លោក​ ខេស៊ី បាណេត​ បណ្ដា​គ្រឹះស្ថានឧត្ដម​សិក្សា​គួរបង្កើត​ព្រឹត្តិការណ៍កីឡា​ឲ្យ​បាន​ច្រើន​ព្រោះ​មានសារប្រយោជន៍​ដល់​និស្សិត​

លោក​ ខេស៊ី បាណេត​ នាយកវិទ្យាស្ថានខេមអេដ ថា​បណ្ដា​គ្រឹះស្ថានឧត្តមសិក្សា​នានា​គួរ​បង្កើត​ជា​ព្រឹត្តិការណ៍​កីឡា​ឲ្យ​បាន​ច្រើន​ ព្រោះ​មាន​សារ​ប្រយោជន៍​ច្រើន​ដល់​សិស្ស​និស្សិត​ទាំង​សុខភាព​ និង​បទ​ពិសោធ។​

ថ្លែង​ក្នុង​ពិធី​បើក​ការប្រកួត​បាល់បោះ​របស់​វិទ្យាស្ថានខេមអេដ​ ឆ្នាំ​២០២៥​ ព្រឹកមិញ​នេះ​លោក​ ខេស៊ី បាណេត​ បាន​ឲ្យ​ដឹង​ថា​ ពាន​រង្វាន់​មួយ​នេះ​បាន​បង្កើត​ឡើង​ជាង ​១០​ឆ្នាំ​មកហើយ​គិត​មក​ដល់​ពេល​នេះ។​ ឆ្នាំ​នេះសិស្សនិស្សិត​ចូលរួម​ទាំង​អស់​ ៣២​ក្រុម​មាន​ចំនួន​រហូត​ជាង​ ២៥០​នាក់​ដែល​ចំនួន​នេះ​មាន​ការ​កើន​ឡើង​ជាង​ឆ្នាំ​មុនៗ​ទៅ​ទៀត។

លោក​ ខេស៊ី បាណេត​ បន្ថែម​ទៀត​ថា​ តាម​បទ​ពិសោធ​ឆ្នាំ​មុនៗ​នេះ​មើល​ឃើញ​ថា​សិស្ស​និស្សិត​មាន​ចិត្ត​សប្បាយ​រីករាយ​ក្នុង​ការ​ចូលរួម​ប្រកួត​ និង​បង្ហាញ​ពី​សាមគ្គីភាព​រវាង​គ្នា​ និង​គ្នា​ បាន​ស្គាល់​មិត្តភ័ត្ត​​ថ្មីៗ​ដែល​រៀន​នៅ​ឆ្នាំ​ផ្សេងៗ​គ្នា​ជា​ដើម។ ក្រៅ​ពី​នេះ​ព្រឹត្តិការណ៍​កីឡា​មួយ​នេះ​បាន​ធ្វើ​ឲ្យ​ពួក​គេ​ទទួល​បាន​នូវ​អ្វី​ថ្មីៗ​ និង​ចេះ​តស៊ូ​ជម្នះ​រាល់​ឧបសគ្គ​ដែល​បាន​ជួប​ដើម្បី​ពង្រឹង​ស្មារតី​ឆ្ពោះ​ទៅ​បំពេញ​ការងារ​នៅ​ពេល​បញ្ចប់​ការ​សិក្សា​នៅ​ពេល​ខាង​មុខ។​

ក្រៅ​ពី​ចំណុច​សំខាន់ៗ​ខាង​លើ​នេះ​ហើយ​នោះ​ព្រឹត្តិការណ៍មួយ​នេះ​បាន​ក៏​បណ្ដុះ​សមត្ថភាពកីឡារ​របស់​​និស្សិត​ឲ្យ​​រីកចម្រើន​ ឬ​អាច​ឈាន​ដល់​ក្លាយ​ជា​ធនធាន​ជម្រើស​ជាតិ​ទៅ​តាម​ប្រភេទ​កីឡា​ផ្សេង​រហូត​ប្រកួត​តំណាង​ជាតិ​ជា​ដើម។​

ដូច្នេះ​ហើយ​បណ្ដា​គ្រឹះស្ថាន​ឧត្ដម​សិក្សា​នានា​នៅ​កម្ពុជា​គួរ​ឲ្យ​បង្កើត​ឲ្យ​មាន​ជា​ព្រឹត្តិការណ៍​កីឡា​ឲ្យ​បាន​ច្រើន​ពិសេស​ដូច​វិទ្យាស្ថាន​ខេមអេដ​ដែល​កំពុង​ធ្វើ​នៅ​ពេល​នេះ​ ព្រោះ​ដូច​ដឹង​ហើយ​ពី​សារប្រយោជន៍​ជា​ច្រើន​ដែល​បាន​រៀបចំ​ខាង​លើ។​

បញ្ជាក់​ដែរ​ថា​ ព្រឹក​ថ្ងៃ​ទី១៧​ ខែ​សីហា​ ឆ្នាំ​២០២៥​ នេះ​វិទ្យាស្ថាន​ខេមអេដ​ បាន​ប្រកាស​បើក​ការ​ប្រកួត​បាល់បោះ​ ប្រចាំ​ឆ្នាំ​២០២៥​ (CamEd Men’s & Women’s Basketball Tournament 2025) នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កីឡា។​  ការ​ប្រកួត​នេះ​មាន​ក្រុម​ចូលរួម​ ៣២ក្រុម (បុរស ១៦ក្រុម, នារី ១៦ក្រុម) និង​ធ្វើ​ការប្រកួត​ចាប់​ពី​ថ្ងៃ​ទី១៧​ ដល់​ ២៤​ ខែ​សីហា​ ឆ្នាំ​២០២៥៕​

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top