សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា នឹងបញ្ចូលវិញ្ញាសាទូក«ង» ក្នុងការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ពានរង្វាន់ ស សុខា លើកទី២ ឆ្នាំ២០២៥ ដែលគ្រោងរៀបចំនៅថ្ងៃទី១០-១២ ខែតុលា នៅទន្លេវៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ លោក គង់ សុភាព អគ្គលេខាធិការរងសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បញ្ជាក់ថា វិញ្ញាសាទូក«ង» នឹងមានចំណុះ ២២ នាក់។
លោក គង់ សុភាព បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ តាមតេលេក្រាមថា ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ពានរង្វាន់ ស សុខា លើកទី២ នឹងប្លែកជាងឆ្នាំមុន ព្រោះសហព័ន្ធ នឹងបន្ថែមវិញ្ញាសាប្រណាំងទូក«ង» ចំណុះ២២នាក់។ អគ្គលេខាធិការរូបនេះ ជឿជាក់ថា ព្រឹត្តិការណ៍ជាលើកទី២នេះ នឹងទទួលបានការគាំទ្រ ជាពិសេសការចូលរួមច្រើនទៅលើវិញ្ញាសាមួយនេះ ព្រោះជាវិញ្ញាសាទូកប្រពៃណីកម្ពុជា។
លោក គង់ សុភាព បាននិយាយប្រាប់ថា៖«ឆ្នាំនេះ យើងរៀបចំប្លែកពីឆ្នាំមុនៗ ដោយសារយើងបង្កើនប្រភេទវិញ្ញាសាមួយទៀត គឺទូកប្រពៃណី ទូក«ង»របស់យើង ចូលទៅក្នុងការប្រកួតនេះ ផងដែរ ដើម្បីទាក់ទាញអ្នកគាំទ្រ ចូលរួមឲ្យបានច្រើន។ វិញ្ញាសាទូក«ង» យើងរំពឹងថាមានការចូលរួមច្រើន ដោយសារយើងឃើញថាប្រជាពលរដ្ឋ កីឡាករតាមក្លិប ពួកគាត់ចាប់អារម្មណ៍ច្រើន។»។
ក្រៅពីវិញ្ញាសាប្រណាំងទូក«ង» សហព័ន្ធ ក៏បានរៀបចំវិញ្ញាសាទូកផ្សេងទៀត ដូចជា៖ ទូកនាគ ទូកផ្កាចារ ទូកកានូ-កាយ៉ាក់ និងរ៉ូអ៊ីង ផងដែរ។
សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីង បានរៀបចំពានរង្វាន់ ស សុខា លើកទី១ កាលពីថ្ងៃទី២-៤ សីហា ឆ្នាំ២០២៤ នៅទន្លេវៃគោ ម្ដងរួចមកហើយ។ ការប្រកួតនាពេលនោះ មានសមាគមកីឡាទូក ចំនួន២០ បានចូលរួមប្រកួត។ ចំណែកវិញ្ញាសានាពេលនោះ ការប្រកួតមានដូចជា៖ ទូកប្រពៃណីទូកនាគអន្ដរជាតិ វិញ្ញាសា បុរស ៨០០ម៉ែត្រ ចំណុះ១២នាក់, ៥០០ម៉ែត្រ ចំណុះ១២នាក់ និង២០០ម៉ែត្រ។ ចំណែក វិញ្ញាសានារី លើប្រភេទទូកនេះ មាន៤០០ម៉ែត្រ ចំណុះ១២នាក់។ រីឯប្រភេទទូកកាចាអន្ដរជាតិ វិញ្ញាសា មានដូចជា៖ ៥០០ម៉ែត្រ បុរស និងនារី ចំណុះ៥នាក់ និង២០០ម៉ែត្រ បុរសនិងនារី ចំណុះ៥នាក់។ វិញ្ញាសាទូកកានូ C1 ២០០ម៉ែត្រ បុរស និងនារី ខណៈ វិញ្ញាសាទូកកាយ៉ាក់ មានវិញ្ញាសា ២០០ម៉ែត្រ បុរសនិងនារី។ រីឯទូករ៉ូអ៊ីង វិញ្ញាសា មាន ១០០០ម៉ែត្រ បុរស និងនារី៕
ប្រភព៖ THMEYTHMEY