី​២ សា ទី ត្រូវ​បាន​គ្រូ​បង្វឹក​ដាក់​ឲ្យ​ចូលលេង​នៅ​​វគ្គ​ទី​២ ដោយ​ជំនួស​កីឡាករ Maksym Priadun បន្ទាប់​ពី​ចប់​វគ្គ​ទី១ ដែល ភ្នំពេញ​ក្រោន នាំ​មុខ ក្រុម Kasuka FC ១-០ សម្រាប់​ការ​ប្រកួត​វគ្គ​ជម្រុះ AFC Challenge League យប់​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ ២០២៥ នៅ​ប្រទេស​ព្រុយណេ។

វត្តមាន​របស់ សា ទី​ បាន​ធ្វើ​ឲ្យ​តំបន់​ប្រយុទ្ធ​ ភ្នំពេញ​ក្រោន កាន់​តែ​មាន​ប្រសិទ្ធភាព ក្នុង​នោះ រូប​គេ​បាន​រួម​ចំណែក​ក្នុង​ការ​រក​បាន​ ៥​ គ្រាប់​ក្នុង​វគ្គ​ទី​២។ ក្នុង​ចំណោម​ ៥ គ្រាប់​នេះ រូប​គេស៊ុត​បាន ១​ គ្រាប់​នៅ​នាទី ៧២ ដើម្បី​ជួយ​ ភ្នំពេញ​ក្រោន ទទួល​បាន​ជ័យជម្នះដោយលទ្ធផល​ ៦-០ ដើម្បី​​បាន​កៅអី​ឡើង​ទៅ​វគ្គ​ចែក​ពូល។

នេះ​ជា​រឿង​​ល្អ​​សម្រាប់ សា ទី នៅ​ក្លិប​ថ្មី​ បន្ទាប់​ពី​នៅ​ក្លិប វិសាខា មិន​សូវ​ទទួល​បាន​នាទី​លេង​ច្រើន​​ក្នុង​រយៈ​ពេល​ប្រហែល​ជា​២​រដូវ​កាល​ចុង​ក្រោយ។ នៅ​ ​ភ្នំពេញ​ក្រោន រូប​គេ​មិន​ត្រឹម​តែ​ទទួល​បាន​ឱកាស​លេង​​ពាន​រង្វាន់​ក្នុង​ស្រុក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បាន​បង្ហាញ​ខ្លួន​​សម្រាប់​ពាន​រង្វាន់​អន្តរជាតិ​ថែម​ទៀត។ ទោះ​បី​ជា​យ៉ាង​ណា រូប​គេ​មិន​ទាន់​ត្រូវ​បាន​គ្រូ​បង្វឹក​​ដាក់​ឲ្យ​លេង​​ក្នុង​ជម្រើស​ ១១ នាក់​ដំបូង​ឡើយ គឺ​ស្ថិត​ក្នុង​កីឡាករ​ដូរ​ចូល​នៅ​វគ្គ​ទី២។

សា ទី ជា​កីឡាករ​ម្នាក់​ដែល​ទទួល​បាន​ការ​ពេញ​ចិត្ត​ពី​គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ទាំង​គ្រូ​បច្ចុប្បន្ន និង​គ្រូ​មុន​​ដែល​បាន​កោះ​ហៅ​ឲ្យ​ចូល​ជម្រើស​ជាតិ​រហូត បើ​ទោះ​ជា​មិន​សូវ​បាន​លេង​នៅ​ក្លិប វិសាខា ក៏​ដោយ។ នៅ​ពេល​ខាង​មុខ រូប​គេ​នឹង​កាន់​តែ​ទទួល​បាន​ការ​ទុក​ចិត្ត​ពី​គ្រូ​បង្វឹក​ជម្រើស​ជាតិ​កម្ពុជា នៅ​ពេល​បង្ហាញ​ខ្លួន​កាន់​តែ​ច្រើន​ជា​មួយក្លិប ភ្នំពេញ​ក្រោន៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top