ល្ងាច​នេះ​ បឹងកេត​ អាច​ទម្លាយ​សំណាញ់​ទី​ ព្រះខ័ន​រាជស្វាយរៀង បានឬទេ?

ជំនួប​ដែល​អ្នក​គាំទ្រ​ទន្ទឹង​រង់ចាំ​មក​ដល់​នៅ​ល្ងាច​ថ្ងៃ​អាទិត្យ ទី​២៤ ខែ​សីហា នេះ​រវាង ម្ចាស់​ផ្ទះ ព្រះ​ខ័ន​រាជ​ស្វាយរៀង និង បឹងកេត សម្រាប់​ការ​ប្រកួត​សប្តាហ៍​ទី​៣ នៃ​លីគ​បាល់ទាត់​កំពូល​កម្ពុជា។

ក្រុម​ទាំង​ពីរ​មិន​ទាន់​ចាញ់​ដូច​គ្នា​សម្រាប់​ការ​ប្រកួត​ពីរ​សប្តាហ៍​ដំបូង។ ថ្ងៃ​បើក​ឆាក​លីគ បឹងកេត បាន​យក​ឈ្នះ ឡាយហ្វ ខេត្ត​ព្រះ​សីហនុ ដោយ​លទ្ធផល ២-០ និង​សប្តាហ៍​ទី​២ ពួក​គេ​បាន​ស្មើ​ជា​មួយ​ក្រុម​ខ្លាំង ភ្នំពេញ​ក្រោន ដោយ​គ្មាន​គ្រាប់​បាល់។ បឹងកេត មាន​៤​ពិន្ទុ​ កំពុង​ឈរ​លេខ ​២ ​ក្នុង​តារាងពិន្ទុ។

ព្រះ​ខ័ន​រាជ​ស្វាយរៀង ធ្វើ​បាន​យ៉ាង​ល្អ​ឥត​ខ្ចោះ​សម្រាប់​ការ​ប្រកួត​លីគ​កម្ពុជា​ពីរ​សប្តាហ៍។ ពួក​គេ​បាន​យក​ឈ្នះ ណាហ្គាវើលដ៍ ៣-០ និងបាន​​ឈ្នះ​ អង្គរថាយហ្គឺរ​ ៣-០ ដើម្បី​រក​បាន​៦​ពិន្ទុ​ពេញឈរ​លើ​កំពូល​តារាង។ អ្វី​ដែល​កាន់​តែ​ពិសេស​ទៀត​នោះ ពួក​គេ​បាន​យក​ឈ្នះ​ Shan United ៣-០ ទៀត​សម្រាប់​ការ​ប្រកួត​សន្សំពិន្ទុ​ទី​១ ក្នុង​ពាន​រង្វាន់​ ASEAN Club Championship កាល​ពី​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ ២០២៥ នៅ​ប្រទេស​មីយ៉ាន់ម៉ា។

និយាយ​រួម ៣ ប្រកួត​ចុង​ក្រោយ ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ស៊ុត​ចូល​ដៃ​គូ ៩ គ្រាប់ ប៉ុន្តែ​គ្មាន​ដៃ​គូ​ណា​មួយ​អាច​ទម្លាយ​សំណាញ់​ទី​របស់​​ខ្លួន​បាន​ឡើយ។ តើ​​ល្ងាច​ថ្ងៃ​អាទិត្យ​នេះ បឹងកេត អាច​ទម្លាយ​សំណាញ់​ទី​ពួក​គេ​បាន​ទេ? ចម្លើយ​គឺ​មិន​មែន​ជា​ការ​ងាយ​ស្រួល​នោះ​ទេ។ បើ​ទោះ​បី​ជា​ ពួក​គេ​ប្រកួត​នា​​ថ្ងៃ​ទី​២១ ខែ​សីហា នៅ​ប្រទេស​មីយ៉ាន់ម៉ា ហើយ​ថ្ងៃ​ទី​២២ ខែ​សីហា ត្រូវ​ធ្វើ​ដំណើរ​មក​កម្ពុជា ដែល​សម្រាក​បាន​តែ​១​ថ្ងៃ​ប៉ុណ្ណោះ មុន​ពេល​ប្រកួត​ជា​មួយ បឹងកេត។ ពួក​គេ​មាន​ខ្សែ​ប្រយុទ្ធ ​ខ្សែ​ការពារ និង​ខ្សែ​បម្រើ​ខ្លះ​​មិន​​បាន​លេង​នៅ​ទឹក​ដី​មីយ៉ាន់ម៉ា។ ខ្សែ​ការពារ​ សឿយ វិសាល, សុផល ឌីម៉ង់ ខ្សែ​ប្រយុទ្ធ សៀង ចន្ធា និង Bounphachan Bounkong សុទ្ធ​តែមិន​បាន​លេង​នៅ​មីយ៉ាន់ម៉ា ដូច្នេះ​ ពួក​គេ​នឹង​លេង​​ល្ងាច​នេះ។

និយាយ​ពី បឹងកេត វិញ​ពិត​ជា​មិន​ធម្មតា​ក្នុង​រដូវ​កាល​នេះ​​​ដោយ​បាន​រៀបចំ​ក្រុម​ និង​ក្រុម​ការងារ​គ្រូ​បង្វឹក​យ៉ាង​ល្អ។ ពួក​គេ​​មាន​គ្រូ​បង្វឹកបទ​ពិសោធ​ច្រើន Conor Nestor ដែល​យល់​ច្បាស់​ពី​ស្ថានភាព​បាល់ទាត់​កម្ពុជា។ កីឡាករ​បទេស​របស់​ពួក​គេ​សុទ្ធ​តែ​លំដាប់មាន​ដូច​ជា ខ្សែ​ការពារ​សញ្ជាតិ​ស្កុតឡែន Sean Kelly, ខ្សែ​បម្រើអូស្ត្រាលី Louis Zabala និង​អង់គ្លេស Charlie Scott។ ចំណែក​ខ្សែ​ប្រយុទ្ធ​មាន​កាមេរ៉ូន Louis Willy Ndongo, ប្រេស៊ីល Iago Bento និង Thabiso Brown មក​ពី​តំបន់​អាហ្វ្រិក។

ប្រវត្តិ​ជួប​គ្នា ១៩ លើក​កន្លង​មក ព្រះ​ខ័ន​រាជ​ស្វាយរៀង ​បាន​ឈ្នះ ១១ លើក ខណៈ ​បឹងកេត ​បាន​ឈ្នះ ៣លើក និង​​ស្មើគ្នា ៥ លើក។ ដោយ​គ្រាន់​តែ​ចោទ​សួរ​ថា តើ បឹងកេត អាច​ទម្លាយ​សំណាញ់​ទី​របស់ ព្រះ​ខ័ន​រាជ​ស្វាយរៀង​បាន​ឬ​ទេ? ចម្លើយ​​គឺ ​វេលា​ម៉ោង ៦ ល្ងាចនេះ នៅ​លើ​ទី​លានស្មៅ​ធម្មជាតិ ក្នុង​ពហុកីឡដ្ឋាន​ជាតិមរតក​តេជោ៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top