គិតត្រឹមថ្ងៃទី១៩ ខែសីហា ក្លិបទាំងអស់នៅ Premier League ចំណាយសរុប ២,៧ ពាន់លានដុល្លារលើការផ្ទេរកីឡាករ មុនទីផ្សារដោះបិទទ្វារនៅថ្ងៃទី១ ខែកញ្ញា។ ម្ចាស់ការពារជើងឯក Liverpool ជាក្លិបដែលចំណាយច្រើនជាងគេ លើការទិញដូរកីឡាករដើមរដូវកាល ២០២៥-២៦ ប្រមាណ ៣៣៨,៨ លានដុល្លារហើយ តាមពីក្រោយដោយ Manchester United និង Chelsea។
ក្រុមរហស្សនាមហង្សក្រហម នាំយកកីឡាករថ្មីៗជាច្រើន រួមមាន Florian Wirtz, Hugo Ekitike, Milos Kerkez និង Jeremie Frimpong ជាដើម។ ចំណោមកីឡាករដែលអ្នកចាត់ការទូទៅ លោក Arne Slot ទិញចូលរដូវកាលនេះ ក្នុងនោះខ្សែបម្រើអាល្លឺម៉ង់ Wirtz និងខ្សែប្រយុទ្ធបារាំង Ekitike ស្ថិតក្នុងចំណោម កីឡាករថ្លៃបំផុតទាំង៥ នៅលីគកំពូលអង់គ្លេស Premier League។
ចាយជាង៣០០លានដុល្លាររួចហើយ ប៉ុន្តែមកដល់ពេលនេះ Liverpool បាននាំយកខ្សែការពារ Giovanni Leoni ពីក្លិប Parma តម្លៃជាង ៣០លានផោន (៤០លានដុល្លារ) ថែមទៀត។
Manchester United ជាក្លិបទី២ ចាយប្រាក់ទិញកីឡាករចូលច្រើន ក្រោយរដូវកាលមុនជួបរឿងខកចិត្តរួចមក។ បិសាចក្រហមវិនិយោគជាង ២០០លានផោន(២៧០លានដុល្លារ) ទិញបានខ្សែប្រយុទ្ធ Matheus Cunha, Benjamin Sesko Bryan Mbuemo និងខ្សែការពារស្លាបឆ្វេង វ័យក្មេង Diego Leon។
តំបន់ប្រយុទ្ធក្រុម Man Utd ផ្តើមមុតស្រួច និងមានឱកាសស៊ុតរកគ្រាប់បាល់ច្រើនឡើងវិញ ក្រោយក្លិបទិញកីឡាករបំពេញចំណុចខ្វះខាតតំបន់ប្រយុទ្ធ។ Man Utd នៅមិនទាន់ចប់ឡើយ ពួកគេក៏កំពុងស្វែងរកកីឡាករតំបន់បម្រើបន្ថែមយកមករួមក្រុម។
Chelsea នៅលេខ ៣ ចាយប្រាក់ជាង ១៥០លានផោន(២០២លានដុល្លារ) ទិញបានខ្សែប្រយុទ្ធ Liam Delap, Joao Pedro និងកីឡាករខ្សែបម្រើស្លាប Jamie Gettens, Estevao។ កីឡាករទាំងនេះ ចូលរួមជាមួយនឹងតោខៀវម្ចាស់ពាន Club World Cup ឆ្នាំ ២០២៥ ពួកគេសុទ្ធសឹងជាកីឡាករវ័យក្មេង មានសមត្ថភាពលេចធ្លោខ្លាំង។
ចំណែក Arsenal វិញ ជាក្រុមទី៤ ទិញបានខ្សែប្រយុទ្ធ Viktor Gyokeres តម្លៃប្រមាណ ៦៣,៥លានផោន(៨៥លានដុល្លារ)។ Arsenal ក៏ទិញបានកីឡាករ Martin Zubimendi ពីក្រុម Real Sociedad, Christian Norgaard ពី Brentford និងទិញ Kepa ពី Chelsea ព្រមទាំងអ្នកចាំទី Cristhian Mosquera ពី Valencia ដែលតម្លៃសរុបប្រមាណជាង ៨០លានដុល្លារ(១០៨លានដុល្លារ)។
ដោយឡែក Man City រដូវកាលថ្មីនេះ បានចាយប្រាក់ទិញកីឡាករប្រមាណ ១៥៣លានផោន(២០៦លានដុល្លារ) និង Tottenham Hotspur ចាយប្រាក់អស់ ១២៧លានផោន(១៧១លានដុល្លារ) លើកីឡាករថ្មី៕
ប្រភព៖ THMEYTHMEY