ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុ២៣ឆ្នាំ ដាក់គោលដៅបង្កើតកំណត់ត្រាជាលើកដំបូងក្នុងការឡើងទៅជុំចុងក្រោយ ពានរង្វាន់អាស៊ីអាយុ២៣ឆ្នាំ AFC U23 Asian Cup ក្នុងនាមជាម្ចាស់ផ្ទះពូល G ចាប់ពីថ្ងៃទី ៣ ដល់ ទី៩ ខែកញ្ញា ឆ្នាំ ២០២៥។
លោក Koji Gyotoku គ្រូបង្វឹកជម្រើសជាតិកម្ពុជា បានដឹកនាំក្រុម U18 កម្ពុជា បានឡើងជុំចុងក្រោយជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនក្នុងពានរង្វាន់ AFF U-18 Youth Championship នៅប្រទេសអ៊ូបេគីស្ថាន ឆ្នាំ ២០២០ ប៉ុន្តែដោយសារវិបត្តិកូវីដ-១៩ ម្ចាស់ផ្ទះបានលុបចោលការប្រកួត។ ពេលនេះ គ្រូបង្វឹកសញ្ជាតិជប៉ុនដាក់គោលដៅធំទៀតតាមរយៈការសម្រិតសម្រាំងកីឡាករល្អៗតាមអ្វីដែលលោកចង់បាន។ លោកបានបញ្ជាក់ហើយថា ការជ្រើសរើសកីឡាករលើកនេះគឺល្អៗ និងពេញចិត្តតាមអ្វីដែលលោកចង់បានច្រើន។
លោកបានជ្រើសរើសខ្សែបម្រើសុទ្ធតែល្អៗមានដូចជា ជូ ស៊ីនទិ, ស៊ីន សុវណ្ណមករា, បុង សាំអូអែល និង ឈឿន ដាវីនជាដើម ប៉ុន្តែបើមើលតំបន់ប្រយុទ្ធវិញហាក់ដូចជានៅមានកម្រិត។ ក្លិបទាំងអស់នៃលីគបាល់ទាត់កំពូលកម្ពុជា បានប្រើប្រាស់ខ្សែប្រយុទ្ធបរទេសស្ទើរតែទាំងអស់។ បើខ្សែប្រយុទ្ធជាកីឡាករកម្ពុជាវិញក៏សុទ្ធតែលើសអាយុ២៣ឆ្នាំ។ ដូច្នេះខ្សែប្រយុទ្ធជម្រើសល្អបំផុតសម្រាប់លោក Koji Gyotoku គឺមានចំនួន ៧ នាក់ដែលមកពី ៧ ក្លិបផ្សេងគ្នា។
ក្នុងចំណោមកីឡាករទាំង ៧ នាក់នេះគឺមានកីឡាករខ្លះមិនសូវបានបង្ហាញខ្លួននៅក្នុងលីគទេ ប៉ុន្តែក៏មានកីឡាករខ្លះលេងបានច្រើននៅក្នុងលីគកម្ពុជាដើមរដូវកាលនេះ។ ខ្សែប្រយុទ្ធ ម៉ុន រ៉ាដូ របស់ក្លិប វិសាខា និង សុវណ្ណ ដូណា របស់ក្លិបព្រះខ័នរាជស្វាយរៀង មិនសូវបានលេងឡើយ។ ទោះបីជាយ៉ាងណា ចាន់វិបុល ដេវីត លេងបានច្រើន និងរកបាន ២ គ្រាប់ឲ្យ អង្គរថាយហ្គឺរ រដូវកាលនេះ។ ដូចគ្នានេះដែរ ខ្សែប្រយុទ្ធ វឿន វ៉ា ក៏រកបាន ២ គ្រាប់ឲ្យ អឹមអូអាយ កំពង់ដេវ៉ា សម្រាប់ការបង្ហាញខ្លួនគ្រប់ការប្រកួតនៅរដូវកាលនេះ។
៣នាក់ទៀត គឺខ្សែប្រយុទ្ធ សំអុល ទីណា របស់ អាយអេសអាយ ដង្កោសែនជ័យ កីឡាករ ឃាន់ សុបិន្ត របស់ បឹងកេត និងកីឡាករ យ៉ែម ដេវីត របស់ ភ្នំពេញក្រោន ក៏លេងបានច្រើនគួរសមដែរឲ្យក្លិបនៅក្នុងលីគដែរ ប៉ុន្តែមិនទាន់លេចធ្លោគួរឲ្យចាប់អារម្មណ៍ឡោះ។
បន្ថែមលើខ្សែប្រយុទ្ធ លោក Koji Gyotoku អាចនឹងប្រើប្រាស់កីឡាករខ្សែបម្រើខ្លះដើម្បីឲ្យលេងលេងនៅតំបន់ប្រយុទ្ធដូចជាកីឡាករ ខន ណារ៉ុង ដែលកំពុងលេចធ្លោនៅក្លិប កងយោធពលខេមរភូមិន្ទ កីឡាករ សំ បូរិទ្ធ ក៏ធ្វើបានល្អនៅ ភ្នំពេញក្រោន ព្រមទាំងខ្សែបម្រើមួយចំនួនទៀត។ តាមរយៈការប្រកួតអន្តរជាតិកន្លងមករបស់ ក្រុមយុវជនជម្រើសជាតិកម្ពុជាគឺ តំបន់ការពារ និងប្រយុទ្ធមានចំណុចខ្វះខាតច្រើន ប៉ុន្តែល្អនៅតំបន់បម្រើកណ្តាល៕
កម្មវិធីប្រកួត
- កម្ពុជា vs អូម៉ង់ ថ្ងៃទី៣ កញ្ញា
- កម្ពុជា vs ប៉ាគីស្ថាន ថ្ងៃទី៦ កញ្ញា
- កម្ពុជា vs អ៉ីរ៉ាក់ ថ្ងៃទី៩ កញ្ញា
- កីឡាករ ម៉ុន រ៉ាដូ អាយុ ២១ ឆ្នាំ មកពីក្លិប វិសាខា
- កីឡាករ សំអុល ទីណា អាយុ ២២ ឆ្នាំ មកពីក្លិប អាយអេសអាយ ដង្កោសែនជ័យ
- កីឡាករ ចាន់វិបុល ដេវីត អាយុ ២១ ឆ្នាំ មកពីក្លិប អង្គរថាយហ្គឺរ
- កីឡាករ ឃាន់ សុបិន្ត អាយុ ២០ ឆ្នាំ មកពីក្លិប បឹងកេត
- កីឡាករ សុវណ្ណ ដូណា អាយុ ២១ ឆ្នាំ មកពីក្លិប ព្រះខ័នរាជស្វាយរៀង
- កីឡាករ យ៉ែម ដេវីត អាយុ ២១ ឆ្នាំ មកពីក្លិប ភ្នំពេញក្រោន
- កីឡាករ វឿន វ៉ា អាយុ ២២ ឆ្នាំ មកពីក្លិប អឹមអូអាយ កំពង់ដេវ៉ា
ប្រភព៖ KAMPUCHEATHMEY