Williams វ័យ ៤៥ឆ្នាំ ទទួលបានការអនុគ្រោះចូលរួមប្រកួតពាន US Open 2025

(បរទេស)៖ កីឡាការិនីវាយកូនបាល់ទោល Venus Williams នឹងក្លាយជាអត្តពលិកវ័យចំណាស់ជាងគេ ក្នុងរយៈពេល ៤៤ឆ្នាំនៃកម្មវិធី US Open បន្ទាប់ពីទទួលបានការអនុញ្ញាតឱ្យលេងក្នុងពានកម្រិត Grand Slam មួយនេះនៅ Flushing Meadows។

ជាមួយគ្នានោះដែរ Williams ក៏បានកំពុងព្យាយាមឈ្នះពាន US Open របស់អាមេរិក ស្ថិតក្នុងក្របខណ្ឌ Grand Slam ក្នុងនាមកីឡាការិនីចាស់ជាងគេផងដែរ គិតចាប់តាំងពីនាង Martina Navratilova ធ្លាប់ធ្វើបានក្នុងកម្មវិធី Wimbledon របស់អង់គ្លេសនាឆ្នាំ២០០៤។

អតីតជើងឯក Grand Slam ៧សម័យកាលមួយនេះ បានវិលចូលទីលានវិញ ដោយស្ថិតក្នុងវ័យ ៤៥ឆ្នាំនាអំឡុងខែកក្កដា ឆ្នាំ២០២៥ និងទទួលបានជ័យជម្នះក្នុងជុំទី១ ផងដែរនៅឯកម្មវិធី Washington Open ក្រោយពេលអវត្តមាន ១៦ខែមកនេះ។ ការផ្តួលគូប្រជែងសញ្ជាតិអាមេរិកដូចគ្នាគឺនាង Peyton Stearns នៅជុំទី១ បានញាំងឱ្យ Williams បានក្លាយជាកីឡាការិនីចាស់ជាងគេនៅកម្រិត WTA Tour បំបែកកំណត់ត្រាចាស់មានរយៈពេលជាង ២១ឆ្នាំមកនេះ។

បច្ចុប្បន្ន Williams អតីតកីឡាការិនីលំដាប់លេខ១ ពិភពលោកផងនោះ បានកំពុងត្រៀមបង្ហាញខ្លួននៅទីលាន Flushing Meadows ដោយស្ថិតក្នុងទីក្រុង New York ជាទីតាំងដែលនាងធ្លាប់ឈ្នះជើងឯក ២លើកជាប់ៗគ្នាកាលឆ្នាំ២០០០ និង ២០០១៕

ប្រភព៖ FRESH NEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top