អ្នករៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុង Los Angeles ឆ្នាំ ២០២៨ នឹងលក់សិទ្ធិដាក់ឈ្មោះផ្សាយពាណិជ្ជកម្មនៅទីតាំងកីឡដ្ឋានមួយចំនួនជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រកីឡាលំដាប់ពិភពលោកនេះ។ ការដាក់លក់សិទ្ធិនេះ ដើម្បីបង្កើនប្រាក់ចំណូលបន្ថែម និងជាការផ្លាស់ប្តូរថ្មីនៃការហាមឃាត់ផ្សាយម៉ាកយីហោក្នុងកីឡដ្ឋាន និងសង្វៀន នៅអូឡាំពិក។
កិច្ចព្រមព្រៀងថ្មីនេះ រំពឹងថានឹងកើនចំណូលរាប់រយលានដុល្លារថែមទៀតក្នុងការប្រកួតកីឡាអូឡាំពិក ឆ្នាំ ២០២៨។ ក្នុងសេចប្រកាសមួយដែលបានចេញផ្សាយថ្ងៃទី១៤ ខែសីហា អ្នករៀបចំ LA28 បានលើកឡើងថា៖«យើងនឹងផ្លាស់ប្តូរទីតាំងសំខាន់មួយចំនួនដែលមានលក្ខណៈពិសេសដើម្បីដាក់ឱ្យផផ្សព្វផ្សាយពាណិជ្ជកម្ម ដើម្បីបង្កើនប្រាក់ចំណូលពីព្រឹត្តិការណ៍កីឡានេះ»។
លោក Casey Wasserman ប្រធានរៀបចំកីឡាអូឡាំពិកនៅទឹកដីអាម៉េរិក បន្ថែមថាចាប់ពីពេលដែលស្ថាប័នខ្លួនដាក់សំណើឱ្យមានការដេញថ្លៃ មានក្រុមហ៊ុនធំៗជាច្រើនចាប់អារម្មណ៍។
មកទល់ពេលនេះ ក្រុមហ៊ុនផលិតរថយន្ត Honda បានចុះកិច្ចសន្យារួចហើយដោយឧបត្ថម្ភនៅ LA28 ដោយទទួលបានសិទ្ធិដាក់ឈ្មោះនៅទីលាន Anaheim រដ្ឋកាលីហ្វ័រញ៉ា ដែលនឹងកីឡាបាល់ទះ។ ក្រៅពីក្រុមហ៊ុនជប៉ុននេះ មានក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ និងបច្ចេកវិទ្យា Comcast ដែលនឹងមានឈ្មោះនៅលើទីលានប្រកួតនេះផងដែរ។ ទីតាំងផ្សេងៗទៀត ដូចជាសង្វៀនប្រដាល់ និងលើកទម្ងន់ សុទ្ធតែដាក់ឱ្យមានការផ្សព្វផ្សាយ។
លោក Wasserman បានអរគុណចំពោះគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) សម្រាប់ការអនុញ្ញាតឱ្យមានការផ្លាស់ប្តូរសម្រាប់ការផ្សាយស្លាកជីហោនេះនៅអូឡាំពិកជាលើកដំបូង ដែលនេះនឹងផ្តល់ផលប្រយោជន៍ដល់ចលនាអូឡាំពិកទាំងមូល។
ដោយឡែកទីតាំងប្រកួតមួយចំនួន ដែលស្ថិតក្នុងគោលការណ៍ «កន្លែងស្អាត» នៅតែបន្តហាមឃាត់ការផ្សាយពាណិជ្ជកម្មដដែល៕
ប្រភព៖ KAMPUCHEATHMEY



