មនុស្ស ៩នាក់ ត្រូវបានចាប់ខ្លួនក្រោយសង្ស័យជាប់ពាក់ព័ន្ធនឹងការរៀបចំលទ្ធផលការប្រកួតទុកមុន ក្នុងលីគបាល់បោះប្រទេសសិង្ហបុរី។ នេះបើតាមការបញ្ជាក់របស់ស្ថាប័នស៊ើបអង្កេតអនុវត្តអំពើពុករលួយ (CPIB) ថ្ងៃទី១៩ ខែសីហា ដែលក្នុងនោះ មាន ៨នាក់ជាជនជាតិសិង្ហបុរី និងម្នាក់ជាជនបរទេសរស់នៅអចិន្ត្រៃយ៍ លើទឹកដីសិង្ហបុរី។ អ្នកទាំង៩នាក់នោះ មានអាយុចន្លោះ ១៩-៣៥ឆ្នាំ។
CPIB បានបញ្ជាក់ថា មនុស្សម្នាក់ជនសង្ស័យចំណោម៩នាក់នោះ ក៏ជាកីឡាករបាល់បោះ មកពីលីគ បាល់បោះសិង្ហបុរី ផងដែរ (K. Star National Basketball League Division)។ បើតាមស្ថាប័ន CPIB មនុស្សទាំង ៩នាក់នោះ គឺកំពុងស្ថិតក្រោមការស៊ើបអង្កេតពីបទល្មើស ក្រោមច្បាប់ការពារអំពើពុករលួយ។
«សិង្ហបុរីប្រកាន់ខ្ជាប់នូវវិធីសាស្ត្រមិនអត់ឱន។ យើងតឹងរ៉ឹងលើអំពើពុករលួយ។ ការរៀបចំលទ្ធផលទុកជាមុនតាមគ្រប់រូបភាព មិនត្រូវបានលើកលែងឡើយនៅសិង្ហបុរី » ។ នេះជាការបញ្ជាក់របស់ CPIB ដែលមិនស្ទាក់ស្ទើរក្នុងការចាត់វិធានការតឹងរ៉ឺងប្រឆាំង នឹងភាគីពាក់ព័ន្ធ បើពួកគេបានប្រគល់ ទទួល ឬយកសំណូក ដើម្បីរៀបចំលទ្ធផលប្រកួតទុកជាមុន។
ការប្រកួតបាល់បោះមួយ ដែលសង្ស័យថា បានរៀបចំលទ្ធផលទុកមុន គឺការប្រកួតរវាងក្រុមបាល់បោះ Tagawa និង Tong Whye កាលពីថ្ងៃទី១ ខែសីហា។ ការប្រកួតនោះ ក្រុម Tagawa បានយកឈ្នះការប្រកួតក្នុងលទ្ធផលពិន្ទុ ៦៦-៤៣។
លីគបាល់បោះជាតិសិង្ហបុរី K. Star នោះ មានក្រុមចូលរួមប្រកួតប្រជែងចំនួន ១០ ដោយក្រុមទាំងនោះរួមមាន Adroit, SBA, Tagawa, Chong Ghee, Eng Tat Hornets, SG Basketball, Siglap Basketball Club, Xin Hua, Tung San និង Tong Whye។ ការប្រកួតលីគបាល់បោះនេះបាន ចាប់ផ្តើមកាលពីថ្ងៃទី១៤ ខែកក្កដាមក ហើយគ្រោងបញ្ចប់នៅថ្ងៃទី៣០ ខែសីហា៕
ប្រភព៖ THMEYTHMEY