UEFA បញ្ចេញបាល់ផ្លូវការ ខណៈពិធីចាប់ឆ្នោត League Phase នៃពាន UCL ធ្វើឡើងរាត្រីនេះ

(បរទេស)៖ សហព័ន្ធបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA បានបញ្ចេញរូបរាងបាល់ថ្មី ដើម្បីលេងពាន Champions League រដូវកាល ២០២៥-២៦ ស្របពេលពិធីចាប់ឆ្នោតវគ្គ League Phase នឹងធ្វើឡើងនារាត្រីថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហានេះ នៅប្រទេសម៉ូណាកូ។

ជាការកត់សម្គាល់ផងដែរ ស្កុតឡេនពុំមានក្រុមរបស់ខ្លួនចូលរួមលើកដំបូង គិតចាប់តាំងពីរដូវកាលឆ្នាំ២០២១-២២ មក ក៏ព្រោះតែក្រុមខ្លាំងប្រចាំប្រទេស Celtic និង Rangers បានហាលអាវដូចគ្នាត្រឹមវគ្គជម្រុះ។

ក្រុមមកពីលីគកំពូលស្កុតឡេន ចាំបាច់ត្រូវលេងជម្រុះ ក៏ព្រោះតែប្រទេសនៅអឺរ៉ុបមួយនេះ មិនស្ថិតក្នុងចំណោម Top 10 ក្នុងតារាងចំណាត់ថ្នាក់របស់ UEFA នាពេលថ្មីៗ នៅពេលដែលអង់គ្លេសមានរហូតដល់ទៅ ៦ក្រុមមកពី Premier League ចូលរួមច្រើនជាងគេ។

នេះក៏ជាលើកទី២ ផងដែរដែល UEFA Champions League លេងក្រោមទម្រង់ថ្មី បន្ទាប់ពីការបន្ថែមក្រុមពី ៣២ក្រុម ដល់ ៣៦ក្រុម។

ការប្រកួត League Phase នឹងចាប់ផ្តើមពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ រហូតដល់ផ្តាច់ព្រ័ត្រនាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ស្ថិតក្នុងកីឡដ្ឋាន Puskas Arena នាទីក្រុង Budapest ប្រទេសហុងគ្រី ដោយមានក្រុម Paris Saint Germain របស់បារាំង ជាម្ចាស់ការពារតំណែងជើងឯកលើកដំបូងរបស់ពួកគេ៕

ប្រភព៖ FRESHNEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top