លោក លឹម ហុង ដែលជាឪពុករបស់អ្នកលេងគុនខ្មែរ រិទ្ធី គីងកុង ថាវង្សត្រកូលរបស់លោកពីមុនមកគ្មានអ្នកណាជាអ្នកប្រដាល់នោះឡើយគឺទើបតែជំនាន់ឥលូវមានកូនៗស្រឡាញ់ និងបានឡើងប្រកួតដូចសព្វថ្ងៃនេះ។
លោក លឹម ហុង បានឲ្យដឹងថា បើគិតពីវង្សត្រកូលរបស់លោកពីមុនមកគឺមិនមានជាប់ខ្សែខាងហ្វឹកហាត់ ឬចាប់អាជីពខាងប្រដាល់នោះឡើយ។ ទើបតែមានត្រឹមជំនាន់កូនប្រុសដែលកំពុងហ្វឹកហាត់បាន ២នាក់ជាមួយគ្រូ ផាត សូដា បច្ចុប្បន្ននេះ។
ឪពុករបស់ គីងកុង រូបនេះបន្ថែមទៀតថា លោកមិនបានហាត់ប្រដាល់ ឬជាប់ខ្សែប្រដាល់មែន ប៉ុន្តែលោកចូលចិត្ត និងតាមដានប្រភេទកីឡាមួយនេះណាស់។ លោកតាមដានប្រដាល់នេះជាង ១០ឆ្នាំមកហើយ។ កីឡាករដែលលោកតាមដានពីជំនាន់មុនមកគឺ វ៉ន វីវ៉ា រហូតមកដល់ពេលនេះមាន ធឿន ធារ៉ា ជាដើម។
បញ្ជាក់ដែរថា លោក លឹម ហុង ជាឪពុកបង្កើតរបស់កីឡាករ រិទ្ធី គីងកុង និង រិទ្ធី លីហួរ ដែលកំពុងហ្វឹកហាត់ប្រដាល់ជាមួយលោក ផាត សូដា នៃក្លឹបប្រដាល់គុនខ្មែរស៊ុបពើហ្វៃ។ បច្ចុប្បន្នលោកជាអ្នកធ្វើការរោងចក្រមួយកន្លែងនៅរាជធានីភ្នំពេញ និងមានកូន ៤នាក់ ប្រុស៣ ស្រី១៕
ប្រភព៖ KAMPUCHEATHMEY