លីគបាល់ទាត់នារីកម្ពុជា និងលីគបាល់ទាត់ផ្នែកបុរស នឹងចាប់ផ្ដើមការប្រកួតឡើងវិញ នៅថ្ងៃទី១៣ និង១៤ ខែកញ្ញា ឆ្នាំ២០២៥។ លីគបាល់ទាត់ទាំង២ផ្នែក ត្រូវសម្រាក ដោយសារក្រុមជម្រើសជាតិ ត្រូវត្រៀមប្រកួតព្រឹត្តិការណ៍អន្ដរជាតិនានា (FIFA’s Day) និងការត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។
លីគនារីកម្ពុជា ត្រូវបានសម្រាកចាប់តាំងពីថ្ងៃទី២១ ខែកក្កដា រហូតដល់ថ្ងៃទី១២ កញ្ញា។ នៅថ្ងៃទី១៣ កញ្ញា ការប្រកួតសប្ដាហ៍ទី៥ នៃលីគនារី នឹងចាប់ដំណើរការឡើងវិញ។ ការសម្រាករយៈពេល ២ខែនេះ គឺដោយសារ កីឡាការិនីមកពីបណ្ដាក្លិប ដែលមានឈ្មោះប្រមូលផ្ដុំជាក្រុមជម្រើសជាតិ ត្រូវចូលរួមព្រឹត្តិការណ៍អន្ដរជាតិនានា ក្នុងនោះមាន AFC U-20 Women’s Asian Cup 2026 និង ពានរង្វាន់ ASEAN MSIG Serenity Cup។ ចំណែក កីឡាការិនីវ័យក្មេងមួយចំនួនទៀត មានភារកិច្ចត្រូវប្រឡងបាក់ឌុប ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨-២៩ សីហា ឆ្នាំ២០២៥។ អំឡុងពេលសម្រាក នេះក៏ជាពេលផ្ទេរកីឡាការិនី (Transfer Window) របស់លីគនារី។ ការដោះដូរកីឡាកីឡាការិនីនេះ គឺចាប់ពីថ្ងៃទី២៨ សីហា ឆ្នាំ២០២៥។
រីឯលីគបាល់ទាត់បុរស នឹងសម្រាកការប្រកួតនៅសប្តាហ៍នេះតទៅ ហើយនឹងចាប់ផ្ដើម ដូចគ្នាទៅនឹងកាលបរិច្ឆេទរបស់លីគនារី ដែរ។ ការសម្រាកនេះ គឺដោយសារជាថ្ងៃ FIFA’s Day ហើយក្រុមជម្រើសជាតិអាយុក្រោម ២៣ឆ្នាំកម្ពុជា នឹងត្រូវចូលរួមប្រកួតក្នុងពានរង្វាន់ AFC U-23 Asian Cup 2026 Qualifiers។
លីគបាល់ទាត់បុរស CPL បានបញ្ចប់ការប្រកួតសប្តាហ៍ទី៣ហើយ ដោយក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង រកបាន៩ពិន្ទុពេញ និងឈរកំពូលតារាង តាមពីក្រោយដោយ អង្គរថាយហ្គឺរ មាន៦ពិន្ទុ និងលេខ៣ កងយោធពលខេមរភូមិន្ទ មាន៥ពិន្ទុ។ សប្តាហ៍ទី៤ នឹងធ្វើនៅថ្ងៃទី១៣ ខែកញ្ញា៕
ប្រភព៖ THMEYTHMEY