កីឡាករ ផុល រតនៈ ថាក្រុមទាំងមូលបានត្រៀមខ្លួនរួចរាល់ហើយ និងរង់ចាំយ៉ាងពុះកញ្ជ្រោលចំពោះការប្រកួតស្អែកនេះជាមួយក្រុមម្ចាស់ផ្ទះវៀតណាម នៃពានរង្វាន់ International Police Volleyball Tournament 2025។
ផុល រតនៈ បានឲ្យដឹងថា ការស្នាក់នៅហូបចុកនៅឯវៀតណាមនេះគឺល្អ និងមិនមានចោទជាបញ្ហាអ្វីនោះទេ ស្របពេលក្រុមទាំងមូលបានហ្វឹកហាត់មួយពេលមកហើយ។ និយាយពីការហ្វឹកហាត់គឺក្រុមទាំងមូលបានហ្វឹកហាត់ខ្លាំង លំបាក ជាយូរហើយមក ដូច្នេះមិនមានអ្វីប្លែក ឬជាការត្រៀមខ្លួនឲ្យហួសនេះនោះទេ។
ដោយសារលទ្ធផលមិនល្អរបស់ក្រុមជម្រើសជាតិកម្ពុជានៅ SEA V League កន្លងទៅនេះបានធ្វើឲ្យក្រុមមានចិត្តចង់ស្ដារមុខមាត់ឡើងវិញ។ ដូច្នេះម្នាក់ៗកំពុងពុះកញ្ជ្រោលចង់ឲ្យឆាប់ដល់ការប្រកួតនៅថ្ងៃស្អែកនេះណាស់។
អ្នកលេងបាល់ដេញរបស់ក្រុមវិសាខារូបនេះបន្ថែមទៀតថា ចំពោះសមត្ថភាពក៏ក្រុមវៀតណាមស្អែកនេះមិនទាន់ដឹងច្បាស់ថាល្អដល់កម្រិតណាដែរ។ ប៉ុន្តែបានត្រឹមដឹងថាមានកីឡាករមួយរូបជាអតីតជម្រើសជាតិ។
លទ្ធផលនៅថ្ងៃស្អែកយ៉ាងណានោះ រតនៈ មិនទាន់ហ៊ានអះអាងនោះឡើយទេបានត្រឹមដឹងថាក្រុមទាំងមូលបានត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតពានរង្វាន់ International Police Volleyball Tournament នេះហើយ និងចង់ឈ្នះជូនអ្នកគាំទ្រកម្ពុជាឡើងវិញ។
បញ្ជាក់ដែរថា ក្រុមវិសាខារបស់កម្ពុជា នឹងធ្វើការប្រកួតដំបូងជាមួយក្រុមវៀតណាម The Cong Tan Cang នៅថ្ងៃទី២៦ ខែសីហា ស្របពេលប្រកួតទី២ នឹងប៉ះក្រុមឡាវ Lao Ministry Of Public Security ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងហូជីមិញ។ វិសាខា របស់កម្ពុជាគឺស្ថិតនៅពូល A ជាមួយក្រុម Cong Tan Cang ក្រុម Lao Ministry Of Public Security ចំណែកពូល B មានក្រុម Vietnam People’s Police ក្រុម Ha-NOI ក្រុម Jakarta Phayangkara Presisi Club។ ពានរង្វាន់នេះលេងចាប់ពីថ្ងៃទី២៦ ដល់ ៣០ ខែសីហា ឆ្នាំ២០២៥ នៅឯទីក្រុងហូជីមិញ ប្រទេសវៀតណាម៕
ប្រភព៖ KAMPUCHEATHMEY